ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​កូ​វី​ដ​គួរ​ដាក់​ប្រាក់​សន្សំ​នៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ល្អ​ជាង​ទុក​លុយ​នៅផ្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​សម្រុក​ដក​ប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រយៈពេល​ប្រហែល ៣ ឬ​៤ ខែ​ចុង​ក្រោយ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​កើត​មាននៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​សម្រុក​ដក​ប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រយៈពេល​ប្រហែល ៣ ឬ​៤ ខែ​ចុង​ក្រោយ បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ បាន​កើត​មាននៅ​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាដើម ដែល​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​បាត់បង់​ការងារ​ធ្វើ ។

លោក ត្រា វុ​ធ បុគ្គលិក​បម្រើ​ការងារ​មួយ​រូប​នៅ​ក្រុងភ្នំពេញ​បាន​និយាយ​ថា រូប​លោក និង​មិត្ត​ភ័ក្ត្រ​របស់​លោក​បាន​សម្រេចចិត្ត​ដក​លុយ​ពី​ធនាគារ មិន​ហ៊ាន​ទុក​ទេ ខ្លាច​មាន​បញ្ហា​ណាមួយ​កើតឡើង ហើយ​ក៏​ដោយសារ​តែ​ប្រាក់​បៀរ​វត្ស​ត្រូវ​បាន​ក្រុមហ៊ុន​កាត់​បន្ថយ​ចំនួន​៣០​ភាគរយ ដូច្នេះ​ប្រាក់​សន្សំ​នៅ​ធនាគារ​មួយ​ដែល​មាន​ចំនួន​ប្រមាណ​៥០០០ ដុល្លារ​នោះ គឹ​ត្រូវ​បាន​រូប​លោក​ដក​យក​មក​ទុក​នៅផ្ទះ ។

លោក វុ​ធ វ័យ​៣៤​ឆ្នាំ បាន​និយាយ​ថា «​ខ្ញុំ​បាន​ដក​លុយ​សន្សំ​ពី​ធនាគារ​តាំងពី​ដើម​ខែមេសា មក​ម្លេះ ព្រោះ​ខ្លាច​បារម្ភ​ថា កូ​វី​ដ​១៩ រាលដាល​អាច​បិទ​ធនាគារ ណាមួយ​ប្រាក់ខែ​ក៏​ត្រូវ​បាន​កាត់​បន្ថយ អ​ញ្ចឹ​ង​ដក​លុយ​សន្សំ​តិចតួច​យក​មក​ទុក​បង្គ្រប់​ការ​ចំណាយ​នៅផ្ទះ ទម្រាំ​កូ​វី​ដ​១៩ រលាយ​បាត់​ទៅ​» ។

លោក​បាន​បន្ត​ថា ដោយសារ​តែ​លោក​ត្រូវ​ចិញ្ចឹម​កូន​តូច​វ័យ​ទើប ៤ ឆ្នាំ ដូច្នេះ​លោក​ដឹង​ថា វា​អាច​មាន​ហានិភ័យ​ក្នុង​ការ​ទុក​សាច់ប្រាក់​នៅផ្ទះ តែ​លោក​ចាំបាច់​ត្រូវ​ដក​ពី​ធនាគារ ដោយសារ​ត្រូវ​ទប់ទល់​នឹង​ចំណាយ​ក្នុង​គ្រួសារ​មួយ​រយៈ​នេះ​សិន ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​បាន​លើក​ឡើង​ថា នៅ​រាល់ពេល​មាន​វិបត្តិ​បងប្អូន​ដែល​មាន​ជីវភាព​មិន​ធូរធារ​ច្រើន​ដក​ប្រាក់​សន្សំ​ពី​ធនាគារ ខណៈ​អ្នកមាន​ជីវភាព​ធូរធារ និង​មាន​ចំណូល​ច្រើន បែរជា​បង្កើន​ការ​ដាក់​ប្រាក់​សន្សំ​នៅ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​បង្កើត​លុយ​តាម​រយៈ​ការ​ទទួល​បានការ​ប្រាក់ ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា​បាន​និយាយ​ថា នៅ​ពេល​ដែល​មាន​វិបត្តិ ២០០៨ និង​វិបត្តិ​កូ​វី​ដ​១៩ នា​ពេល​បច្ចុប្បន្ន​នេះ​ក៏​ដូច​គ្នា គឺ​លោក​បាន​ជជែក​គ្នា​ជាមួយ​អ្នកគ្រប់គ្រង​ខាង​ផ្នែក​ហិរញ្ញវត្ថុ និង​អគ្គនាយក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​អីហ្នឹង គឺ​ចំនួន​ប្រាក់​បញ្ញើរ​នៅ​ស្ថាប័ន អស់ហ្នឹង គឺ​មានការ​កើនឡើង ផ្ទុយ​ពី​ការ​គិត​ធម្មតា និង​ការ​មើលឃើញ​យល់​ថា មនុស្ស​នាំ​គ្នា​ទៅ​ដក​ប្រាក់​សន្សំ ឬ​ប្រាក់​បញ្ញើ​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។

លោក ង៉ែត ជូ បាន​និយាយ​ថា «​តាម​ពិត​ទៅ​វា​មាន​ពីរ​សាច់​រឿង ។ សាច់​រឿង​ទី​១ អ្នក​ដែល​ដក (​លុយ​) គឺ​អ្នក​ដែល​មាន​ប្រាក់​បន្តិចបន្តួច គាត់​ដក​លុយ ដោយសារ​គាត់​មានការ​ព្រួយបារម្ភ​អ៊ីចឹង​ទៅ ។ ក៏​ប៉ុន្តែ​អ្នក​ដែល​មាន​លទ្ធភាព ដាក់​ប្រាក់​បញ្ញើរ ៤ ទៅ ៥​ម៉ឺន​ដុល្លារ​ឡើង​ទៅ នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ អីហ្នឹង គឺ​កាន់តែ​យក​ប្រាក់​ទៅ​ដាក់​ប្រាក់​បន្ថែម​ទៀត ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មិនសូវ​ល្អ គេ​មិនសូវ​មាន​ជម្រើស អាជីវកម្ម ហើយ​គេ​រក​មធ្យោបាយ​មួយទៀត គឺ​យក​លុយ​ទៅ​បង្កើត​លុយ អ៊ីចឹង ចង់​មិន​ចង់​គេ​យក​ទៅ​ដាក់​នៅ​ធនាគារ ឬ​ក៏​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​បានការ​ប្រាក់ (Interest) សម្រាប់​អ្នក​ដែល​អាច​ដាក់​ប្រាក់​សន្សំ​ចន្លោះ ៤ ទៅ ៥ ម៉ឺន​ដុល្លារ​ឡើង តែ​អ្នក​ដែល​មាន​ចំណូល​ទាប គឺ​គិត​ពី​សុវត្ថិភាព គិត​ពី​ហានិភ័យ​ច្រើន​ជាង អ៊ីចឹង​ហើយ​គាត់​ក៏​បាត់បង់​ចំណូល ។

អ៊ីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​មានការ​ខុស​គ្នា​រវាង​អ្នកមាន និង​អ្នកក្រ អ្នក​ដែល​មាន​ជីវភាព​ធូរធារ ។ អ្នកមាន​ជីវភាព​ធូរធារ​មាន​ចំណូល​ច្រើន គឺ គ្រប់ពេលវេលា គឺ​ធនធាន​របស់​គេ​ហ្នឹង​បង្កើត​ធនធាន​បន្ត ។

ចំណែក​អ្នកក្រ​មាន​ចំណូល​តិច គឺ​ពេលវេលា​ដែល​ធនធាន​បង្កើត​បន្ត គឺ​មាន​តិច​ណាស់ ។ គឺ​រាល់ពេល​មាន​វិបត្តិ​អីហ្នឹង គឺ​ច្រើន​តែ​ព្រួយបារម្ភ ហើយ​យើង​អត់​សូវ​ហ៊ាន​ប្រថុយប្រថាន​ដាក់​ប្រាក់​នៅ​ធនាគារ​ដែរ ។

តាម​ពិត​ទៅ​ក្នុង​នាម​ពលរដ្ឋ បើសិនជា​យើង​នាំ​គ្នា​ផ្តល់​ទំនុកចិត្ត​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ហ្នឹង គឺ ធ្វើ​ឲ្យ​ស្ថានភាព​មិនអាក្រក់​ពេក គឺ​កាន់តែ​មាន​ភាព​ប្រសើរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ