ប្តីលើកដៃប្រហារជីវិតប្រពន្ធ​ត្រូវតុលាការសម្រេចហើយ​


រាជធានី​ភ្នំពេញ ៖ លោក សុង ប៊ុ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ព័ន្ធ​អំពើ​ចាក់ប្រហារប្រពន្ធ ​បណ្តាល​ឱ្យបាត់បង់ជីវិត​។ គួររំលឹក​ថា ស្តាប់​សម្តី​ឃាតករ​ប្រាប់​ពី​មូលហេតុ​អ្វី ទើប​ដាច់​ចិត្ត​លើកដៃ​ប្រល័យ​សង្ខារ​ប្រពន្ធ (​វី​ដេ​អូ​)

ជនសង្ស័យ​ឈ្មោះ​សុខ លី​សម្បត្តិ ហៅ​វ៉េវ អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខ​ត្ត​កណ្ដាល ។ ជន​ត្រូវ​ចោទ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ ដែល​បាន​​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ដូនរ័ត្ន សង្កាត់​ឪឡឹក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ តាម​បញ្ញតិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​(​មណ្ឌល​អប់រំ​កែប្រែ​ទី​១) ។

សូម​​បញ្ជាក់​​​ថា ជនសង្ស័យ​បាន​ចាក់​ប្រពន្ធ​ខ្លួនឯង​ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នោះ រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ត្រូវ​បាន​នគរបាល​ខណ្ឌ​កំ​បូល បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ បន្ទាប់​ពី​ការ​កសាង​សំណុំរឿង​រួចរាល់ ។

នៅ​ពេល​សួរនាំ​ជន​ដៃដល់​រូប​នេះ​បាន​ប្រាប់​នគរបាល​ថា មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ខ្លួន​ដាច់​ចិត្ត​លើកដៃ​ចាក់​​ប្រហារ​ជីវិត​ប្រពន្ធ​ខ្លួនឯង រហូត​ដល់​​បាត់បង់ជីវិត​ដើម្បី​ជា​ការ​រំសាយកំហឹង​និង​ភាព​ក្ដៅក្រហាយ​ហ្មងសៅ​នៅ​ក្នុង​ចិត្ត​យ៉ាង​ពុះកញ្ជ្រោល​យូរ​មក​ហើយ​ ក្នុង​នោះ​ទី​១-​រយៈពេល​ជាង​៣​ខែ​កន្លង​មក​ហើយ​ដែល​ខ្លួន​និង​ប្រពន្ធ​ឈ្មោះ​លាង ផល្លា អាយុ​២៣​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ កាត់ដេរ​មាន​ទីលំនៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល មិន​បាន​ចុះ​ដំណេក​គ្នា​ទេ ទោះបីជា​ដេក​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​គ្នា​ពិតមែន ប៉ុន្តែ​ខ្លួន​មិន​អាច​ប៉ះពាល់​ខ្លួន​នាង​បាន​ទាល់តែ​សោះ ទី​២-ប្រពន្ធ​តែងតែ​លេង​ឆាត​ជាមួយ​ប្រុស​ផ្សេង​ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​សប្បាយចិត្ត​ឡើយ​ព្រោះ​សង្ស័យ​ថា​នាង​មាន​ស្នេហ៍​ថ្មី ​ទី​៣-ពេល​ដែល​ខ្លួន​យក​ទូរស័ព្ទ​នាង​មក​មើល​ប្រពន្ធ​បាន​និយាយ​ថា​«​បើ​អ្ហែង​ចង់​ប៉ះ​ទូរស័ព្ទ​របស់​អញ ចាំ​អ្ហែង​មាន​លុយ​ដូរ​របស់​ឲ្យ​អញ​សិន ចាំ​អញ​ឲ្យ​ប៉ះ ហើយ​អញ​អត់​ដាក់​លេខ​កូដ​ទេ​។

ជន​ដៃដល់​បាន​ប្រាប់​ទៀត​ថា ក្រោយ​ពី​ប្រពន្ធ​និយាយ​បែប​ប​នេះ ​នៅ​ថ្ងៃ​ទី​១​ខែមិថុនា ឆ្នាំ​២០២០ ខ្លួន​បាន​ទៅ​ខ្ចី​លុយ​ម្ដាយបង្កើត​ចំនួន​២០០​ដុល្លារ ប៉ុន្តែ​ពុំ​បាន​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ទើប​ម្ដាយ​ផ្ញើរ​លុយ​ឲ្យ​ហើយ​ខ្លួន​បាន​ដក ទើបយក​លុយ​នោះ​ទៅ​ឲ្យ​ប្រពន្ធ​ចំនួន​១៦០​ដុល្លារ ដើម្បី​ឲ្យ​នាង​ដូរ​ទូរស័ព្ទ​ ។​ ខណៈនោះ​ខ្លួន​បាន​បបួល​នាង​ថា​«​តោះ​ទៅ​ដូរ​ទូរស័ព្ទ​បាន​លុយ​ហើយ ប៉ុន្តែ​ប្រពន្ធ​បាន​ឆ្លើយ​ថា ថ្ងៃនេះ​ជាងគេ​អត់​បើក​ហាង​ទេ ចាំ​ថ្ងៃ​ច័ន្ទ​ថ្ងៃ​ពេល​ដែល​នាង​ទៅ​ធ្វើការ​ចាំ​នាង​ដូរ​ខ្លួនឯង​»​ រីឯ​ខ្លួន ក៏​យល់ព្រម​តាម​នឹង​ដែរ​។​លុះ​ស្អែក​ឡើង​ថ្ងៃ​ច័ន្ទ ក្រោយ​ពី​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ​ដល់​ផ្ទះ​ពេល​ល្ងាច ខ្លួន​ក៏​បាន​ឡើង​ទៅ​លើ​ផ្ទះ​សុំ​មើល​ទូរស័ព្ទ ហើយ​ឃើញ​ទូរស័ព្ទ​នៅ​ដដែល​លុយ​ក៏​អស់​ទៀត​។​

ជនសង្ស័យបានបន្ត​ថា ពេល​នោះ​ខ្លួន​បា​ន​សួរ​ថា​«​ទូរស័ព្ទ​និង​ដូរ​ឬ​អត់? បើ​ថា​ទូរស័ព្ទ​និង​អត់​ដូរ​ទេ​ឲ្យ​លុយ​មក​ខ្ញុំ​វិញ​មក​ខ្ញុំ​យក​ទៅ​ទុក ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​វិញ​ថា អញ អត់​បាន​យក​លុយ​អ្ហែង​ទេ សមត្ថភាព​អ្ហែង​ប៉ុណ្ណឹង​អ្ហែង​មាន​លុយ​ឲ្យ​អញ​ទាំង​រយ​ដែរ​ឬ?»​ ​។ ទី​៤-បន្ទាប់​មក​ខ្លួន បាន​ចុះពីលើផ្ទះ​វិញ​បបួល​ប្រពន្ធ​ស្បថ​ដោយ​ខ្លួន​និយាយ​ថា «​ហ៊ាន​ស្បថ​ជាមួយ​ខ្ញុំ​អត់ បើ​ថា​អត់​បាន​យក​លុយ​ខ្ញុំ? ចង់​ឲ្យ​ឡាន​បុក​ក៏​បាន ឬ​ក៏​រន្ទះបាញ់​ក៏​បាន​ដែរ រួច​ហើយ​ខ្លួន​បាន​រត់ ទៅ​យក​ធូប​មក​ស្បថ ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​ថា បើ​អញ​ស្បថ​ឲ្យ​ឪ​អ្ហែង​ងាប់ អញ​ស្បថ មិនតែប៉ុណ្ណោះ​ថែម​ទាំង​និយាយ​ទៀត​ថា​អ្ហែង​រស់នៅ​ជាមួយ​អញ​ដល់​ណា​ទៀត បើ​អញ​មិន​ដែល​ខ្វល់​ជាមួយ​អ្ហែង​ផង​​នឹង?»​។

ជន​នោះ​បាន​និ​យា​បន្ត​ទៀត​ថា សម្ដី​មាក់ងាយ​ពី​សំណាក់​ប្រពន្ធ​បែប​នេះ​ធ្វើ​ឲ្យ​ខ្លួន​ខឹង​ខ្លាំង​ណាស់ ហើយ​ក្រោយ​ពី​ការ​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ​ខ្លួន​ក៏​បានរ​ត់ទៅ​យក​កាំបិត​ត្នោត រួច​បាន​ចាក់​ទៅ​លើ​ប្រពន្ធ​១​កាំ​បិ​យ​ប៉ុណ្ណោះ​ខណៈ​ដែល​នាង​កំពុង​ឈរ​ហាល​សម្លៀក​បំពាក់ បណ្ដាល​ឲ្យ​នាង​ដួល​ដេក​។​បន្ទាប់​មក​ទៀត​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨​ព​ណ៍​ខ្មៅ​គេចខ្លួន​ទៅ​កាន់​ភូមិ​ពោធិ៍​តា​អ៊ុ​ន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ស្នាក់​នៅ​លាក់ខ្លួន​ផ្ទះ​អ្នក​ភូមិ​ជាមួយ​គ្នា​កាលពីមុន​ហើយ​ដែល​បាន​ទៅ​រស់នៅ​ខេត្តកំពង់ធំ​នោះ លុះ​ក្រោយមក​ក៏​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្ដង​។

សូម​​រំលឹក​​ផង​ដែរ​ថា ប្ដី​ប្រពន្ធ​១​គូ​នេះ​បាន​រៀប​ការ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០១៧ និង​បង្កើត​បានកូន​ប្រុស​ម្នាក់​អាយុ​ជាង​២​ខួប ហើយ​ជន​ដៃដល់​ជា​ប្ដី​បាន​ចាក់​​ផ្តាច់ជីវិត​ប្រពន្ធ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​

តាម​ក្រុម​គ្រួសារ​ខាង​ស្រី​បាន​ប្រាប់​ថា មូលហេតុ​បណ្ដាល​មក​ពី​ជន​នេះ​ប្រច័ណ្ឌ​ប្រពន្ធ​ហួសហេតុ​ពេក ដែល​សូ​ម្បី​តែ​នាង​ទៅ​បុណ្យ​ទាន ឬ​ចូលរួម​មង្គលការ​ណាមួយ​ក៏​មិន​បាន​ផង ​ប៉ុន្តែ​បើ​នៅ​ពេល​ដែល​នាង​ហ៊ាន​តែ​ធ្វើខ្លួន​ទៅ​ការ​ឬ​បុណ្យ​មិត្តភក្ដិ​ម្ដង​ៗ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​គឺ​ដឹង​តែ​មានរឿង​ហើយ​និង​ធ្លាប់​ជិះ​ម៉ូតូ​បំ​បុក​បណ្ដាល​ឲ្យ​ប្រពន្ធ​រង​របួស​ម្ដង​រួច​មក​ហើយ​ដែរ ក្រៅពី​នេះ​នាង​ត្រូវ​ប្ដី​កំណាច​វាយដំ​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង​។​

តាម​ប្រភពដដែលបានបន្ត​ថា មិនតែប៉ុណ្ណោះ​ ជន​នេះ​ត្រូវ​បាន​ជាប់​ឈ្មោះ​ថា​«​ពូកែ​ប្រច័ណ្ឌ​ប្រពន្ធ​ត​ពូជ​តែ​ម្ដង​» ព្រោះ​កាលពី​ឪពុក​របស់​គេ​ក៏​ជា​អ្នក​ប្រច័ណ្ឌ​ប្រពន្ធ​យ៉ាង​ងប់ងុល​គ្មាន​ហេតុផល រហូត​ដល់​ឈាន​ដល់​ការ​លែងលះ​បែកបាក់​គ្រួសារ​ដែរ ហើយ​មិន​នឹក​ស្មានថា​ជន​នេះ​បាន​យកតម្រាប់​តាម​ឪពុក​របស់​ពុក​របស់​ខ្លួន​ពូកែ​ប្រច័ណ្ឌ​ប្រពន្ធ​ដែរ ប៉ុន្តែ​ខុស​ត្រង់​ជន​នេះ​សាហាវ ឃោរឃៅ​ដាច់​ចិត្ត​លើកដៃ​ចាក់​​ប្រហារជីវិត​ប្រពន្ធ​បែប​នេះ ។ ​ហើយ​មុន​ពេល​​ផ្តាច់ជីវិត​ប្រពន្ធ​ ជននេះ​ក៏​បាន​បោះពាក្យ​សម្ដី​ថា មុន​និង​ខ្លួន​ចាក​ចេញពីផ្ទះ​ខ្លួន​ត្រូវ​​ផ្តាច់ជីវិត​ប្រពន្ធ​ឲ្យ​បាន​សិន​ថែម​ទៀត​ផង ហើយ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​កើតរឿង​បែប​នេះ​មែន​។

ក្រោយ​ពេល​កើតហេតុ​ជន​ដៃដល់​ខាងលើ​បាន​រត់គេច​ខ្លួន បាន​រយៈពេល​ត្រឹមតែ​៤​ថ្ងៃ​ប៉ុណ្ណោះ​ក៏ ត្រូវ​បាន​កម្លាំង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​និង​កម្លាំង​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ​និង​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​ពី​ទីកន្លែង​ដែល​ជន​កំណាច​រូប​នោះ​លាក់ខ្លួន​។​ បន្ទាប់​មក​កម្លាំង​ខាងលើ​ក៏​បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ធំ​ធ្វើការ​ចាប់ខ្លួន​បាន​ហើយ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ក្នុងភូមិ​ពោធិ៍​តា​អ៊ុ​ន សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ