ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​ដែល​ទទួល​បានការ​បរិច្ចាគ​ពី​មហា​សេដ្ឋី Jeff Bezos ចែករំលែក​ពី​ទស្សនៈ

3 ឆ្នាំ មុន

សម្រាប់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក មាន​លុយ ១០០​លាន​ដុល្លារ​ប្រៀប​ដូច​ជា​លុយរាយ​ក្នុង​ហោប៉ៅ​ប៉ុណ្ណោះ ឬ​ប្រមាណ​តែ…

សម្រាប់​លោក​មហាសេដ្ឋី​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក មាន​លុយ ១០០​លាន​ដុល្លារ​ប្រៀប​ដូច​ជា​លុយរាយ​ក្នុង​ហោប៉ៅ​ប៉ុណ្ណោះ ឬ​ប្រមាណ​តែ ០.៧% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក ។

ប៉ុន្តែ​សម្រាប់​អង្គការ Feeding America វិញ​លុយ ១០០​លាន​ដុល្លារ​ដែល​លោក បេ​សូ​ស បាន​បរិច្ចាគ​កាលពី​ខែមេសា​កន្លង​មក ជា​អំណោយ​ធំ​ជាងគេ​ដែល​អង្គការ​មិន​គិត​ប្រាក់​ចំ​ណួ​ល​ទទួល​បាន​សម្រាប់​ផ្តល់​ជំនួយ​អាហារ ។

អ្នកស្រី ឃ្លែ​រ បា​ប៊ី​ណូ​ហ្វុ​ន​ទេ​ណ​ត (Claire Babineaux-Fontenot) ដែល​ជា​ប្រធាន​អង្គការ Feeding America បាន​ចែករំលែក​ទស្សនៈ​របស់​អ្នកស្រី​លើ​ការ​បរិច្ចាគ​នេះ​។

អ្នកស្រី​បាន​និយាយ​ប្រាប់ CNBC Make It ថា ដំបូង​អ្នកស្រី​ទទួល​បាន​អ៊ីមែល​មួយ​ពី​មនុស្ស​ម្នាក់​ដែល​ប្រាប់​ថា ចង់​និយាយ​ជាមួយ​អ្នកស្រី ។ មនុស្ស​ដែល​បាន​ផ្ញើ​អ៊ីមែល​នោះ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​លោក បេ​សូ​ស ណាស់ ប៉ុន្តែ​អ្នកស្រី​មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ ។

បុគ្គល​ខាងលើ​បាន​បន្ត​ប្រាប់​ថា លោក បេ​សូ​ស ដឹង​ថា​ការ​ផ្ទុះ​ជំងឺ​កន្លង​មកនេះ បាន​បង្ក​បញ្ហា​ជា​ច្រើន​ផ្នែក​អាហារ​ក្នុង​ប្រទេស​នេះ ហើយ​លោក​មានចិត្ត​ចង់​ចូលរួម​ជួយ ។ ដូច្នេះ​អ្នក​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​បន្ត​ពី​វិធី​ដែល​លោក​អាច​ជួយ​បាន ។ យ៉ាងណា​ក្តី អ្នកស្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ផែនការ​របស់​អ្នក​ទាំង​ពីរ​ក្នុង​ការ​ប្រើ​ថវិកា​បរិច្ចាគ​ខាងលើ​ទេ ។

កាលពី​ឆ្នាំ ២០១៧ លោក បេ​សូ​ស ធ្លាប់​បាន​សរសេរ​លើ Twitter របស់​លោក​ថា លោក​កំពុង​គិត​រក​យុទ្ធសាស្ត្រ​សប្បុរសធម៌​ដែល​ផ្ទុយ​ពី​អ្វី​ដែល​លោក​កំពុង​ធ្វើ​ជាមួយ Amazon ដែល​ផ្តោត​សំខាន់​លើ​ពេល​វែង​ឆ្ងាយ​ទៅ​មុខ ។

គួរ​បញ្ជាក់​ដែរ​ថា លោក បេ​សូ​ស ត្រូវ​បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​ពី​ការ​អសកម្ម​ក្នុង​ការ​ចូលរួម​ធ្វើអំពើ​សប្បុរសធម៌ ប៉ុន្តែ​បន្ទាប់​ពី​លោក​បាន​សរសេរ​លើ Twitter នោះ​មក លោក​បាន​ចាប់ផ្តើម​មូលនិធិ Day One Fund 2018 ដែល​មាន​ថវិកា ២​ប៊ី​លាន​ដុល្លារ និង​បាន​ប្រកាស​ថា​លោក​បរិ​ច្ចាគ ១០​ប៊ី​លាន​ដុល្លារ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​កំណើន​សីតុណ្ហភាព​ផែនដី​ជាដើម ។

ក្រៅពី​ថវិកា​ពី​លោក​បេ​សូ​ស​ហើយ Feeding America ក៏​ទទួល​បានការ​បរិច្ចាគ​ពី All In Challenge ដែល​បាន​ជួយ​ប្រមូល​ការ​បរិច្ចាគ​បាន​ប្រមាណ​ច្រើន​ជាង ៥៦​លាន​ដុល្លារ​ទៅ​ទៀត និង​មានការ​ចូលរួម​ពី​តារា​ៗ និង​កីឡាករ​ចំនួន ៤៨៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ