ការក្រោកពីដំណេកពីព្រឹកព្រលឹមអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សមួយចំនួន ហើយក្នុងនោះរួមមានបុគ្គលដែលជោគជ័យ និងមានៗជុំវិញពិភពលោកផងដែរ ។ ហើយការក្រោកពីព្រឹកព្រលឹមនេះមានន័យថា ក្រោកមកនៅរវាងម៉ោង ៥ព្រឹកទៅ ៧ព្រឹកជារៀងរាល់ថ្ងៃ ។
ក្នុងកំឡុងពេលពីរម៉ោងដែលមនុស្សមួយចំនួនទៀតចំណាយក្នុងការចូលដំណេក អ្នកដែលក្រោកពីព្រលឹមអាចសម្រេចបានកិច្ចការជាច្រើន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃថ្មី ។
ជាទូទៅ អ្វីដំបូងដែលអ្នកតែងតែធ្វើរាល់ពេលដែលអ្នកក្រោកពីដំណេកជាកត្តាដែលជះឥទ្ធិពលលើប្រសិទ្ធិភាពការងាររបស់អ្នកក្នុងថ្ងៃថ្មីនោះ ។ សម្រាប់មនុស្សដែលជោគជ័យជាច្រើន អ្វីដំបូងដែលពួកគេធ្វើពេលពីក្រោកពីដំណេកភ្លាមមិនមែនធ្វើការទេ ហើយអ្នកក៏មិនគួរធ្វើដូច្នេះដែរ ។ ឧទាហរណ៍ដូចជាលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជាដើមដែលបាននិយាយថាលោកចាប់ផ្តើមថ្ងៃថ្មីរបស់លោកដោយរត់លើម៉ាស៊ីនហាត់ប្រាណរបស់លោកខណៈដែលមើលវីឌីអូអប់រំផ្សេងៗ ។
ជាមួយគ្នានេះដែរ លោកមហាសេដ្ឋី ចាក ដរស៊ី (Jack Dorsey) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter បានប្រាប់ថាលោកតាំងសមាធិប្រមាណ ៣០នាទីមុនទៅធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ។
ក្រៅពីនេះហើយមានលោក ជេហ្វ បេសូស (Jeff Bezos) ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon និងបច្ចុប្បន្នជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកមិនចូលចិត្តមានកិច្ចប្រជុំសម្រាប់ការងារមុនម៉ោង ១០ព្រឹកទេ ផ្ទុយមកវិញ លោកចំណាយពេលព្រឹកដើម្បីធ្វើកិច្ចការនៅផ្ទះជាមុនសិន ។
អ្វីដែលអ្នកអាចរៀនបានពីការសង្កេតទាំងនេះគឺ មនុស្សជាច្រើន ដែលអាចមានរួមទាំងអ្នកផងដែរ ក្រោកពីដំណេកភ្លាមឈោងដៃចាប់យកទូរស័ព្ទភ្លាមដើម្បីទទួលយកព័ត៌មានផ្សេងៗ អ៊ីមែល និងសារទាក់ទិននឹងការងារដែលត្រូវបំពេញ ។
មានន័យថា មនុស្សជាច្រើនក្រោកពីដំណេកភ្លាម ឆ្លើយតបនឹងតម្រូវការក្រៅខ្លួនភ្លាមដោយមិនទុកពេលសម្រាបឲ្យរាងកាយ និងសតិសម្រាក និងទទួលយកភាពស្ងប់ស្ងាត់ដូចអ្នកជោគជ័យប៉ុន្មានរូបខាងលើនេះ ។ ហើយវាអាចជាកត្តាដែលជួយឲ្យអ្នកកាន់តែជោគជ័យនៅថ្ងៃមុខផងដែរ ៕
ចែករំលែកព័តមាននេះ