សត្វ​ត្មាត​ទូ​ទាំង​ប្រទេស រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​មាន​ចំនួន​១១៩​ក្បាល


រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូ​ទាំង​ប្រទេស សត្វ​ត្មាត​ទាំង​បី​ប្រភេទ​ដែល​មាន​វត្តមាន រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន ១១៩​ក្បាល ក្នុង​នោះ​ត្មាតភ្លើង​ចំនួន ១១​ក្បាល ត្មោ​ត​ផេះ​ចំនួន ៧១​ក្បាល និង​ត្មោ​ត​ត្នោត​ចំនួន ៣៧​ក្បាល​។ នេះ​ជា​ការ​ជូនដំណឹង​របស់​មន្ត្រីជាន់ខ្ពស់ ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោយ​ការ​ធ្វើ​ជំរឿន​សត្វ​ត្មាត​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​ធ្វើ​ឡើង នៅ​លើ​ទីតាំង​៤​កន្លែង​ផ្សេង​ៗ​គ្នា​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​។

ជំរឿន​សត្វ​ត្មាត នៅ​ប្រទេស​កម្ពុជា​ធ្វើ​ឡើង​ដោយ​ការ​ប្រមូល​ទិ​ន្ន័​ន័យ​ពី​៤​ទីតាំង​ផ្សេង​គ្នា​នៅ​ក្នុង​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​អនុវត្ត និង​ចូលរួម​ដោយ​ក្រុមការងារ​សត្វ​ត្មាត​កម្ពុជា (CVWG) ដោយ​សហការ​ជាមួយ​ក្រសួង បរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife International) អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធម្មជាតិ (WWF), មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ (ACCB) និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅ​ក្នុង​ខេត្តព្រះវិហារ​, ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។

ដោយឡែក សម្រាប់​ទីតាំង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ខេត្តរតនគិរី មិន​ត្រូវ​បាន​ធ្វើ​ឡើយ​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​បាន​ចូលរួម​បើក​ដំណើរការ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ នៅ​កម្ពុជា​នៅ​ក្នុង​សហគមន៍​ដង​ផ្លិត​-​អាហារ​ដ្ឋា​ន​ត្មាត ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត មន្ត្រី​គម្រោង​ព្រៃ​ឡង់​បៃតង និង​មន្ត្រី​ជំនាញ​ក្រសួង បរិ​ស្ថាបាន​បង្ហាញ​របាយការណ៍​នៃ​លទ្ធផល​ជំរឿន​ដោយ​បញ្ជាក់​ថា សត្វ​ត្មាត​ទាំង ១១៩​ក្បាល​នោះ​មាននៅ​៖ ទី​១- ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ មាន​សត្វ​ត្មាត​សរុប​ចំនួន ៣៤​ក្បាល គឺ​ត្មាតភ្លើង ៣​ក្បាល ត្មាតផេះ ២២​ក្បាល និង​ត្មាត​ត្នោត ៩​ក្បាល​។

ទី​២-​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង មាន​សត្វ​ត្មាត​សរុប​ចំនួន ៨១​ក្បាល គឺ​ត្មាតភ្លើង ៤​ក្បាល ត្មាតផេះ ៤៩​ក្បាល និង​ត្មាត​ត្នោត ២៨ ក្បាល​។ ទី​៣-​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី មាន​សត្វ​ត្មាតភ្លើង​ចំនួន ៤​ក្បាល ហើយ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តក្រចេះ​មិន​មាន​វត្តមាន​សត្វ​ត្មាត​ទេ​។ បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ចំនួន​សត្វ​ត្មាត​នៅ​ឆ្នាំ​២០២០​នេះ មាន​ចំនួន​១១៩​ក្បាល មានការ​ថយ​ចុះ​ចំនួន​១៨ ក្បាល​បើ​ប្រៀបធៀប​នឹង លទ្ធផល​នៃ​ការ​ជំរឿន​នៅ​ឆ្នាំ​២០១៩​។

លោក​ថា លទ្ធផល​ជំរឿន​សត្វ​ត្មាត​នៅ​ឆ្នាំ​២០១៩ កន្លង​ទៅ​បង្ហាញ​ថា កម្ពុជា​មាន​សត្វ​ត្មាត​ទាំង ៣​ប្រភេទ មាន​ចំនួន ១៣៧​ក្បាល ហើយ​តំបន់​ដែល​មាន​សត្វ​ត្មាត​ច្រើន​ជាងគេ​គឺ នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ក្នុង​ខេត្តស្ទឹងត្រែង និង​ដែន​ជម្រក សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។ ការ​ធ្វើ​ជំរឿន​រាប់​ចំនួន​សត្វ​ត្មាត​ពេល​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឱ្យ​បានដឹង​ចំនួន​ពិត​នៃ​សត្វ​ត្មាត​នៅ​កម្ពុជា និង​ស្ថានភាព​នៃ​កា​រវិ​វត្ត​ជុំវិញ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​។

សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ និង​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ក្នុង​ការ​បាត់​ពូជ​នៅ​លើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅ​តែ​បន្ត​មានការ​ធ្លាក់​ចុះ​ជា​រៀង​រាល់​ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ និង​អភិរក្ស​ក៏​ដោយ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សត្វ​ត្មាត​នៅ​ក្នុង ប្រទេស​កម្ពុជា​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ការ​គំរាមកំហែង​ខ្លាំង​បំផុត​ពី​ការ​បំពុល​របស់​មនុស្ស ការ​បាត់បង់​ជម្រក ការ​ខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាម​រយៈ​ការ​ដាក់​អន្ទាក់ និង​ការ​បំពុល​។

ប្រជា​សហគមន៍​នៅ​តាម​តំបន់​មួយ​ចំនួន​បាន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅ​ក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេង​ៗ ហើយ​ការ​បំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ ដោយសារ​តែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សព​សត្វ​ស្លាប់​ដោយសារ​តែ​ថ្នាំពុល​។ ដោយសារ​តែ​សត្វ​ត្មាត​ជា​សត្វ​កម្រ ជិត​ផុត​ពូជ​អស់​ពីលើ​ពិភពលោក ហើយ​កម្ពុជា​មាន​ត្រូវ​បាន​គេ​ដឹង​ថា នៅ​មាន​សល់​សត្វ​ត្មាត​ច្រើន​ជាងគេ​នោះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​តាម​រយៈ​ការ​ផ្តល់​ចំណី​បន្ថែម និង​ការពារ​សម្បុក​ពង​កូន បង្កើន​ការ​យល់​ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​។

ជាមួយ​គ្នា​នេះ ក្នុង​នាម​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អភិរក្ស និង​ការពារ​សត្វ​ត្មាត​ដោយ​បញ្ឈប់ សកម្មភាព​បរបាញ់ ឬ​ការ​ជួញដូរ​សត្វព្រៃ​។ លោក​ថា សត្វ​ត្មាត​ជា​សត្វ​ស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេង​ទៀត​ជា​អាហារ ហើយ​ការពារ និង​អភិរក្ស​សត្វ​ត្មាត​បាន​គង់វង្ស វា​ជា​ការ​ថែរក្សា​មរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល​សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល ជា​តម្លៃ​សម្រាប់​ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​សម្រាប់​ទេសចរណ៍ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ សុខ សា​រ៉ា​យ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ