រាជធានីភ្នំពេញ ៖ តាមផែនការមេរបស់សហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត កាន់តែជំរុញឱ្យមានការយកចិត្តទុកដាក់លើវិស័យហែលទឹក ដោយសហព័ន្ធបានទាំងចាត់ទុកថា កីឡាហែលទឹកគឺជាវិស័យមួយដែលកម្ពុជា ងាយនឹងមានឱកាសដណ្ដើមយកមេដាយលើឆាកអន្តរជាតិ ប្រសិនបើជំរុញ និងមានការត្រៀមទុកឱ្យល្អនោះផង ។ សហព័ន្ធបានទាំងកំណត់ថា អាងហែលទឹកនៅស្ដាតអូឡាំពិក គឺជាកន្លែងបណ្ដុះបណ្ដាល ដ៏សំខាន់នោះផង។
ការជំរុញដែលបានធ្វើឡើង គឺចាប់ផ្ដើមពីការបណ្តុះបណ្តាលជំនាញហែលទឹកកម្រិតមូលដ្ឋានដល់មន្ត្រី និងគ្រូបង្វឹកនៅតាមខេត្តដែលមានអាងហែលទឹក ដោយសហព័ន្ធអះអាងថា ការបណ្ដុះឯកទេសតាំងពីកម្រិតដំបូងនេះទៅ ទើបអាចឱ្យធនធានអ្នកហែលទឹកនៅកម្ពុជា មានសមត្ថភាពពេញកម្លាំងបាន ។ នេះជាយុទ្ធសាស្ត្រ ដែលសហព័ន្ធធ្វើឡើងដោយគេរំពឹងថា កីឡាហែលទឹកនឹងបង្កើនគ្រឹះកាន់តែរឹងមាំនៅក្នុងវិស័យមួយនេះ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានអះអាងថា ក្រោយពីសហព័ន្ធបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន ដល់មន្ត្រី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ នៅស្រុកកោះធំ លោកកត់សម្គាល់ថា អ្នកទទួលការបណ្ដុះបណ្ដាល កាន់តែយល់ដឹង ហើយក៏កាន់តែបំផុសទឹកចិត្តឱ្យមានអ្នកស្រឡាញ់កីឡាហែលទឹកខ្លាំងឡើង។
សហព័ន្ធប្រកាសថា នឹងបន្តប្រើយុទ្ធសាស្ត្រមួយនេះ នៅគ្រប់ខេត្តក្រុងសំខាន់ ដោយគម្រោងបន្ទាប់ គឺនឹងរៀបចំបើកនៅខេត្តបាត់ដំបង២វគ្គទៀត ដោយសារតែទីតាំងនៅក្នុងខេត្តនោះ មានអាងហែលទឹកស្រាប់ដែលមានស្ដង់ដារ ងាយស្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងគ្រូ និងកីឡាករ-កីឡាការិនី ។

យ៉ាងណាមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិកសហព័ន្ធបានជ្រើសយកអាងហែលទឹកនៅទីនោះ ជាកន្លែងហ្វឹកហាត់ និងបណ្ដុះបណ្ដាល ។ លោកថា អាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ គឺជាមូលដ្ឋានធំដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានអត្តពលិកឆ្នើមៗ ដោយសហព័ន្ធបានប្រើជាកន្លែងបណ្ដុះបណ្ដាលជាប្រចាំដល់មន្ត្រីជាង៥០នាក់ម្ដងៗយ៉ាងតិច ដែលពួកគាត់មួយចំនួនគឺចម្រាញ់មកពីបណ្តាខេត្តនានា។
លោកបន្តថា អ្នកឆ្លងកាត់វគ្គបណ្តុះបណ្តាលដូចជានៅស្រុកកោះធំមុននេះ ពួកគាត់នឹងបន្តជួយដល់គ្រូឲ្យមានជំនាញហែលទឹកច្បាស់លាស់ ដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្នុងស្រុកនេះ ឱ្យដើរតួជាអ្នកបង្វឹកបន្ត ។ លោកបញ្ជាក់ថា សហព័ន្ធក៏បានអនុវត្តឲ្យវគ្គគ្រឹះមួយនេះមាននៅខេត្តកំពង់ចាមផងដែរ ដោយអនុញ្ញាតឱ្យកីឡាករ បាន សុខហ៊ុយ ដែលបានជាប់ជាកីឡាករថ្នាលអស់រយពេល២ឆ្នាំហើយសព្វថ្ងៃនេះគណៈកម្មការសហព័ន្ធជ្រើសរើសកីឡាករខេត្តកំពង់ចាមរូបនេះក្លាយជាអ្នកបំពេញការងារបណ្ដុះបណ្ដាលជំនួសសហព័ន្ធ។

មិនខុសពីការលើកឡើងពីយុទ្ធសាស្ត្រខាងលើ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញហែលទឹកនៅកោះធំ គឺជាគំរូមួយសម្រាប់ការបណ្ដុះបណ្ដាលនៅខេត្តបន្តបន្ទាប់ ខណៈដែលគោលបំណងក្នុងការរៀបចំនេះ គឺចង់ឲ្យមានគ្រូនិងកីឡាករ-កីឡាការិនីជម្រើសជាតិចេញពីការបណ្ដុះនេះ ក្លាយជាកីឡាករឆ្នើម។
ផ្តើមចេញពីគោលការណ៍នេះ លោកប្រធានសហព័ន្ធ បានជំរុញលើកទឹកចិត្ត និងបំផុសចលនាយុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤ នៃស្រុកកោះធំ ឲ្យចូលរួមក្នុងវិស័យកីឡា ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់ អាចត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។
លោក ហែម គិរី បានបញ្ជាក់ទៀតថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទាក់ទងនឹងវិស័យកីឡានេះ រាជរដ្ឋាភិបាលក៏បានសាងសង់កន្លែងបាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់កីឡាករ-កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយរំពឹងថា កីឡាមួយ៥មុំនេះ នឹងមានសន្ទុះខ្លាំង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ