រាជធានីភ្នំពេញ ៖ បើទោះមិនធ្លាប់ទទួលបានមេដាយមាសពីការប្រកួតនៅក្រៅប្រទេស ប៉ុន្តែគេនៅតែមើលឃើញថា កីឡាការិនីលំដាប់ជាតិ កញ្ញា ហែមថុន វិទិនី នៅតែឈរជាអត្តពលិកល្បីល្បាញនៅកម្ពុជាដដែល ។ អ្វីដែលគួរសរសើរទៅទៀត គឺនាងត្រូវគេដឹងថាជាគ្រូបង្វឹករបស់តារាចម្រៀងល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា ផងដែរ ក្នុងចំណោមកូនសិស្សបង្ហាត់ហែលទឹក ដែលមានតារាជាច្រើននាក់ផងដែរ។
កីឡាការិនីដែលបានចាប់ផ្ដើមហ្វឹកហាត់ហែលទឹកតាំងពីអាយុ៤ឆ្នាំរូបនេះ បញ្ជាក់ថា មុនដំណាក់កាលកូវីដ-១៩ នាងទទួលបង្វឹកកូនសិស្សបានច្រើនគួរសមដោយមានទាំងអ្នកហ្វឹកហាត់គិតម៉ោង និងហ្វឹកហាត់មួយចេះ។ ប៉ុន្តែតាំងពីមានកូវីដ មកទល់នឹងពេលនេះ នាងអត់បានទទួលបង្វឹកសិស្សនោះទេ ដោយសារទី១នៅក្នុងសហព័ន្ធមានការបិទអាងហែលទឹក មិនឱ្យមានការជួបជុំផង ហើយបើទោះជាអនុញ្ញាតឱ្យមានការបើកវិញ ក៏មិនទាន់មានសិស្សមកហ្វឹកហាត់ ។
យ៉ាងណាក៏ដោយមុនពេលអស់សិស្ស នាងគឺជាគ្រូបង្វឹករបស់តារាសិល្បៈមួយចំនួនផងដែរ ដោយរួមមាន កញ្ញា ឌី សូនីតា កញ្ញា ថន លក្ខិណា ខណៈដែលអ្នកនាង ឱក សុគន្ធកញ្ញា គឺជាកូនសិស្សសំណព្វចិត្តរបស់នាង ដែលនាងមានឱកាសបានចំណាយពេលបង្វឹករហូតចេះហែលទឹកស្ទាត់ ។ នាងហាក់បង្ហាញអារម្មណ៍សប្បាយរីករាយ ដែលមានឱកាសបានបង្ហាត់ហែលទឹកតារាល្បីរូបនេះ ខណៈដែលនាងបញ្ជាក់ថា គឺមោទនភាពមិនតិចទេដែលនាងបានក្លាយជាគ្រូបង្វឹករបស់តារាល្បីៗ។
នាងសម្ដែងការសោកស្ដាយដែលបញ្ហាកូវីដ មិនអាចឱ្យនាងទទួលបង្ហាត់សិស្សបានដូចដើមនៅឡើយ ប៉ុន្តែនាងថា ការបង្វឹកនឹងចាប់ផ្ដើមឡើងវិញឆាប់ៗក្នុងពេលខាងមុខ ។ នាងក៏មានមោទនភាពផងដែរ ដែលនាងនៅតែទទួលបានការសរសើរថា គឺជាកីឡាការិនីផ្នែកហែលទឹកនាំមុខនៅឡើយ។
លោក ហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជាធ្លាប់បានលើកឡើងថា៖«កីឡាការិនី ហែមថុន វិទិនី នៅតែជាកីឡាការិនីខ្លាំងរបស់កម្ពុជាព្រោះមកដល់ពេលនេះមិនទាន់មានកីឡាការិនីរូបណាអាចមានសមត្ថភាពលើសនាងនៅឡើយនោះទេ បើទោះបីរាល់ការប្រកួតធំៗកន្លងមក នាងមិនអាចដណ្ដើមមេដាយបានក៏ដោយ តែយើងទទួលបាននូវបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់កីឡាការិនីរូបនេះឱ្យកាន់តែខ្លាំងបន្ថែមទៀត ។
ជាក់ស្ដែង កាលពីប្រកួតកីឡាអូឡាំពិកនៅទីក្រុង RIO ក្នុងប្រទេសប្រេស៊ីល វិទិនី បានប្រកួតឈ្នះជាង៣០ប្រទេសនៅលើពិភពលោក ។
គួររំលឹកថា កាលពីឆ្នាំមុន វិទីនី ធ្លាប់បានចេញទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេល១ឆ្នាំ ហើយបន្ទាប់ពីការហ្វឹកហាត់នោះមក អ្វីៗមានការប្រែប្រួលកាន់តែល្អ ខណៈពេលនេះដែរ សហព័ន្ធខ្មែរកីឡាហែលទឹកមានគ្រូជនជាតិជប៉ុនមកជួយបង្វឹកទៀតផងនោះធ្វើឲ្យគុណផល (Perfomance) របស់វិទិនីកាន់តែល្អដែរ ។
កញ្ញា Saki Ikuyama ដែលជាគ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជាបានឱ្យដឹងដែរថា មកដល់ពេលនេះគឺមិនទាន់មានកីឡាការិនីជំនាញហែលទឹករូបណាល្អជាងវិទិនីនៅឡើយទេ ។ គ្រូបង្វឹករូបនេះបន្តថា មានអ្នកស្រករក្រោយម្នាក់-ពីរនាក់ដែរតែនៅខ្ចីបន្តិច ដូច្នេះអាចប្រើពេល២ឬ៣ឆ្នាំទៀតទើបពួកគេអាចមកជំនួសតំណែងរបស់វិទិនីបាន ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ