ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាអ្នកជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការចាប់ឃាត់ខ្លួន នៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ជាមួយនិងថ្នាំញៀនជាច្រើនកញ្ចប់ ខណៈ ដែលជនសង្ស័យខាងលើនេះអង្គុយលើម៉ូតូមុខសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំងដើម្បីធ្វើសកម្មភាពចែកចាយនៅទីនោះ ។
លោក ម៉ា យន់ នាយនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា ជនសង្ស័យចែកចាយថ្នាំញៀនរូបនោះមានឈ្មោះ សោម សីហា អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ លោកបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះមានសេចក្តីរាយការណ៍ថា មានការចែកចាយថ្នាំញៀន នៅសាលាវិទ្យាល័យក្រុងកំពង់ឆ្នាំង ជារៀងរាល់ថ្ងៃ ឱ្យសិស្សសាលាខាងនេះ ។ ពេលនោះលោកបានទទួលបញ្ជាពីលោកអធិការនគរបាលក្រុងឱ្យបន្លំខ្លួនទៅឃ្លាំមើលនៅទីនោះ ដោយមានគ្នាចំនួន៣នាក់ ស្លៀកពាក់ស៊ីវិល ។ ពេលដែលឃ្លាំមើលនោះ ក៏ឃើញជនប្លែកមុខម្នាក់ ជិៈម៉ូតូម៉ាកស៊ុយស៊ូគីស្មាស់រីវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿង មកឈប់មុខសាលាវិទ្យល័យ ក្រុងកំពង់ឆ្នាំង ហើយបានអង្គុយលើម៉ូតូផឹកទឹកគោជល់មួយកំប៉ុង ។ ដោយមានការសង្ស័យ មន្ត្រីនគរបាលរបស់លោកបានទៅសួរនាំ និងឆែកឃើញគ្រឿងញៀនលាក់ក្នុងខ្សែក្រវ៉ាត់ទើបចាប់ឃាត់ខ្លួនយកមកកាន់អធិការនគរបាលក្រុងតែម្តង ។
លោកបានបន្តថា ពេលយកមកកាន់អធិការនគរបាល ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីលោក ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តផងដែរ ដោយបានឆែកឆេរពិនិត្យរកឃើញវត្ថុតាង មានថ្នាំ ញៀនម៉ាទឹកកក១១កញ្ចប់តូច និង១កញ្ចប់ធំ , ថ្នាំញៀនប្រភេទ WY ចំនួន២គ្រាប់ សម្ភារសម្រាប់ជក់ ថ្នាំញៀនមួយចំនួន អាយកូមប្រើកាណាល់នគរបាលមួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូម៉ាក ស្មាស់រីវ៉ូមួយគ្រឿង ។
ជនសង្ស័យខាងលើនេះត្រូវបានកម្លាំងនគរបាលក្រុងកំពង់ឆ្នាំងកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ។
ចែករំលែកព័តមាននេះ