រាជធានីភ្នំពេញ ៖ បើតាមអ្នកជំនាញខាងអចនទ្រព្យ និងជាទីប្រឹក្សាខាងសេដ្ឋកិច្ចនៅកម្ពុជាលោក ង៉ែត ជូ បាននិយាយថា សម័យនេះមានយុវជនជាច្រើនចង់ជោគជ័យ តាមរយៈការធ្វើខ្លួនសហគ្រិនវ័យក្មេង ។

យ៉ាងណាមិញ លោកបានបញ្ជាក់ថា «យើងត្រូវទទួលស្គាល់ថា មនុស្សទាំងអស់មិនអាចក្លាយខ្លួនជាសហគ្រិនបាននោះទេ ។ ម្យ៉ាងវិញទៀត បើទោះជាធ្វើការអោយគេក៏អាចជោគជ័យបានដែរ អោយតែមានស្មារតីសហគ្រិនពិតប្រាកដ» ។

ជាមួយគ្នានោះផងដែរលោក ង៉ែត ជូ បានផ្តល់នូវគំនិតខ្លះៗ ដែលអ្នកគួរធ្វើក្នុងនាមជាបុគ្គលិកដែលមានស្មារតីសហគ្រិន ៖ ១- ធ្វើជាបុគ្គលិកដែលមានគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវខ្ពស់ ៖ ស្ថាប័ន ឬក្រុមហ៊ុនមួយ មានការរីកចំរើនលុះត្រាតែមានគំនិតថ្មីៗ និងអនុវត្តគំនិតទាំងនោះប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល (effective and efficient) ។

ការចូលរួមផ្តល់នូវគំនិតផ្តួចផ្តើមដែលនាំអោយស្ថាប័នរីកចំរើននឹងទទួលបានការអោយតម្លៃពីសំណាក់និយោជក ហើយរឹតតែទទួលបានការអោយតម្លៃទៀតនោះគឺការទទួលខុសត្រូវក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ ។ ២- ចាត់ទុកខ្លួនអ្នកជាផលិតផលដែលត្រូវអភិវឌ្ឍជាប់ជានិច្ច ៖ បើទោះជាអ្នកចេញពីមហាវិទ្យាល័យមានសញ្ញាបត្រ័បរិញ្ញា២-៣ និងអនុបណ្ឌិតក៏មិនគ្រប់គ្រាន់ដែរ។

អ្នកត្រូវរៀននូវជំនាញខ្លីៗ និងសិក្សាស្រាវជ្រាវជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាពអោយត្រូវនឹងសម័យកាល និងសេចក្តីត្រូវការរបស់និយោជក ។ ពោល គឺត្រូវធ្វើខ្លួនជាទ្រព្យដ៏មានតម្លៃ ឬជាគ្រាប់ពេជ្រពិតប្រាកដសំរាប់និយោជក ។ ៣- ត្រូវចាត់ទុកមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ជាអតិថិជនផងដែរ ៖ មានបុគ្គលិកមួយចំនួនមិនមានភាពប៉ិនប្រសប់ក្នុងការបំពេញការងារជាក្រុមនោះទេ ហើយតែងមិនសូវមានភាពចុះសំរុងនឹងមិត្តរួមការងារ មិនចេះផ្តល់ឱកាសអោយបុគ្គលិកក្រោមបង្គាប់ ហើយខំប្រឹងតែយកចិត្តមេ (អ្នកគ្រប់គ្រងរបស់ខ្លួនផ្ទាល់) ។
នោះជាកំហុសឆ្គងធំមួយ ។
តាមពិតនៅពេលវាយតម្លៃការងារប្រចាំឆ្នាំម្តងៗ អ្នកគ្រប់គ្រងដែលឆ្លាតវៃតែងសុំយោបល់ពីអ្នកក្រោមបង្គាប់ និងមិត្តរួមការងារដទៃទៀត។ ត្រង់នេះហើយដែលថាមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ក៏ជាអតិថិជនរបស់អ្នកដែរ។ ដូច្នេះហើយអ្នកត្រូវមានភាពប៉ិនប្រសប់អាចធ្វើការចុះសំរុងជាមួយមនុស្សគ្រប់ប្រភេទ។ ត្រូវទទួលស្គាល់ថាមនុស្សទាំងអស់មានចរិតមិនដូចគ្នាទេ។ ៤) លក់ផលិតផលទៅអោយអតិថិជនដែលអោយតម្លៃលើសមត្ថភាពរបស់អ្នក និងហ៊ានចំណាយ៖ ប្រសិនបើធ្វើបានល្អដោយបំពេញនូវចំណុចទី១ ទី២ និងទី៣ខាងលើរួចហើយ ប៉ុន្តែនៅមិនទាន់ទទួលបានការទទួលស្គាល់ពីសមត្ថភាព និងអោយតម្លៃពីសំណាក់និយោជក (មិនទទួលបានការតំឡើងឋានៈ ឬប្រាក់ខែអោយសមនឹងសមត្ថភាព) អ្នកប្រហែលជាត្រូវពិចារណារិះរកវិធីលក់ផលិតផលរបស់អ្នកទៅអោយអតិថិជនថ្មីហើយ។
ពោលគឺត្រូវស្វែងរកការងារនៅស្ថាប័នឬក្រុមហ៊ុនថ្មីដែលអោយតម្លៃលើសមត្ថភាពរបស់អ្នក។ ពេលខ្លះ អ្នកមិនអាចបង្រៀនមាន់អោយអោយតម្លៃលើគ្រាប់ពេជ្រនោះទេ មាន់អោយតម្លៃតែលើគ្រាប់ស្រូវតែប៉ុណ្ណោះ។ ៥- ប្រើប្រាស់ប្រាក់ខែដែលរកបានដោយភាពឆ្លាតវៃ៖ ត្រូវចាត់ទុកប្រាក់ខែដែលរកបានដោយលំបាកជាពីរ គឺគ្រាប់បាយ និងគ្រាប់ពូជ។
គ្រាប់បាយ គឺចាយតែលើអ្វីដែលចាំបាច់សំរាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ គ្រាប់ពូជគឺយកទៅវិនិយោគបង្កើតជាទ្រព្យបន្ត។ ដើម្បីអោយមានប្រសិទ្ធិភាពខ្ពស់ ជាង៦០%នៃប្រាក់ខែដែលអ្នករកបានគួរតែប្រើជាគ្រាប់ពូជ។ ធ្វើដូច្នេះ អ្នកនឹងមានជីវភាពធូរធាក្នុងរយៈពេលចន្លោះ១០-១៥ឆ្នាំនៃជីវិតការងារជាបុគ្គលិកព្រោះទាំងរូបអ្នក និងប្រាក់ដែលអ្នករកបានសុទ្ធតែខំធ្វើការខ្លាំង។ ចូរចៀសវាងការខំធ្វើការខ្លាំងដើម្បីតែរកប្រាក់ ហើយប្រាក់មិនបានជួយធ្វើការបង្កើតប្រាក់បន្ត ៕
ចែករំលែកព័តមាននេះ