ប្រទេសអង់គ្លេស ៖ លោក Pep Guardiola ជឿជាក់ថាក្លិប Manchester City នឹងឈ្នះការប្តឹងឧទ្ធរណ៍របស់ពួកគេ ប្រឆាំងទៅនឹងការហាមឃាត់រយៈពេល ២ឆ្នាំមិនឱ្យចូលរួមការប្រកួតក្របខណ្ឌ Champions Leaegue និង Europa League។

បណ្តឹងឧទ្ធរណ៍របស់ក្លិប Man City ប្រឆាំងនឹងការហាមឃាត់នេះ ត្រូវបានបើកសវនាការកាលពីខែមុននៅឯតុលាការអាជ្ញាកណ្តាលកីឡា (CAS) ហើយការសម្រេចចិត្ត ត្រូវបានរំពឹងទុកនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

សូមរំលឹកថា អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានចេញសេចក្តីសម្រេចកាលពីខែកុម្ភះកន្លងទៅ ដោយចោទប្រកាន់ក្លិប Man City ថាប្រព្រឹត្តិល្មើសនឹងបទប្បញ្ញត្តិស្តីពីយុត្តិធម៌ហិរញ្ញវត្ថុ (FFP) ក្នុងការចាយលុយលើសចំនួនកំណត់ ដើម្បីដោះដូរកីឡាករ និងមិនបានសហការជាមួយការស៊ើបអង្កេតរបស់មន្ត្រីជំនាញ ដែលឈានដល់ការដាក់បំរាម និងពិន័យជាទឹកប្រាក់ចំនួន៣០លានអឺរ៉ូ (ជិត៣៤លានដុល្លារអាមេរិក) ។

លោក Pep Guardiola បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា «យើងបានត្រៀមខ្លួនរួចរាល់។ ហើយខ្ញុំមានទំនុកចិត្ត និងជឿជាក់ថា យើងនឹងត្រូវបានអនុញ្ញាតឱ្យលេងក្នុងពានរង្វាន់ Champions League វិញ»។

លោកបានបន្ថែមថា «នៅថ្ងៃទី១៣ ខែកក្កដា យើងនឹងដឹងអំពីដំណោះស្រាយ ហើយសង្ឃឹមថាសម្រាប់ក្លិប និងអ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនេះ នឹងព្យាយាមថែមទៀត ដើម្បីបន្តជួយក្លិបនេះ កាន់តែរីកចម្រើននៅឆ្នាំក្រោយ»។

សូមបញ្ជាក់ជូនថា ក្រុម Manchester City ទើបតែទទួលរងបរាជ័យកាលពីយប់មិញ ក្នុងការប្រកួតសប្តាហ៍ទី៣៣ នៃក្របខណ្ឌ Premier League ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Southampton ដោយលទ្ធផល ១-០ ៕ (ដកស្រង់ចេញពី៖ Reuters)

ចែករំលែកព័តមាននេះ