រាជធានីភ្នំពេញ ៖ ការគ្រប់គ្រង និងទំនាក់ទំនងបានល្អក្នុងក្រុមហ៊ុនមួយរវាងមេ និងកូនចៅពិតជាសំខាន់ក៏ព្រោះថា ជាធម្មតាដូចយើងដឹងស្រាប់ហើយថា ការបើកក្រុមហ៊ុនមួយមិនត្រឹមតែត្រូវការទុនទេ គឺត្រូវការការខិតខំប្រឹងប្រែងពីធ្វើការពីបុគ្គលិកតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ។

ត្រង់នេះមានន័យថា ថៅកែ ពឹងកូនចៅ ហើយកូនក៏ត្រូវពឹងលើថៅកែដែរ ។ ដូចបានលើកឡើងថ្មីៗនេះថា សម័យនេះការគ្រប់គ្រង និងការទំនាក់ទំនងរវាងថៅកែ ឬមេ ជាមួយកូនចៅត្រូវបានផ្លាស់ប្តូរច្រើនណាស់ ។ ភាគច្រើននៃក្រុមហ៊ុនបានចាប់យកការគ្រប់គ្រង និងដឹកនាំតាមបែបស្មើភាពគ្នាមិនមានការរើសអើងរវាងកូនចៅនិងមេទេ ។

លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&L គ្រុបបានលើកឡើងថា មានមតិភាគច្រើនដែលលោកស្រីធ្លាប់បានលឺថា មានគំលាតរវាងអ្នកមាន និងអ្នកក្រ ឬថៅកែ និងកូនចៅ ជំនាន់ប្រមាណ២០ឆ្នាំមុន ។ លោកស្រី ហ្គេចលៀង និយាយថា «ខ្ញុំបានកត់សម្កាល់ឃើញថា អ្នកមាននៅក្នុងស្រុកយើងដែលក្នុងសម័យមុន គាត់មានការបែងចែក ឬរើសអើងបន្តិច ។ វាអាចជាការឈ្លក់ទឹកម៉ាស៊ីនមួយភ្លែត បន្ទាប់ពីមនុស្សជំនាន់ខ្ទង់ ២០ឆ្នាំផ្លាយនោះ ដោយអ្នកខ្លះទើបតែបានរួចផុតពីជំនាន់ប៉ុលពត ដូចនេះគាត់មានមួយប្រាវទៅធ្វើឱ្យពួកគាត់ភ្លេច ហើយធ្វើការបែងចែកឋានៈទៅវិញ (ក្នុងន័យថា ថៅកែមិនងាយនិយាយ និងមានទំនាក់ទំនងជាមួយកូនចៅទេ)» ។ ប៉ុន្តែបើក្រឡែកមើលអ្នកមានក្នុងពេលបច្ចុប្បន្ននេះវិញវាហាក់បីដូចជា បានផ្លាស់ប្តូរខ្លាំង កន្លែងខ្លះ បុគ្គលិក និងថៅជាពួកម៉ាកនឹងគ្នាទៀតផង ។ វាជាសម័យទំនើបនិយមមិនមានការរើសអើង អ្នកមាន និងអ្នកក្រខ្លាំងដូចមុនទេ អ្នកមានភាគច្រើនធ្វើការដាក់ខ្លួនជាងអ្នកមានសម័យមុន ។

លោកស្រីបានបន្តថា ភាគច្រើននៃអ្នកមានក្នុងសម័យបច្ចុប្បន្ននេះ គឺសុទ្ធតែធ្លាប់ជាអ្នកក្រ ឬអាចនិយាយបានថា កើតចេញពីជីវភាពក្រលំបាក ។ លោកស្រីបានបន្ថែមថា លោកស្រីពិតជាកោតសរសើរចំពោះក្មេងៗ ដែលហ៊ាន និងពូកែរកស៊ីក្នុងសម័យឌីជីថលនេះ ។ លោកស្រីបន្តថា ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ គឺមានឳកាសជាច្រើនកំពុងរង់ចាំយើង ។
ជាមួយគ្នានេះដែលមានក្រុមហ៊ុនមួយចំនួនបានចាប់យកវិធីដឹកនាំក្រុមហ៊ុនតាមបែបគ្រួសារ ដោយគិតថា វិធីសាស្ត្រនេះមានប្រសិទ្ធភាព និងធ្វើឱ្យដំណើរការក្រុមហ៊ុនដើរយ៉ាងរលូន ។ មានភាពវ័យក្មេង
លីម ហ៊ូង អគ្គនាយិកា ក្រុមហ៊ុន ហ្វឺស សឹលូសិន (ខេមបូឌា) កញ្ញាបានបង្កើតក្រុមមួយនេះបាន ៥ឆ្នាំហើយ។ កញ្ញាបាននិយាយថា ការធ្វើការកន្លងមកគាត់ដឹកនាំរបស់ក្រុមជាលក្ខណៈក្រុមគ្រួសារ មិនមែនជាថៅកែទេ មានន័យថាមិនប្រកាន់អ្នកណាមេឬកូនចៅឡើយ ។
កញ្ញា លីម ហ៊ូង បានបន្តថា «វាជាអត្ថប្រយោជន៍នៅពេលយើងធ្វើការរបៀបបែបស្មើភាពគ្នាព្រោះថា បើអោយបុគ្គលិក និងមេជួបគ្នាគ្រប់ពេលនោះ គឺអាចចែករំលែកនូវរឿងផ្សេងៗក្នុងការងារក្តី និងជារឿងផ្ទាល់ខ្លួនរបស់ពួកគាត់ក្តី ។ ប្រសិនបើយើងមានពេលវេលាសម្រាប់ស្តាប់រឿងពួកគាត់ហើយ តួនាទី ឬកម្រិតមុខងារក្នុងក្រុមហ៊ុន គួរតែទុកមួយឡែក» ។
ការបង្កើតព្រឹត្តិការណ៍ជាមួយគ្នាឱ្យកាន់តែច្រើន ដើម្បីធ្វើអោយមានការចងចាំកាន់តែច្រើនបង្កើតទំនាក់ទំនងរឹងមាំ និងការងារជាក្រុម ។ កញ្ញាបានឧទាហរណ៍ថា ៖ បង្កើតដំណើរកម្សាន្តសប្បុរសធម៌ ជាមួយបណ្តាញក្រុមហ៊ុនខាងក្នុង និងក្រៅដើម្បីប្រមូលផ្ដុំគ្នាស្រស់ស្រូបអាហារជាមួយគ្នានឹងមានពេលសប្បាយរីករាយជាមួយគ្នា ។
កញ្ញា លីម ហ៊ូង ក៏បានចែករំលែកនូវវិធីសាស្ត្រផ្សេងៗ ដើម្បីឱ្យមានការទំនាក់ទំនងល្អរវាងមេ និងកូនចៅដូចនេះថាម៉ោងសម្រាក ៖ សម្រាកពេលខ្លី ក្នុងពេលធ្វើការពេលព្រឹកក្តី និងពេលរសៀលក្តី គួរតែមានពេល ១៥ នាទីរៀងរាល់ថ្ងៃ សម្រាប់រីករាយជាមួយ តែ កាហ្វេ និងអាហារសម្រន់ជាមួយគ្នានេះ គឺដើម្បីផ្តល់ឱកាសក្នុងការបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុន និងបុគ្គលិក ។
កញ្ញា លីម ហ៊ូង បានបន្ថែមថា «មេ ឬម្ចាស់ក្រុមហ៊ុន គួរផ្តល់ពេលវេលាសម្រាប់ពួកគេ ដើម្បីចែករំលែកអត្ថប្រយោជន៍ផ្សេងៗ និងអ្វីជាចម្បងសម្រាប់ការកែលម្អរបៀបរស់នៅសង្គមរបស់បុគ្គលិក ។ ឧទាហរណ៍ថា ការចែករំលែកព័ត៌មានអំពីផ្សារទំនើបអ៊ីអន ការលក់ទំនិញពាក់កណ្តាលឆ្នាំ ការផ្សព្វផ្សាយ ស្ថាប័នអប់រំជិតបើកទ្វារវិញនៅខែសីហានេះ បន្ទាប់ពីការផ្ទុះឡើងនៃ Covid ផ្តល់ចំណីដល់សត្វចិញ្ចឹម និងរុក្ខជាតិនៅការិយាល័យ ។ ឧទាហរណ៍ ចិញ្ចឹមសត្វ ត្រីឬសត្វផ្សេងៗទៀត ដាំរុក្ខជាតិតូចៗ នៅខាងក្នុង និងក្រៅដូច្នេះពួកគេអាចរីករាយនឹងមើលវាក្នុងអំឡុងពេលសម្រាកតែ ឬឡើងប្រធានបទ ដើម្បីជជែកលេងជាមួយគ្នា ។ វាគឺ ដើម្បីបង្កើនការស្រឡាញ់ដល់បរិស្ថានការចិញ្ចឹម និងបង្កើតរបស់របររួមគ្នានៅក្នុងការិយាល័យ បង្កើតការចងចាំជាមួយគ្នា ។
ដូចនេះ ក្រៅពីការងារដែលមានស្ត្រេស យើងមានអ្វីដែលត្រូវរីករាយ និងស្រលាញ់ជាមួយគ្នា»។ បុគ្គិលក្រុមហ៊ុនម្នាក់ បាននិយាយថា នៅក្នុងក្រុមហ៊ុនមិនមានការរើសអើងរវាង បុគ្គលិកនិងមេទេ បើទោះជាខ្ញុំជាមនុស្សស្រី ហើយមេខ្ញុំជាមនុស្សប្រុស តែបើខ្ញុំឆ្ងល់អ្វី ខ្ញុំទៅសួរគាត់។ ហើយគាត់ជាមនុស្សបើកចិត្តដែរ មេខ្ញុំចូលចិត្ត មានកម្មវិធីផ្សេងៗជាមួយ បុគ្គលិកណាស់។ ហើយបើក្រៅម៉ោងធ្វើការវិញ ពួកយើងដូចពួកម៉ាកនឹងគ្នា។
ចាន់ណាបានបន្ថែមថា «អ្នកដែល រើសអើងធ្វើការងារជាមួយតែអ្នកធំដូចគ្នានោះ ភាគច្រើន ច្រើនតែពិបាកក្នុងការទំនាក់ទំនងជាមួយបុគ្គលិក ភាពរើសអើងបែបនេះ វាអាចបង្ករការលំបាកដល់ថ្នាក់ក្រោម និងប៉ះពាល់ដល់ទំនាក់ទំនង ក្នុងក្រុមនិងក្រុមហ៊ុន ហើយក៏ជាគំរូមិនល្អដល់ថ្នាក់ក្រោមដែរ។ ព្រោះថា តាមពិតការងារខ្លះ គឺត្រូវធ្វើផ្ទាល់ជាមួយបុគ្គិល»៕
ចែករំលែកព័តមាននេះ