នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ដើម្បីរក្សាគម្លាតសង្គម ធនាគារជាតិនៃកម្ពុជាបានបន្ថយចំនួនមន្ត្រីចូលរួមត្រឹម ១០៩រូប ដែលជាថ្នាក់ដឹកនាំ ថ្នាក់នាយកដ្ឋាន និងប្រធានសាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត។

សេដ្ឋកិច្ចពិភពលោកកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលជំងឺកូវីដ១៩ ហើយសេដ្ឋកិច្ចកម្ពុជាក៏បានទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ជាពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ វិធានការគាំទ្រចំពោះវិស័យដែលប៉ះពាល់និងប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវបានដាក់ជាបន្តបន្ទាប់ ដែលបានកាត់បន្ថយផលប៉ះពាល់និងរក្សានិរន្តរភាពនៃអាជីវកម្មនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថាមានអតិរេក ដោយសារលំហូរចូលគណនីហិរញ្ញវត្ថុនៅតែអាចផាត់ទាត់ការកើនឡើងឱនភាពគណនីចរន្តដែលបណ្តាលមកពីការធ្លាក់ចុះចំណូលពីទេសចរ និងប្រាក់បង្វែររបស់ពលករក្រៅប្រទេស។ ទុនបម្រុងអន្តរជាតិរក្សាបានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់ប្រមាណ ១០ខែ ខ្ពស់ជាងកម្រិតអប្បបរមាសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

អតិផរណារួមមានកម្រិតទាបក្នុងអត្រា ២,៥% ដោយសារការធ្លាក់ថ្លៃក្រុមទំនិញនិងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។ ជាមួយគ្នានេះ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិច។ រូបិយវត្ថុទូទៅ (M2) មានកំណើន ១១,៥% ទាបជាងកំណើនក្នុងគ្រាដូចគ្នាឆ្នាំមុន (២៣,៤%) ជាចម្បងបណ្តាលមកពីកំណើនទាបនៃប្រាក់បញ្ញើជារូបិយប័ណ្ណ (៧,២%) ដោយសារការថយចុះសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីជាប្រាក់បញ្ញើជារៀលបានបន្តកើនឡើងខ្ពស់ (៤១%) ក៏ដោយ។
ចំពោះការអនុវត្តគោលនយោបាយរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើនិងកម្ចីអនិវាសជនមកត្រឹម ៧% ដែលអាចផ្តល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ អត្រាការប្រាក់លើមូលបត្រអាចជួញដូរបាន (NCD) និងប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ក៏ត្រូវបានបន្ទាបចាប់ពីខែមីនាមក ដើម្បីបង្កើនកម្រិតសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ និងកាត់បន្ថយថ្លៃដើមលើប្រាក់កម្ចីជារៀល។ ការចេញផ្សាយ NCD ចារឹកជារៀលបានកើនឡើង ២៧,២% (៥,១ ទ្រីលានរៀល) និងជាដុល្លារអាមេរិកកើន ១១,៨% (១៣,៤ ប៊ីលានដុល្លារអាមេរិក)។ ចំណែកឯប្រតិបត្តិការ LPCO ត្រូវបានធ្វើឡើងចំនួន ១២លើក ដោយទំហំទឹកប្រាក់ដេញថ្លៃឈ្នះបានកើនឡើង ៥៦,៤% (២,៨ ទ្រីលានរៀល)។

វិស័យធនាគារបន្តមានវឌ្ឍនភាពប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្មគាំទ្រសកម្មភាពសេដ្ឋកិច្ច ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានកើនឡើង ១៧,៤% (ដល់ ២០៤% នៃផ.ស.ស.) ឥណទានកើន ១៩,៦% (១៣២% នៃផ.ស.ស.) ហើយប្រាក់បញ្ញើកើន ១២,៣% (១១៣% នៃផ.ស.ស.)។ ទន្ទឹមនេះ បណ្តាញប្រតិបត្តិការនិងសេវាហិរញ្ញវត្ថុត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់ ២.៤៦៥ ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន ៣.០៨១ គណនីប្រាក់បញ្ញើអតិថិជនកើនដល់ប្រមាណ ៨,២ លានគណនី និងគណនីឥណទានកើនដល់ ៣,២ លានគណនី។ ស្របពេលដែលហានិភ័យចំពោះសេដ្ឋកិច្ចបានកើនឡើង ការតាមដានហានិភ័យមកលើវិស័យធនាគារក៏ត្រូវបានពង្រឹងជាប្រចាំ បន្ថែមលើការត្រួតពិនិត្យផ្អែកលើហានិភ័យនិងទស្សនៈអនាគត។ វិធានការគាំទ្រក្នុងវិស័យធនាគារចំពោះផលប៉ះពាល់ពីជំងឺកូវីដ១៩ រួមមាន៖
i/- ការទម្លាក់អត្រាប្រាក់បម្រុងកាតព្វកិច្ចដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវរក្សានៅធនាគារជាតិនៃកម្ពុជា ក្រោយទទួលបានប្រាក់បញ្ញើអតិថិជននិងកម្ចីពីបរទេស
ii/- ការពន្យារការអនុវត្តការពង្រឹងទ្រនាប់ដើមទុនបន្ថែម និងការទទួលស្គាល់ប្រាក់ចំណេញក្នុងត្រីមាសក្នុងការគណនាដើមទុន និង
iii/- ការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដោយបានសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ជ្រាបការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជន ការផ្សព្វផ្សាយពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតាមមូលដ្ឋាន ការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងការអភិវឌ្ឍគម្រោងប្រព័ន្ធការពារប្រាក់បញ្ញើ ជាដើម។

ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ប្រព័ន្ធបាគងនិងប្រព័ន្ធរីថែលផេត្រូវបានដាក់ឱ្យដំណើរការបឋម ហើយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះ ស្តង់ដា QR កូដ កំពុងត្រូវបានអភិវឌ្ឍក្នុងគោលដៅសម្រួលដល់ការទូទាត់ឆ្លងគ្នារវាងគ្រឹះស្ថានផ្តល់សេវាទូទាត់និងការអនុវត្តគម្រោងភ្ជាប់ការទូទាត់ជាមួយប្រទេសក្នុងតំបន់។
ធនាគារជាតិនៃកម្ពុជាបានបន្តគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេស។ ការប្រើប្រាស់ប្រាក់រៀល បានកើនឡើងគួរឱ្យកត់សម្គាល់នាឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ដែលឆ្លុះបញ្ចាំងដោយកំណើនរូបិយវត្ថុក្នុងចរាចរណ៍ (៣៦,៤%) និងកំណើនសមាមាត្រឥណទានជារៀលដល់ ១៣% នៃឥណទានសរុប។ ស្របតាមគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្រដាសប្រាចាស់ ទក់ និងរហែក ត្រូវបានប្រមូល និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មី ដែលមានសោភ័ណភាពនិងគុណភាពខ្ពស់។
ជាមួយគ្នានេះ ការធ្វើសវនកម្មនិងអធិការកិច្ចត្រូវបានអនុវត្តជាប្រចាំ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ គុណភាពសេវាធនាគារកណ្តាល និងការគ្រប់គ្រងហានិភ័យនានា។ ធនធានមនុស្សត្រូវបានបន្តអភិវឌ្ឍជាអាទិភាព ដោយបច្ចុប្បន្ន មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជាមានចំនួន ១.៧០៨ នាក់ ជាមួយនឹងការពង្រឹងសមត្ថភាពជំនាញនិងឯកទេសកម្ម។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខាលើវិសោធនកម្មកិច្ចព្រមព្រៀងពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ដើម្បីពង្រឹងយន្តការបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុក្រោមក្របខ័ណ្ឌអាស៊ាន+៣ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់ និងបានបំពេញតួនាទីជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) ដោយជោគជ័យ។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការពហុភាគីនិងទ្វេភាគីផ្សេងទៀតក៏ត្រូវបានពង្រឹងជាប្រចាំផងដែរ។
ដោយឡែក អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) បានពង្រឹងកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់បុគ្គលរាយការណ៍ ព្រមទាំងផ្តល់អនុសាសន៍ជូនបុគ្គលរាយការណ៍ ដើម្បីឱ្យការរាយការណ៍មានគុណភាពកាន់តែប្រសើរ និងទាន់ពេលវេលា។ ស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានធ្វើបច្ចុប្បន្នកម្មនិងដាក់ឱ្យប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាពការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ លើសពីនេះ ស.ហ.ក បានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ក្នុងគោលដៅពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងរួមចំណែករក្សាសុវត្ថិភាពវិស័យហិរញ្ញវត្ថុកម្ពុជា។
យោងតាមការព្យាកររបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០អាចធ្លាក់ចុះដល់ -១,៩% ប៉ុន្តែអាចងើបឡើងមកវិញនៅឆ្នាំ២០២១ នៅអត្រា ៣,៥% ប្រសិនបើការរីករាលដាលនៃជំងឺកូវីដ១៩ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា ពិភពលោកនៅប្រឈមនឹងភាពមិនច្បាស់លាស់ខ្លាំងពាក់ព័ន្ធនឹងការទប់ស្កាត់នេះ។ នៅចំពោះមុខបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តវិធានការគាំទ្រតាមការចាំបាច់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច។ ដោយសហការ
ចែករំលែកព័តមាននេះ