រាជធានីភ្នំពេញ ៖ ក្នុងខណៈមេរោគផ្លូវដង្ហើមប្រភេទថ្មីនៅតែរាតត្បាតពិភពលោកកម្ពុជាក៏ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់នោះ ប្រភេទកីឡាជាច្រើនត្រូវបានអនុញ្ញាតឲ្យប្រមូលផ្ដុំហ្វឹកហាត់ត់វិញហើយ តែអ្វីៗត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ចំពោះប្រភេទកីឡាអុកចត្រង្គនៅមិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់ជាថ្មីនៅឡើយទេ គឺគ្រាន់តែជួបគ្នានៅតាមហាងកាហ្វេដើម្បីលេងកម្សាន្ដ និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកតែប៉ុណ្ណោះ ។ ចំពោះការប្រកួតនានាក៏សហព័ន្ធនៅមិនទាន់បានគិតគូរនៅឡើយដែរ ដោយសារតែការប្រមូលផ្ដុំគ្នានៅមិនទាន់មានការអនុញ្ញាត ។

ប្រភេទកីឡាអុកចត្រង្គនេះ កម្ពុជាមានសក្ដានុពលខ្លាំងណាស់ ជាក់ស្ដែងកម្ពុជាត្រៀមបញ្ជូនគ្រូឲ្យចេញទៅបង្ហាត់ដល់បណ្ដាប្រទេសជិតខាងពីរបៀបលេង បទបញ្ជានៃការប្រកួត ការកំណត់របៀបចាញ់-ឈ្នះ និងពេលវេលាប្រកួតជាដើម ។ សូមបញ្ជាក់ថា នៅស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ កម្ពុជានឹងដាក់ប្រភេទកីឡាអុកចត្រង្គទៅក្នុងកម្មវិធីប្រកួត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថាសព្វថ្ងៃនេះមានប្រទេស៤ឬ៥ហើយដែលគាំទ្រកីឡាអុកចត្រង្គកម្ពុជា និងគាំទ្រកម្ពុជាក្នុងការដាក់ប្រភេទកីឡានេះនៅស៊ីហ្គេមឆ្នាំ២០២៣ទៀតផង ។ ដោយសារតែមានការគាំទ្របែបនេះហើយ កម្ពុជាត្រូវតែរៀបចំឲ្យបានឆាប់នូវបទបញ្ជាប្រកួត បច្ចេកទេសនៃការប្រកួត និងបញ្ជូនគ្រូទៅបង្ហាត់ដល់ប្រទេសដែលគាំទ្រទាំងនោះ ។ លោកមានជំនឿចិត្តថា ប្រភេទកីឡានេះកម្ពុជានឹងប្រជែងបានមេដាយ ដូច្នេះសាមីសហព័ន្ធត្រូវតែធ្វើការងារខាងលើនេះឲ្យបានឆាប់រហ័សជាទីបំផុត ។

លោក គ្រួច ចន្ថារិទ្ធ គ្រូបង្វឹកជម្រើសជាតិបាននិយាយឲ្យដឹងថា សព្វថ្ងៃកីឡាអុកចត្រង្គកម្ពុជាមានកីឡាករជម្រើសជាតិចំនួន៦រូបកីឡាការិនីជម្រើសជាតិមិនទាន់មាននៅឡើយទេតែសម្រាប់ថ្ងៃអនាគតសហព័ន្ធនឹងបង្កើតកីឡាការិនីជម្រើសជាតិឲ្យខាងតែបាន ។ សព្វថ្ងៃនេះពួកគេមិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់នៅឡើយរីឯការប្រកួតនានាក៏មិនទាន់មានគម្រោងនៅឡើយដែរ បានត្រឹមជួបគ្នាប្រកួតលេងជាធម្មតាប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ