ការផ្ទុះជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់ទីផ្សារការងារជុំវិញពិភពលោក ហើយប្រទេសជាច្រើនដែលរួមមានសហរដ្ឋអាមេរិកផងដែរ បានមើលឃើញអត្រាមនុស្សគ្មានការងារធ្វើកើនឡើងយ៉ាងខ្ពស់ ។

ការផ្លាស់ប្តូរនេះបានផ្តល់អាទិភាពទៅលើក្រុមហ៊ុនទៅវិញខណៈដែលមានបេក្ខជនជាច្រើនកំពុងរកការងារនាពេលនេះ ។ ប៉ុន្តែអ្នកដែលកំពុងរកការងារធ្វើនៅតែអាចឈានមុខអ្នកដទៃដដែលប្រសិនបើអ្នកអាចជៀសវាងកំហុសឆ្គងសំខាន់មួយពេលសម្ភាសន៍ដែលយោងតាមលោក រ៉ាមីត សេធី (Ramit Sethi) ដែលជាគ្រូបង្វឹកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន ។
សេដ្ឋីខាងលើនេះបាននិយាយថា «អ្វីដែលបេក្ខជនធ្វើពេលដែលពួកគេប្រឈមមុខនឹងការសម្ភាសន៍ការងារគឺការទៅសម្ភាសន៍ដើម្បីចង់បានការងារ ។ អ្នកដែលមានសមត្ថភាពខ្ពស់ដឹងថា ពួកគេកំពុងតែវិភាគក្រុមហ៊ុនដូចដែលក្រុមហ៊ុននោះកំពុងតែវិភាគពួកគេដែរ» ។
លើសនេះទៅទៀត សម្រាប់អ្នកដែលបានផ្ញើប្រវត្តិរូបសង្ខេបទៅក្រុមហ៊ុនជាច្រើន វាប្រហែលជាមិនអាចជួយអ្នកទេព្រោះក្រុមហ៊ុនជាច្រើនតែងតែបោះប្រវត្តិរូបដែលមិនមានការបកស្រាយច្បាស់លាស់ពីអ្វីដែលពួកគេចង់បាន ។ ដូច្នេះអ្នកត្រូវតែផ្តោតស្មារតីលើការសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកឲ្យស្របទៅនឹងអ្វីដែលកន្លែងការងារនីមួយៗចង់បានច្រើនជាងមានប្រវិត្តិរូបមួយដែលអ្នកប្រើសម្រាប់គ្រប់កន្លែង ។
ខាងក្រោម គឺជាគន្លឺះមួយចំនួនដែលអ្នកអាចសាកល្បងបាន ៖
ជាដំបូង អ្នកត្រូវតែដឹងច្បាស់សិនថាការងារ និងក្រុមហ៊ុនដ៏ល្អបំផុតសម្រាប់អ្នកមានរូបរាងយ៉ាងដូចម្តេច? គ្រាន់តែចង់ធ្វើការក្នុងវិស័យណាមួយគឺមិនគ្រប់គ្រាន់ទេ អ្នកគួរតែព្យាយាមគិតពីកិច្ចការងារ ទំហំក្រុមហ៊ុន និងវប្បធម៌ការងារក្នុងក្រុមហ៊ុនដែលអ្នកចូលចិត្តជាដើម ។ បន្ទាប់មកអ្នកត្រូវស្រាវជ្រាវដើម្បីរកឱកាសការងារដែលស័ក្តិសមនឹងអ្នកជាងគេ ។
ទីពីរ អ្នកគួរតែព្យាយាមទាក់ទងទៅមនុស្សដែលធ្វើការក្នុងនោះដើម្បីរៀនសូត្របន្ថែមពីការងារដែលអ្នកចាប់អារម្មណ៍ ។
ទីបី អ្នកត្រូវសរសេរប្រវត្តិរូបសង្ខេបរបស់អ្នកឲ្យស្របទៅនឹងតួនាទីដែលអ្នកចាប់អារម្មណ៍ និងព្យាយាមផ្តោតសំខាន់លើលទ្ធផលដែលអ្នកបានសម្រេច ព្រោះអ្នកអាចបកស្រាយពីដំណើរការដែលអ្នកសម្រេចវាពេលសម្ភាសន៍បាន ។
ចុងក្រោយ អ្នកគួរតែព្យាយាមរកឈ្មោះនាយកប្រតិបត្តិដើម្បីសិក្សាបន្ថែមពីអត្តចរិត និងត្រៀមខ្លួនសម្រាប់សំណួរដែលអាចនឹងត្រូវបានលើកឡើងពេលសម្ភាសន៍ ៕
ចែករំលែកព័តមាននេះ