រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បើករថយន្តម៉ាកMAZDA CX-9 សេរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកខឿន រួចក៏ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃ សៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាក Mazda-CX9 ស៊េរីទំនើប ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-2123បើកតាមបណ្តោយផ្លូវជាតិលេខ០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដោយចង់វ៉ារថយន្តមួយគ្រឿងទៀត តែមិនផុត ក៏ជ្រុលទៅបុកខឿន រួចធ្លាក់រថយន្តចូលប្រឡាយទឹកស្អុយតែម្តង បណ្តាលឱ្យខូចខាតរថយន្តផ្នែកខាងឆ្វេងយ៉ាងដំណំ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល ប៉ុន្តែពិតជាសំណាងល្អ ភ្លាមៗនោះតៃកុងអ្នកបើករថយន្តបានចេញពីរថយន្ត និងមិនមានរងរបួសអ្វីនោះទេ ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តខាងលើនោះ បានទាក់ទងទៅខាងរថយន្តស្ទួចឲ្យមកស្ទូចយករថយន្ត ដើម្បីយកទៅធ្វើនៅការ៉ាស ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ