ទោះ​ជួប​កូ​វី​ដ​១៩ តែ​ការ​ប្រមូល​ថវិកា​ជូនរដ្ឋ​នៅ​កើនឡើង ​ខណៈ​ចំណាយ​ក៏​ខ្ពស់​ជាង​ឆ្នាំ​មុន


រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វី​ដ ១៩​ក្ដី តែ​ការ​ប្រមូល​ថវិកា​ជូន​រដ្ឋ​នៅ​តែ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៩​កន្លង​ទៅ ខណៈ​ការ​ចំណាយ​របស់​រដ្ឋ​ក៏​មានការ​កើនឡើង​ខ្ពស់​ផង​ដែរ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២០ នេះ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ ២០២០​នេះ​ចំណូល​រដ្ឋបាល​ថ្នាក់​ជាតិ​សរុប​អនុវត្ត​បាន​ប្រមាណ​ជាង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​៣៣,៨៩​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០២០ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០១៩​កន្លង​ទៅ​ឃើញ​ថា​មាន​កំនើន​ប្រមាណ​១០,២៩​ភាគរយ ។ ចំណូល​ទាំងនេះ បាន​មក​ពី ចំណូល​ពន្ធ​ដែល​មាន​ប្រមាណ​៨៤,៦៤​ភាគរយ ចំណូល​ផ្សេង​ៗ​ទៀត​បាន​១១,៤៦​ភាគរយ​និង​ចំណូល​ដែល​បាន​មក​ពី​អំណោយ​មាន​ប្រាណ​៣,៩០​ភាគរយ ។

ក្នុង​របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ចំណាយ​ក្នុង​ខែមេសា កន្លង​ទៅ​នេះ​ជា​គោល​ដោយ​រយៈពេល​មួយ​ខែ ចំណូល​រដ្ឋបាល​ថ្នាក់​ជាតិ​អនុវត្ត​បាន​ប្រមាណ​២,៦​ទ្រី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៤,៤៤​ភាគរយ​បើ​ធៀប​នឹង​ខែមេសា ឆ្នាំ​មុន ។ តែ​យ៉ាងណា​ក៏​ដោយ​បើ​និយាយ​ចំណាយ​ក្នុង​ខែមេសា វិញ ឃើញ​ថា​រដ្ឋ​បាន​ចំណាយ​ប្រមាណ​២,០១​ទ្រី​លាន​រៀល​ផង​ដែរ ហើយ​ការ​ចំណាយ​នេះ​បើ​ធៀប​នឹង​ខែមេសា​ឆ្នាំ​មុន​ឃើញ​ថា​មាន​កំណើន​ដល់​ទៅ​៤០,៩៥​ភាគរយ ។

ក្នុង​របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ចំណាយ​សរុប​របស់​រដ្ឋ​ក្នុង​រយៈពេល​៤​ខែ​កន្លង​ទៅ​នេះ​ដែរ គឺ​ក្នុង​រង្វង់​ប្រមាណ​៧,២៩​លាន​រៀល​ស្ម​សើ​នឹង​២៥,៤៣​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០២០ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​មុន ឃើញ​ថា​មាន​កំណើន​៣១,៥៦​ភាគរយ ។

របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​បាន​បញ្ជាក់​ថា ការ​អនុវត្ត​ចំណូល​ថវិកា​រដ្ឋបាល​ថ្នាក់​ជាតិ​នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ស្រប​ពេល​ចំណាយ​របស់​រដ្ឋ​ក្នុង​រយៈពេល​៤​ខែ​នេះ​ក៏​មាន​សន្ទុះ​គួរ​អោយ​កត់សម្គាល់​ផង​ដែរ ។​ទោះបីជា​ការ​អនុវត្ត​ចំណូល​និង​ចំណាយ​សរុប​មាន​ភាពល្អ​ប្រសើរ​ក៏​ដោយ តែ​កម្ពុជា​នឹង​មាន​ផល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ថវិកា​រដ្ឋបាល​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០២០​ផង​ដែរ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ ២០២០​នេះ រាជរដ្ឋាភិបាល​ប្រកាស​លើកលែង​នូវ​ការ​យកពន្ធ​លើ​វិស័យ​មួយ​ចំនួន​ដោយសារ​តែ​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ​ដូច​ជា​ការ​លើកលែង​ពន្ធ​លើ​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​រាជធានី និង​ខេត្ត​មួយ​ចំនួន លើកលែង​មួយ​ឆ្នាំ​ពេញ​លើ​ការ​បង់ពន្ធ​ប្រថាប់ត្រា​ពី​ការ​ទិញ​លក់​លំនៅ​ឋាន​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ជាដើម ដែល​ទាំងនេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បាត់បង់​ចំណូល​របស់​រដ្ឋ​ផង​ដែរ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ