អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកកំពុងតែខិតខំទាំងយប់ទាំងថ្ងៃដើម្បីបង្កើតវ៉ាក់សាំងសម្រាប់ជំងឺកូវីដ ១៩ ដែលត្រូវបានរីកសាយជុំវិញពិភពលោកតាំងពីដើមឆ្នាំ ២០២០ កន្លងមកនេះ ។ ប៉ុន្តែសម្រាប់លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាប្រធានមូលនិធិសប្បុរសធម៌ Bill and Melinda Gates Foundation ដែលបានធ្វើការដោះស្រាយបញ្ហាសុខភាពសាធារណៈអស់ជាច្រើនឆ្នាំបានប្រាប់ឲ្យដឹងថា លោកមិនសុទិដ្ឋិនិយមថាវ៉ាក់សាំងនឹងត្រូវបានបង្កើតក្នុងចុងឆ្នាំនេះទេ ។
កាលពីថ្ងៃច័ន្ទកន្លងមកនេះ លោកបានចែករំលែកលើកម្មវិធី TED2020 ថា ក្រុមហ៊ុនបីដែលអាចនឹងរកឃើញវ៉ាក់សាំងមុនគេរួមមាន Moderna, Johnson & Johnsom និង AstraZeneca ។ យោងទៅតាមការស្ទង់មតិអ្នកជំនាញក្នុងវិស័យនាពេលថ្មីៗនេះបានឲ្យដឹងថា មានតែ ៣១% ប៉ុណ្ណោះដែលគិតថាពិភពលោកនឹងមានវ៉ាក់សាំងគ្រប់ទីកន្លែងនៅឆ្នាំ ២០២១ ។
ទោះជារដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំងក្នុងជួរយោធាពិតមែន សារព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថាពួកគេបានរំលងដំណាក់កាលទីបីនៃការធ្វើតេស្ត ។
លោកមហាសេដ្ឋី ហ្គេតស៍ បានបន្ថែមទៀតថា ប្រសិទ្ធិភាពរបស់វ៉ាក់សាំងនូវមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ លុះត្រាតែមនុស្សជាច្រើនអាចចាក់វ៉ាក់សាំងនោះ ។ ប៉ុន្តែក្នុងកំឡុងពេលនេះ លោកបានជំរុញឲ្យមនុស្សពាក់ម៉ាស់រាល់ពេលដែលចេញទៅទីសាធារណៈដើម្បីការពារសហគមន៍ និងខ្លួនឯងបាន ។
នៅសហរដ្ឋអាមេរិក ការពាក់ម៉ាស់បានក្លាយជាបញ្ហានយោបាយច្រើនជាងអ្វីដែលមនុស្សភាគច្រើនយល់ស្របថាចាំបាច់សម្រាប់ការពារសុខភាពសាធារណៈ ។ មនុស្សមួយចំនួនបានចោទប្រកាន់ថាមកពីអង្គការសុខភាពពិភពលោក ឬ WHO ដែលបានប្រាប់មនុស្សមិនឲ្យពាក់ម៉ាស់ពេលដែលមានការផ្ទុះជំងឺដំបូងទើបច្ចុប្បន្នមានបញ្ហានេះ ។
ក្រៅពីនេះហើយ លោកបានចែករំលែកថា ការផ្ទុះជំងឺកូវីដ ១៩ ក្នុងសហរដ្ឋអាមេរិកមិនអាចបាត់ទៅវិញក្នុងរយៈពេលខ្លីទេប្រសិនបើមិនមានការសហការពាក់ម៉ាស់ ផលិតវ៉ាក់សាំង ឬការបង្កើតឱសថផ្សេងៗ ៕
ចែករំលែកព័តមាននេះ