កម្ពុជា សង្វៀន​គុន​ខ្មែរ រដូវ​កាល​ទី​៤​ចាប់ផ្ដើម​នៅ​ចុង​ស​ប្ដា​ហ៍​នេះ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​ប្រដាល់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​រដូវ​កាល​ទី​៣​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​នោះ ឥឡូវនេះ​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​រដូវ​កាល​ទី​៤​ជា​បន្ត​ទៀត ហើយ​សមាសភាព​ចូលរួម​ប្រកួត​មាន​ចំនួន​៨​រូប​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុងពិភព​ប្រដាល់ ។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ប្រដាល់​ដែល​មាន​ឈ្មោះ​ថា «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» រដូវ​កាល​ទី​៤​នេះ នឹង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត ព្រោះថា​កីឡាករ​ដែល​មក​ប្រកួត​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប ។ ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ​។

ក្នុង​ចំណោម​កីឡាករ​ទាំង​៨​រូប​ដែល​ត្រូវ​ឡើង​មក​ប្រកួត​ក្នុង​វគ្គ​ទី​១​នេះ​រួម​មាន កីឡាករ វ៉ែន ហុង​ជី​វ៉ុ​ង កីឡាករ​ផា​ន រះ កីឡាករ ឡុ​ង បេន លឿន កីឡាករ ឈាន ហុង កីឡាករ គង់ សំបូរ កីឡាករ លន បញ្ញា កីឡាករ​ខាំ សាបាន និង​កីឡាករ អ៊ុ​ង កំសត់ ។ ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​យក​តែ​៤​នាក់​ប៉ុណ្ណោះ​សម្រាប់​បន្ត​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​វគ្គ​ទី​១ មុន​នឹង​បន្ត​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​យក​រង្វាន់​ធំ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៦​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដំបូង​នៅ​ថ្ងៃ​ទី​១១ កក្កដា ខាង​មុខ​នេះ កីឡាករ ឡុ​ង បេន​លឿន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​វ៉ែន ហុង​ជី​វ៉ុ​ង និង​កីឡាករ អ៊ុ​ង កំសត់ ត្រូវ​ជួប​ជាមួយ​កីឡាករ​ឈាន ហុង​។

គួរ​រំលឹក​ផង​ដែរ​ថា សម្រាប់​ការ​ប្រកួត​រដូវ​កាល​ទី​៣​ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ម្ចាស់​ជើងឯក​បាន​ទៅ​លើ​កីឡាករ ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​គេ​យកឈ្នះ​ឈុត សេរី​វ៉ា​ន់​ថង​ដោយ​ពិន្ទុ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ