រឿងរ៉ាវ Messi ឈាន​ដល់​ប្រធាន​ក្លិប Barça ​ចេញ​មុខ​បកស្រាយ


ប្រទេស​អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​ចេញ​មក​បញ្ជាក់​ថា ប្រធាន​ក្រុម Lionel Messi នឹង​បញ្ចប់​អាជីព​របស់​ខ្លួន​ជាមួយ​ក្លិប​យក្ស​កា​តា​ឡាន់ និង​បាន​ច្រានចោល​ទាំងស្រុង​រាល់​ព័ត៌មាន​លើក​ឡើង​ថា កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ លែង​មាន​បំណង​បន្ត​កុងត្រា​ថ្មី នៅ​ពេល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គេ​ផុតកំណត់​នៅ​ឆ្នាំ​ក្រោយ​។

លោក Bartomeu បាន​ប្រាប់​បណ្តាញសារព័ត៌មាន​អេ​ស្ប៉ា​ញ Movistar ក្រោយ​ក្រុម​របស់​លោក​បាន​ផ្តួល​ក្រុម Villarreal លទ្ធផល ៤-១ កាលពី​យប់​ថ្ងៃអាទិត្យ​ក្នុង​ក្រប​ខណ្ឌ La Liga ថា​« Messi បាន​និយាយ​ប្រាប់​ខ្ញុំ​ថា គេ​នឹង​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​ជាមួយ​ក្រុម Barca» ។

គួរឱ្យដឹងថា រឿងរ៉ាវ​ឈាន​ដល់​ការ​បកស្រាយ​ខាងលើ បន្ទាប់​ពី​សារព័ត៌មានធំៗ​ទាំងក្នុង​ស្រុក និង​ជុំ​វិ​ញ​ពិភពលោក បាន​ធ្វើការ​ចុះ​ផ្សាយ​ថា ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​ខាងលើ​កំពុង​មិនត​សប្បាយចិត្ត​យ៉ាង​ខ្លាំង ​ពី​របៀបនៃការ​ដឹកនាំបច្ចុប្បន្ន ​របស់​គ្រូបង្វឹក​លោក Quique Setién​។ ហើយ​រូប​ក៏​គ្មាន​បំណង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប ព្រមទាំង​ត្រៀម​ដើរចេញ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​។

លោក Bartomeu ដែល​ឈាន​ដល់​វ័យ ៥៧​ឆ្នាំ​បាន​បន្ថែម​ទៀត «​ខ្ញុំ​នឹង​មិន​ពន្យល់​លំអិត​ទេ។ ពីព្រោះ​យើង​ផ្តោត​លើ​ការ​ប្រកួតប្រជែង ហើយ​យើង​កំពុង​ចរចា​ជាមួយ​កីឡាករ​ជា​ច្រើន។ ប៉ុន្តែ Messi បាន​ពន្យល់ប្រាប់​យើង​ថា គេ​ចង់​ស្នាក់​នៅ​បន្ត​ទៀត ហើយ​ដូច្នេះ​យើង​នឹង​រីករាយ​ជាមួយ​គេ​បាន​យូរ​ជាង​នេះ​»​។

សូសូម​បញ្ជាក់​ថា កិច្ចសន្យា​ចុង​ក្រោយ​របស់​កីឡាករ Lionel Messi ដែល​បាន​ចុះហត្ថលេខា​ជាមួយ​ក្លិប Barca គឺ​កើតឡើង​កាលពី​ឆ្នាំ​២០១៧ ហើយ​វា​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០២១ ខណៈ​បច្ចុប្បន្ន Barca​កំពុង​បន្ត​ចរចា​សម្រាប់​កុងត្រា​ថ្មី​ជាមួយ​តារា​ឆ្នើម​រូប​នេះ​៕ (​ដកស្រង់​ចេញពី​៖ Reuters)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ