Man City និង Bayern Munich ព្រមព្រៀង​គ្នា​លើ​ការ​ផ្ទេរ Leroy Sane


ប្រទេស​អង់គ្លេស ៖ ក្រុម Manchester City ត្រូវបានរាយការណ៍ថា បាន​ព្រមព្រៀង​រួចរាល់​ក្នុង​ការ​ផ្ទេរ​កីឡាករ Leroy Sane ឱ្យទៅ​កាន់​ក្លិប Bayern Munich នៃ​ក្រប​ខណ្ឌ Bundesliga ប្រទេស​អា​ល្លឺ​ម៉​ង់ ​។

បើទោះ​យ៉ាងណា​នៅ​មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការពីក្លិបទាំង២​នៅឡើយទេ ជុំវិញ​ការ​ផ្ទេរ​នេះ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ពី BBC និង Sky Sports បានឱ្យ​ដឹង​ថា ខ្សែបម្រើ​អន្តរជាតិ​អា​ល្លឺ​ម៉​ង់​រូប​នេះ នឹង​ចូលរួម​ជាមួយ​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Bundesliga នៅក្នុង​តម្លៃ​​ប្រហែល ៤៤,៧​លាន​ផោន​ជាមួយនឹងការ​បន្ថែម ១០​លាន​ផោន​ទៀត​នៅ​ពេល​ក្រោយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀតថា Sane នឹង​ចុះ​កុងត្រា​រយៈពេល ៥​ឆ្នាំ​ជាមួយក្រុម Bayern Munich ដែល​នឹងធ្វើ​ឱ្យ​គេ​ទទួល​បាន​ថ្លៃនឿយហត់​ចំនួន ២០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ។

ដោយសារបញ្ហា​របួស​បាន​ធ្វើ​ឱ្យ Leroy Sane ដែល​នឹងផុតកុងត្រា​ជាមួយ​ក្រុម​មេឃ​ខៀវ​នៅ​បញ្ចប់​រដូវ​កាល​នេះ បង្ហាញខ្លួន​បាន​ត្រឹមតែ ១​ប្រកួត និង​លេង​បាន​ត្រឹមតែ ១១​នាទី​ប៉ុណ្ណោះ​ក្នុង​នាម​ជា​កីឡាករ​បម្រុង កាលពី​ជំនួប​ដែល Man City យក​ឈ្នះលើក្រុម Burnley កាលពី​ថ្ងៃ​ចន្ទកន្លងទៅ​។

សូមរំលឹក​ថា ​ម្ចាស់​អាវ​លេខ​១៩ វ័យ ២៤ឆ្នាំ​រូប​នេះ បាន​ចូលរួម​ជាមួយ​ក្លិប Man City ក្រោយ​ផ្ទេរ​ពី​ក្លិប Schalke កាលពី​ឆ្នាំ​២០១៦ ក្នុង​តម្លៃ ៣៧​លាន​ផោន និង​បាន​ឈ្នះ​ជើងឯក Premier League ចំនួន​២​លើក បន្ទាប់​ពី​បង្ហាញខ្លួន​ចំនួន ១៣៥​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន ៣៩​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន ៤៥​លើក​នៅ​គ្រប់​កម្មវិធី​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ