ស្ត្រីជើងកាងដែលមានឈ្មោះថា យឹម អេង និងបក្សពួកមួយចំនួនទៀត ដែលបានតដៃ និងក្របួច.កអាវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ពេលដែលនគរបាលចុះឃាត់ខ្លួនស្ត្រីរូបនេះតាមដីកាបញ្ជាឲ្យចូលខ្លួននោះ ត្រូវបាននគរបាលក្រសួងមហាផ្ទៃ បញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ ដើម្បីឲ្យតុលាការចោទប្រកាន់ ឬមិនចោទប្រកាន់ដល់ស្ត្រីជើងកាងរូបនេះ ឬយ៉ាងណា ខណៈស្ត្រីរូបនេះកំពុងដើរហើរសេរី ដោយមិនខ្លាចតុលាការទាល់តែសោះនោះ។
ជនសង្ស័យដែលជាស្ត្រី ហើយមានចរឹកដូចស្រីជើងកាង អាងមានលុយមិនចេះក្រែងឯងនឹងច្បាប់នោះមានឈ្មោះ យឹម អេង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនឹងប្តី និងបក្សបួកមួយចំនួនទៀត បានរារាំង ក្របួច.កអាវ និងត្រូវបានប្រវាយប្រតប់ជាមួយសមត្ថកិច្ចនគរបាល ខណៈដែលនគរបាលចុះឃាត់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្សារបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មិនទាន់ទាំងចូលខ្លួនតាមដីការបស់តុលាការរាជធានីភ្នំពេញឲ្យចូលខ្លួនផងនោះ ស្រាប់តែមានមន្ត្រីម្នាក់បានរត់ការទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យស្ត្រីរូបនេះរួចផុតពីទោស ដែលស្ត្រីរូបនេះបានប្រព្រឹត្តនាពេលកន្លងទៅ ដោយសារតែខ្លួនអាងមានលុយច្រើននោះ ហើយជាងនេះទៅទៀតស្ត្រីរូបនេះ នៅបន្តមានសេរីភាព ដើរអួតក្អេងក្អាងដោយឈ្មោះថ្នាក់លើដើរបង្អួតអ្នកស្រុកថា គ្មានអ្នកណាហ៊ានធ្វើរូបគេនោះទេ ដោយសារតែគេបានសូកលុយដល់មន្ត្រីថ្នាក់លើហើយនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ កន្លងទៅថ្មីៗនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ក្រសួងមហាផ្ទៃបានចុះនាំខ្លួនស្ត្រីដែលមានឈ្មោះខាងលើនេះ គឺបន្ទាប់ពីមានដីការបញ្ជាឲ្យចូលខ្លួនពីព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះឡេង ម៉ូវ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ននៅភូមិបាត់ដឹងឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា ស្ត្រីដែលជាជនសង្ស័យរូបនេះបានជេរប្រមាថ និងគំរាមកំហែងជាសាធារណៈដល់ជនរងគ្រោះដែលជាមនុស្សចាស់ ដោយសារតែខ្លួនអាងមានលុយ ហើយស្ត្រីម្នាក់ នេះក៏ជាអ្នកមានរឿងអាស្រូវជាច្រើនទាក់ទងនឹងករណីដីធ្លីផងដែរ។
តាមពាក្យបណ្តឹងពីជនរងគ្រោះ បានប្តឹងដល់ស្ត្រីរូបនេះ ឲ្យមានការសូមទោសជាសាធារណៈ និងទាមទារសេវាកម្មផ្លូវច្បាប់ ថ្លៃទាមទារខាតបង់ពេលវេលា សំណងជំងឺចិត្ត ការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងការខូចខាតប្រយោជន៍ផ្សេងៗចំនួនមួយលានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ ការចុះឃាត់ខ្លួននេះពុំបានសម្រេចនោះទេ ដោយសារតែស្ត្រីរូបនេះអាងខ្នង ហើយមានបក្សពួកព័ទ្ធសមត្ថកិច្ច និងដកសោឡានរបស់សមត្ថកិច្ច ពេលដែលសមត្ថកិច្ចចុះទៅឃាត់ខ្លួនតាមដីការបស់តុលាការនោះ។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែបន្តតាមដានភាពក្រអើតក្រទមរបស់ស្ត្រីរូបនេះថា អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេនោះ?
ចែករំលែកព័តមាននេះ