រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមប្រាក់លានពីក្រុមហ៊ុនខារ៉ាបាវនៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃទី៤ កក្កដា ខាងមុខនេះ សុទ្ធតែជាកីឡាករជើងខ្លាំងលំដាប់ជួរមុខនៅក្នុងពិភពប្រដាល់ ។ ឡៅ ចិត្រាមកពីក្លិបកងទ័ពពិសេសឆត្រយោង៩១១ ត្រូវជួបជាមួយយ៉េន ឌីណា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ចំណែកធន់ ចាន់តាក់ មកពីសមាគមកីឡាកងយោធពលខេមរភូមិន្ទ ត្រូវជួបជាមួយសេក គឹមរួន មកពីក្លិបមកុដរាជសីហ៍។
រវាងឡៅ ចិត្រា និងយ៉េន ឌីណា ទោះបីជាពួកគេធ្លាប់ឈានជើងឡើងសង្វៀនប្រកួតជាយូរឆ្នាំមកហើយក្ដី តែមិនធ្លាប់ជួបគ្នាពីមុនមកនោះទេ ទើបគេមិនអាចវាយតម្លៃទុកមុនថាអ្នកណានឹងក្លាយជាម្ចាស់ប្រាក់លាននោះទេ ។
ឡៅ ចិត្រាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលមានស្នៀតកែងនិងជង្គង់ល្អទោះបីចលនានៃការវាយចេញរបស់គេមិនសូវរហ័សរហួនក្ដី ។ សម្រាប់ការប្រកួតរបស់គេមួយរយៈមកនេះគឺឈ្នះច្រើនជាងចាញ់ ប៉ុន្តែលើកនេះគេមកប៉ះចំអ្នកលេងជើងរន្ទះយ៉េន ឌីណា ដែលទើបតែយកឈ្នះសួន ចាន់នីជើងខ្លាំងប្រចាំក្លិបបក្សីស្លាបដែកកាលពីសប្ដាហ៍មុនប្រហែលជាពិបាកបន្តិចហើយ ។
យ៉េន ឌីណា ស្នៀតជើងរបស់គេគ្មានគូប្រៀបនោះទេ បូករួមទាំងស្នៀតកណ្ដាប់ដៃដែលម៉ាត់ចេញមួយដៃៗមានកម្លាំងដូចរន្ទះទៀតផងនោះ ឡៅ ចិត្រា បើចង់យកឈ្នះរូបគេគឺមិនមែនជារឿងងាយស្រួលនោះឡើយ។
ចំណែកការប៉ះគ្នារវាងធន់ ចាន់តាក់ ជាមួយសេក គឹមរួន ក៏ស្ថិតក្នុងគូដណ្ដើមប្រាក់លាន
ផងដែរ ។ រវាងគូនេះសុទ្ធតែជាអ្នកប្រដាល់ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំដូចគ្នា ។ ធន់ ចាន់តាក់ ល្អទាំងស្នៀតដៃនិងស្នៀតជើង ចំណែកកម្លាំងស៊ុហ្វវិញក៏ខ្លាំងណាស់ដែរអាចតស៊ូប្រកួតបាន៥ទឹកពេញដោយមិនពិបាក ។
ទោះជាយ៉ាងនេះក្ដីក៏មិនអាចមើលស្រាលលើអ្នកប្រដាល់ចាស់វស្សា សេក គឹមរួនបានដែរ ។ អ្នកប្រដាល់ដែលមានមូលដ្ឋាននៅខេត្តសៀមរាបរូបនេះ ធ្លាប់ល្បីឈ្មោះយូរឆ្នាំមកហើយ ។
ជាក់ស្ដែងគេធ្លាប់កាច់បំបាក់អ្នកប្រដាល់ជើងខ្លាំងអស់ជាច្រើននាក់ ដូច្នេះការមកប៉ះជាមួយធន់ ចាន់តាក់ លើកនេះអត់មានអ្វីដែលត្រូវបារម្ភនោះទេ ។ ម្យ៉ាងវិញទៀតគេក៏មានជំនឿចិត្តច្រើនក្នុងការក្លាយជាម្ចាស់ប្រាក់លានលើកនេះដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ