រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន និស្សិត និងអ្នកស្រាវជ្រាវចូលរួមបង្កើត និងបណ្តុះធុរកិច្ចថ្មី (Startups) តាមនិន្នាការ និងសន្ទុះនៃភាពជឿនលឿនលើវិស័យបច្ចេកវិទ្យាឌីជីថលសំដៅដល់ការស្វែងរកនវានុវត្តន៍ ដើម្បីបង្កើតបានជាក្រុមហ៊ុនដែលមានសក្តានុពលលូតលាស់ឆាប់រហ័ស ស្របតាមបរិការណ៍របស់រាជរដ្ឋាភិបាលក្នុងការរៀបចំកសាងសេដ្ឋកិច្ចឌីជីថល ។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ។

មាត្រា២ នៃអនុក្រឹត្យខាងលើបានបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ហៅកាត់ថា «ម.ធ ត.» ឬហៅថា TECHO STARTUP CENTER (TSC) ដែលស្ថិតនៅក្រោមអាណាព្យាបាលបចេ្ចកទេសនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ «ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វ័យត ដែលត្រូវឆ្លុះបញ្ចាំងជាឧបសម្ព័ន្ធនៃថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ។

មាត្រា ៤ នៃអនុក្រឹត្យបានចែងនូវភារកិច្ចរបស់ «ម.ធ ត.» មានជាអាទិ៍៖ ១ – ជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ក្នុងការសិក្សាស្រាវជ្រាវនានាទាក់ទងនឹងធុរកិច្ចថ្មី និងសេដ្ឋកិច្ចនវានុវត្តន៍ និងផ្តល់ប្រឹក្សាលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើការអភិវឌ្ឍន៍ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ២ – បង្កើត បណ្តុះ និងប្រតិបត្តិការធុរកិច្ចថ្មីក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ៣- ផ្តល់សេវាបណ្តុះពន្លកអាជីវកម្ម និងពន្លឿនអាជីវកម្មតាមគោលការណ៍បណ្តុះធុរកិច្ចថ្មីនានាជាដើម ។ ដែលនេះ គឺជាការគាំទ្រធុរកិច្ចថ្មី និងកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឱ្យរឹងមាំ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងចំណោមយុទ្ធសាស្ត្រទាំងប្រាំនៅក្នុងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។

សូមបញ្ជាក់ថា «ម.ធ ត.» មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៥រូប ដែលក្នុងនោះមួយរូបជាប្រធាននិង ៤ រូបផ្សេងទៀតជាសមាជិករបស់ «ម.ធ ត.» ៕

ចែករំលែកព័តមាននេះ