ជីវិត​ស្ត្រី​ម្នាក់ ៖ គេច​ពី​បរាជ័យ​ជំនួញ​ពោត​មក​រក​ភាព​ជោគជ័យ​ដាំ​បន្លែ​ទំពាំង​បារាំង


អ្នក ស្រី លឹ​ម សុភាព ជា​កសិក​ដែល​ជោគជ័យ​ក្នុង​ការ​ដាំ​បន្លែ​ទំពាំង​បារាំង នៅ​លើ​ទឹកដី​ខេត្ត​ប៉ៃលិន​ជាប់​ព្រំដែន​ថៃ ។ អ្នកស្រី​មាន​ផ្ទី​ដី​ដាំ​បន្លែ​នេះ តែ​ប្រមាណ​៤​ពាន់​ម៉ែត្រការ៉េ​ទេ តែ​គាត់​អាច​រក​ប្រាក់​បាន​ពី​១០ ទៅ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។

ទំពាំង​បារាំង​ដែល​ជា​បន្លែ​ប្រភេទ​ថ្មី​មាន​តម្លៃ​១២ ០០០​រៀល ក្នុង​មួយ​កី​ឡូ​ក្រាម ។ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី សុភាព អាច​ប្រមូល​ផល​បាន​ពី​១០​ទៅ​២០​គីឡូក្រាម ។ ទំពាំង​បារាំង​មាន​រាង​ដូច​ត្រកួន តែ​ធំ និង​តាន់​ជាង​ត្រកួន​បន្តិច ។

អ្នកស្រី សុភាព ដែល​បាន​ដាំ​បន្លែ​នេះ​តាំងពី​ឆ្នាំ​២០១៥​មក​បាន​ឲ្យ​ដឹង​ថា ទំពាំង​បារាំង អាច​យក​ទៅ​ស្ល​បាន​ច្រើ​មុខ ឆា​ក៏​បាន ធ្វើ​ស៊ុប​ក៏​បាន ។

មាន​វ័យ​៥០​ឆ្នាំ អ្នកស្រី​និយាយ​ដោយ​រីករាយ​ថា បន្លែ​ទំពាំង​បារាំង​មិន​ពិបាក​ដាំ​ទេ តែ​ទាមទារ​ឲ្យ​មានការ​មើលថែ​បន្តិច ។ ដំណាំ​នេះ​មិន​រើស​ប្រភេទ​ដី​ទេ នៅ​ទីណា​ក៏​អាច​ដាំ​បាន ។

អ្នកស្រី លឹ​ម សុភាព បាន​ស្គាល់​បន្លែ​ទំពាំង​បារាំង​ពី​ឈ្មួញ​ថៃ ។ ឈ្មួញ​ថៃ បាន​ឲ្យ​អ្នកស្រី​ដាំ​បន្លែ​នេះ ហើយ​គេ​ទទួល​ទិញ ប៉ុន្តែ​ដោយសារ​អ្នកស្រី​គ្មាន​ដី​ដាំ ថៃ​មិន​បាន​ទិញ​បន្លែ​ពី​អ្នកស្រី​ឡើយ ពីព្រោះ​បិ​រ​មា​ណ​តិច​ពេក ។ «​ពី​ដំបូង​ខ្ញុំ​ណែនាំ​ឲ្យ​គេ​ដាំ ប៉ុន្តែ​អ្នក​ភូមិ​មិន​ស្គាល់​បន្លែ​នេះ ហើយ​ក៏​គ្មាន​អ្នក​ណា​ដាំ​ទេ ។ ខ្ញុំ​តស៊ូ​ដាំ​វា​តែ​ម្នាក់ឯង ដោយ​គិត​ថា បើ​គ្មាន​អ្នកទិញ​ទុក​ហូប​ខ្លួនឯង​ក៏​បាន​»​។

ទីផ្សារ​ទំនើប និង​ទីផ្សារ​លក់​បន្លែ​ធម្មជាតិ​បាន​ទាក់ទង​ទិញ​ទំពាំង​បារាំង​ពី​អ្នកស្រី សុភាព ។ រាល់​ព្រឹក​គាត់​កាត់​វា​ច្រក​ស្បោង​ផ្ញើ​តាម​រថយន្ត​ឈ្មួ​លម​ក​ឲ្យ​ឈ្មួញ​នៅ​ភ្នំពេញ ដោយ​មិន​ពិបាក​រក​ទីផ្សារ​ឡើយ ។

អ្នកស្រី​និយាយ​ថា​«​គេ​រក​ទិញ​ច្រើន តែ​ខ្ញុំ​គ្មាន​ដី​ដាំ ។ ឲ្យ​តែ​យើង​ដាំ​តាម​បែប​ធម្មជាតិ មាន​ប៉ុន្មាន​គេ​ទិញ​ទាំងអស់​» ។

មុន​ដាំ​បន្លែ​ទំពាំង​បារាំង អ្នកស្រី លឹ​ម សុភាព ជា​ឈ្មូ​ញ​កណ្តាល​ដើរ​ទិញ​ពោត​ពី​កសិករ ប៉ុន្តែ​អ្នកស្រី​បាន​ខាតបង់​ក្នុង​របរ​នោះ​អស់ប្រាក់​រលីង​ទើប​ងាក​មក​ដាំ​បន្លែ​នេះ ។ ទំពាំង​បារាំង​មិន​ត្រឹម​ជួយ​លើកកម្ពស់​ជីវភាព​គាត់​ឲ្យ​ប្រសើរ​នោះ​ទេ គាត់​ត្រូវ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប្រធាន​សហគមន៍​កសិករ​ក្នុងភូមិ​របស់​គាត់​ដែល​មាន​សមាជិក ៣០​នាក់​ទៀត​ផង​ក្នុង​ការ​ជំរុញ​ការ​ដាំ​ដុះ និង​ចិញ្ចឹមសត្វ​នៅ​ក្នុង​មូលដ្ឋាន ។

នៅ​ប៉ៃលិន បច្ចុប្បន្ន​មាន​ដំណាំ​ទំពាំង​បារាំង​១១​នាក់ អ្នកស្រី លឹ​ម សុភាព បាន​ដើរ​បង្រៀន​ពី​ការ​ដាំ​បន្លែ​នេះ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា ខេត្តកំពង់ឆ្នាំង និង​បាត់ដំបង ។

អ្នកស្រី​ជាប់​ឈ្មោះ​ជា​ការ​កសិករ​ឆ្នើម​របស់​អង្គការ OXFAM និង​ក្រសួងកសិកម្ម​។ ក្រៅពី​ដាំ​បន្លែ​គាត់​បាន​ចិញ្ចឹម​មាន់​យក​សាច់ និង​ស៊ុត​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ