ប្រទេសថៃ ៖ សកម្មភាពការប្រកួតប្រដាល់ក្នុងប្រទេសថៃ បានចាប់ផ្តើមឡើងវិញហើយកាលពីថ្ងៃសៅរ៍ ទី៤ ខែកក្កដាម្សិលមិញ បន្ទាប់ពីផ្អាកអស់ជាង ៣ខែដោយសារការរីករាលដាលនៃវីរុសកូវីដ១៩ ខណៈមានការធ្លាក់ចុះចំនួននៃការឆ្លងវីរុសនេះ។

បើទោះបីជាអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញ ប៉ុន្តែអ្នកគាំទ្រកីឡាដែលមានប្រជាប្រិយបំផុតក្នុងប្រទេសថៃមួយនេះ នឹងត្រូវតាមដានទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍។

ថ្នាក់ដឹកនាំផ្នែកកីឡាប្រដាល់ បានសាទរចំពោះការវិលត្រឡប់នេះ បន្ទាប់ពីការផ្អាករាល់សកម្មភាពប្រកួតទាំងអស់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រដាល់ និងអាជ្ញាកណ្តាលរាប់រយនាក់គ្មានការងារធ្វើ ហើយពួកគេរំពឹង និងសង្ឃឹមថា អ្នកទស្សនានឹងត្រូវបានអនុញ្ញាតឱ្យចូលរួមផ្ទាល់ក្នុងការប្រកួតម្តងទៀតនាពេលឆាប់ៗនេះ។

ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះចំនួនអ្នកឆ្លងវីរុសកូវីដ១៩ រដ្ឋាភិបាលថៃ បានសម្រេចបន្ធូរបន្ថយវិធានការមួយចំនួនជាច្រើន ដើម្បីព្យាយាមស្តារសេដ្ឋកិច្ច ដែលរងការរាតត្បាតយ៉ាងធ្ងន់ធ្ងរ ស្ទើរតែគ្រប់វិស័យទាំងអស់ ។

មិនទាន់មានការរាយការណ៍ថ្មី ពីការឆ្លងវីរុសកូវីដ១៩ក្នុងស្រុក ត្រូវបានរាយការណ៍អស់រយៈពេល ៤០ថ្ងៃ។ ប៉ុន្តែទោះយ៉ាងណាអាជ្ញាធរក៏នៅមិនទាន់ចេញច្បាប់ស្តីពីពេលវេលា ដែលអនុញ្ញាតឱ្យទស្សនិកជន អាចចូលទស្សនាផ្ទាល់បាននៅឡើយទេ។

លោក Viboon Jampa-nguern ប្រធានគណៈកម្មាធិការកីឡាប្រដាល់ថៃ បានមានប្រសាសន៍ថា «ថ្ងៃនេះគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់វិស័យកីឡាប្រដាល់របស់យើង។ វាបានជួយដល់អ្នកប្រដាល់ និងអាជ្ញាកណ្តាលឱ្យវិលត្រឡប់មករកការងារវិញ។ ពីព្រោះពួកគេមិនមានការងារទី២ ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេនោះទេ»។ (ដកស្រង់ចេញពី៖ Bangkok Post)

ចែករំលែកព័តមាននេះ