ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស វិ​ឆ័​យ​ប៉ះ​រឿង សោ​ភ័​ណ្ឌ​ ក្នុង​ជំនួប​ដណ្ដើម​ប្រាក់​លាន​ ចុង​ស​ប្តា​ហ៍​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ វង្ស វិ​ឆ័​យមក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​រៀប​ចំ​​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ រឿងសោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ កីឡាករ វង្ស វិ​ឆ័​យមក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​រៀប​ចំ​​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ រឿងសោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នា​ថ្ងៃ​សៅរ៍​ទី​១១ ខែកក្កដា ដើម្បី​ដណ្ដើម​យក​ប្រាក់​លានពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ ។ នៅ​លើ​សង្វៀន​នេះ​ដែរ​កីឡាករ នឹម ន​ន មក​ពី​ក្លិប​កងទ័ព​ពិសេសឆត្រយោង​៩១១ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ។

នេះ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាករ វង្ស វិ​ឆ័​យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​កណ្ដាប់ដៃ​រន្ទះ រឿង សោ​ភ័​ណ្ឌ ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ប៉ះ​គ្នា​រវាង​គូ​នេះ អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​រង់ចាំ​មើល​យ៉ាង​អន្ទះសា​បំផុត ដោយសារ​គេ​ចង់​ដឹង​ថា​តើ វង្ស វិ​ឆ័​យ ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​យូរ​មក​ហើយ​នោះ អាច​តស៊ូ​ប្រកួត​ជាមួយ រឿង សោ​ភ័​ណ្ឌ​បាន​ដល់​ទឹក​ទី​៥​ឬ​ក៏​អត់ ?

គេ​នៅ​ចាំ​បាន​ថា កីឡាករ វង្ស វិ​ឆ័​យ ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែរ​កាលពី​ពី​មុន​តែ​ការ​បាត់​មុខ​ពីលើ​សង្វៀន​មួយ​រយៈ​មកនេះ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភាគច្រើន​ហាក់​មិនសូវ​ជា​មាន​ជំនឿ​ចិត្ត​លើ​វិ​ឆ័​យ​ប៉ុន្មាន​ទេ ។ ម្យ៉ាងវិញទៀត រឿង សោ​ភ័​ណ្ឌ មួយ​រយៈ​នេះ​កំពុង​ឡើង​កូដ​ខ្លាំង​ទៀត​ផង ដូច្នេះ វង្ស វិ​ឆ័​យ ប្រហែលជា​មាន​ជំនឿ​ចិត្ត​តិចតួច​បំផុត​ក្នុង​ការ​ប្រជែង​យក​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ ។

យ៉ាងណា​ក៏​ដោយ កុំ​អាល​ទាយ​ទុក​មុន​អី រង់​ចាំ​ការ​ប្រកួត​ជាក់ស្ដែង​សិន ព្រោះ​អី វិ​ឆ័​យ ក៏​ធ្លាប់​ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ ដូច្នេះ​គេ​ក៏​មិន​បណ្ដោយ​ឱ្យ រឿង សោ​ភ័​ណ្ឌ យកឈ្នះ​បាន​ដោយ​ងាយ​នោះ​ឡើយ ។

នៅ​មានការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​មួយគូ​ទៀត​ក្នុង​ការ​ដណ្ដើម​ប្រាក់​លាន​លើក​នេះ គឺ​កីឡាករ នឹម ន​ន និង​កីឡាករ សូត្រ វាសនា ។ តាម​ពិត​កីឡាករ នឹម ន​ន គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​មិនសូវ​មានមុខ​នៅ​លើ​សង្វៀន​ទៀត​ផង ។ ដូច្នេះ ជាមួយនឹង​ការ​បង្ហាញ​វត្ត​មាននៅ​លើ​សង្វៀន​លើក​នេះ​ពិបាក​ធ្វើការ​វាយតម្លៃ​ណាស់​ថា ថ្វីដៃ​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ល្អ​ដល់​កម្រិត​ណា​នោះ ។

ម្យ៉ាងវិញទៀត សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​មក​ប៉ះ​ចំ​អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​ឥត​ខ្ចោះ សូត្រ វាសនា ។ ចំណែក​លោកហង្ស ស៊ឺ​ន ដែល​ជា​គ្រូបង្ហាត់​កីឡាករ នឹម ន​ន បាន​អះអាង​ថា អាច​ស៊ីសង​ជាមួយ​គ្នា​បាន បើ​ទោះជា​សិស្ស​របស់​លោក​មិនសូវ​ពូកែ​ស្នៀត​កែង និង​ជង្គង់​មែន តែ​ចំពោះ​ស្នៀត​កណ្ដាប់ដៃ និង​ស្នៀត​ជង្គង់​វិញ​គឺ​មិន​អន់​ទេ រីឯ​កម្លាំង​វិញ​អាច​ប្រកួត​បាន​៥​ទឹក​ពេញ​តែ​ម្ដង ។ មិនតែប៉ុណ្ណោះ​លោក​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ប្រជែង​តំណែង​ប្រាក់​លាន សូត្រ វាសនា លើក​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ