រាជធានីភ្នំពេញ ៖ យោងតាមការកំណត់របស់សហព័ន្ធប្រដាល់កម្ពុជា សហព័ន្ធកំណត់យកគ្រូបង្វឹកថ្នាក់ជាតិរដូវកាលថ្មីតែ២រូបប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំមុនៗយករហូតដល់ទៅ៥រូប ។ គ្រូបង្វឹក២នាក់ដែលបានជាប់ឈ្មោះជាថ្មី បានបង្ហាញនូវការតាំងចិត្តយ៉ាងខ្លាំងជាពិសេស បន្ទាប់ពីគ្រូបង្វឹកដែលធ្លាប់ឈរជើងរួមមាន លោក អេ ភូថង ជាដើម បានបាត់តំណែង ហើយត្រូវបានជំនួសដោយគ្រូបង្វឹកមួយរូបផ្សេង។

លោក ជា រិទ្ធ ដែលភាគច្រើនមហាជនមិនសូវស្គាល់ បានកាន់តំណែងនោះជាមួយលោក ឡុង សាលវ័ន្ត ដែលមានបទពិសោធន៍បង្វឹកកីឡាករជម្រើសជាតិជាច្រើនជំនាន់ ។ ការជ្រុះចេញរបស់លោក អេ ភូថង និងគ្រូបង្វឹក២រូបដែលសុទ្ធតែល្បីឈ្មោះ ត្រូវបានប្រធានសហព័ន្ធបង្ហើបថា គឺដោយសារតែខ្វះការទទួលខុសត្រូវ ស្របពេលដែលគោលការណ៍ថ្មីក៏ត្រូវកំណត់ឱ្យកាត់បន្ថយគ្រូបង្វឹកពី៥នាក់មកនៅតែ២នាក់ ហើយតម្រូវឱ្យជ្រើសយកតែគ្រូបង្វឹកដែលមានឆន្ទៈខ្ពស់ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានថ្លែងក្នុងពិធីបោះឆ្នោតជ្រើសរើសគ្រូបង្វឹក២រូបសម្រាប់បង្វឹកកីឡាករជម្រើសជាតិឆ្នាំនេះថា ប្រសិនបើយើងបង្ហាត់បង្រៀនកូនសិស្សមិនអស់ពីសមត្ថភាពនោះ មានន័យថា យើងកំពុងយកលុយដាក់មុខយើង ដោយមិនគិតពីគុណផលរបស់កីឡាករជម្រើសជាតិគុនខ្មែរដែលក្រសួងអប់រំ បានចាយលុយជាច្រើនលើ យើង ។ ក្នុងនាមគ្រូបង្វឹកត្រូវបំពេញតួនាទីទៅតាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាគឺហ្វឹកហាត់កីឡាករតាមកម្មវិធីជានិច្ច ។

លោកប្រធានសហព័ន្ធបន្ថែមថា កាលពីឆ្នាំកន្លងមក គ្រូបង្វឹកចាស់បានយកពេលវេលាក្រុម ជម្រើសជាតិទៅហ្វឹកហាត់ដល់កីឡាករនៅក្លិបរបស់ខ្លួនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ សម្រាប់ឆ្នាំនេះមិនអនុញ្ញាតឲ្យលោកគ្រូទាំង២រូបធ្វើបែបនេះឡើយ ។

ឆ្នាំនេះមានបេក្ខជនជាគ្រូបង្វឹកចំនួន៥រូបបានឈរឈ្មោះជាគ្រូជម្រើសជាតិរួមមាន អតីតគ្រូបង្វឹកឆ្នើមលោក អេ ភូថង លោកគ្រូ ជា រិទ្ធ លោក ឡុង សាលវ័ន្ត លោក អាត់ សារ៉ាត់ និង លោក ទេស សារិន ប៉ុន្តែតម្រូវការជ្រើសរើសតែ២រូប ប៉ុណ្ណោះ ដែលបានទៅលោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត ។ ចំពោះកីឡាករជម្រើសជាតិគុនខ្មែរវិញឆ្នាំនេះសហព័ន្ធទទួលបានការអនុញ្ញាតពីក្រសួងឲ្យមានកីឡាករចំនួន១៦នាក់ គឺក្រុមជម្រើសជាតិឈុតធំ៨នាក់ និងថ្នាលចំនួន៨នាក់ ។ ការកំណត់នេះ គឺយោងតាមការវាយតម្លៃរបស់ក្រសួង និងរបស់សហព័ន្ធ តែសម្រាប់គ្រូបង្វឹកដែលជ្រុះពីតំណង គឺប្រាប់មូលហេតុមិនខុសពីហ្នឹង ។

លោក ហង្ស ស៊ឺនលោក ធន់ សុភា និងឡៅ ស៊ីណាត បានប្រាប់ពីមូលហេតុស្រដៀងគ្នាថា ដោយសារតែពួកគាត់គ្មានពេលគ្រប់គ្រាន់សម្រាប់ក្រុមជម្រើសជាតិ ព្រោះពួកគាត់សុទ្ធតែនៅ ប្រចាំ និងគ្រប់គ្រងក្លិបរៀងៗខ្លួន ទើបពួកលោកសុំឱ្យជ្រើសអ្នកផ្សេងជំនួស ។
លោក ធន់ សុភា បញ្ជាក់ ថា លោកជាគ្រូបង្វឹក នៅក្លិបកងយោធពលខេមរភូមិន្ទ មានកីឡាករច្រើនណាស់ អ៊ីចឹង បើលោកចេញ មកធ្វើជាគ្រូជម្រើសជាតិនោះ គឺពិតជាប៉ះពាល់។

លោក អេ ភូថង ដែលបានជាប់ជាគ្រូជម្រើស ជាតិតាំងពីឆ្នាំ២០១៧ មកនោះ តាមរយៈការទទួលបានការគាំទ្រ ត្រឹម៤សំឡេង ឈរនៅ លេខរៀងទី៣ ផ្ទុយពីនេះ លោក ឡុង សាលវ័ន្ត
ដែលជាគ្រូជំនួយតាំងពីឆ្នាំ២០១៧មកដែរនោះ ត្រូវឡើងទៅធ្វើជាគ្រូបង្គោលនៅឆ្នាំនេះ ក្រោយ លោកទទួលបាន៧សំឡេង ខ្ពស់ជាងគេនោះក្នុងពេលលោក ជា រិទ្ធ ទទួលបាន ៥សំឡេង ជាប់ជាគ្រូជំនួយនៅឆ្នាំនេះ ។ លោកថា ខ្លួនក៏រវល់ដែរទើបសុំដកខ្លួន ខណៈដែលលោកក៏មិនចង់ធ្វើការចុងដៃចុងជើង។

យ៉ាងណាក៏ដោយនៅក្នុងការបោះឆ្នោតនោះគ្រូបង្វឹកជើងចាស់ហង្ស ស៊ឺន ព្រមទាំងគ្រូបង្វឹក ជើងថ្មី មានសមត្ថភាព ធន់ សុភា និងឡៅ ស៊ីណាត បានសម្រេចដកខ្លួនចេញពីការបោះឆ្នោតនោះ ខណៈលោក ទេស សារិន ដែលបាន ឈរឈ្មោះដែរនោះ ក៏មិនបានបង្ហាញវត្តមាន ឡើយ ។ ចំណែក លោក អាត់ សារ៉ាត់ (អាត់ សំរិទ្ធ) ទទួលបានការគាំទ្រ ២ សំឡេង គឺឈរនៅលេខរៀងទី៤ ក្រោយគេក្នុងចំណោមអ្នកឈរឈ្មោះនិងមានវត្តមានទាំង៤នាក់។
លោក ជា រិទ្ធ ដែលជាគ្រូជម្រើសជាតិថ្មី មិនសូវគេស្គាល់នោះបានថ្លែងបញ្ជាក់ថា លោកជាប្រធានក្លិបគុហារខេត្តសៀមរាប និងជាជំនួយការលោក តែម ម៉ឺន ទទួលបន្ទុកការងារទំនាក់ទំនងអន្តរជាតិជាយូរមកហើយ។
បន្ថែមពីលើនេះ លោកជាអាជ្ញាកណ្តាលធ្លាប់ជាប់ក្នុងកម្រិតស៊ីហ្គេមនៅហ្វីលីពីនកាលឆ្នាំ ២០១៩តែម្នាក់គត់របស់កម្ពុជាដែលមិនធ្លាប់បានជាប់សោះ ។ បន្ថែមលើនេះ លោកជា សាស្ត្រាចារ្យអក្សរសាស្ត្រអង់គ្លេស គឺជាធនធានមួយ ដែលសហព័ន្ធត្រូវការចាំបាច់ តែវិជ្ជាគុនរបស់ លោកនៅមានបទពិសោធខ្ចី ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានថ្លែងថា គ្រូបង្វឹកជម្រើស ជាតិ ដែលទទួលបានការទុកចិត្តពីសហព័ន្ធ ត្រូវ ទទួលខុសត្រូវតាមច្បាប់ និងលក្ខខណ្ឌរបស់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ដូចជាក្រសួង អប់រំ យុវជន និងកីឡា ដោយខិតខំយ៉ាងណា ឲ្យកីឡាករយើង ទទួលបានសមត្ថភាពល្អ ប្រកួតដណ្តើមបានជ័យជម្នះ ពីឆាកអន្តរជាតិ តាមគោលការណ៍របស់ថ្នាក់ដឹកនាំ។
លោក ជា រិទ្ធិ និង លោក ឡុង សាលវ័ន្តសុទ្ធតែតាំងចិត្តថា នឹងប្រឹងឱ្យអស់ពីសមត្ថភាព ដោយអះអាងថា នឹងមិនយកពេលវេលាដែលបង្វឹកកីឡាករជម្រើសជាតិ យកទៅធ្វើការងារផ្ទាល់ខ្លួន បង្កផលប៉ះពាល់ដល់សតិអារម្មណ៍របស់កីឡាករ និងសហព័ន្ធនោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ