ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​​​យំ​លែង​ចេញ​! ទឹក​ក៏​ខ្វះ ទិន្ន​ផល​​ស្រូវ​ក៏​​ធ្លាក់​ចុះ រីឯ​តម្លៃ​ទីផ្សារ​ចប់ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​គ្នា​ដែល​រស់នៅ​ក្នុងស្រុក​សាលា​ក្រៅ ហើយ​ប្រកប​របរ​ធ្វើ​ស្រែ​​បាន​ត្អូញត្អែរ និង​ស្រែកថ្ងូរ​ប្រាប់​ឱ្យ​ដឹង​ថា ទិន្នផល​កសិផល​ដំណាំ​ស្រូវ​នា​ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់​ចុះ​ជាង​មុន​ជិត​ពាក់កណ្តាល ខណៈ​ខ្វះខាត​ទឺ​ក ព្រោះ​រាំង​ស្ងួត​អស់​រយ​:​ពេល​យូរ​មក​ហើយ ។…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​គ្នា​ដែល​រស់នៅ​ក្នុងស្រុក​សាលា​ក្រៅ ហើយ​ប្រកប​របរ​ធ្វើ​ស្រែ​​បាន​ត្អូញត្អែរ និង​ស្រែកថ្ងូរ​ប្រាប់​ឱ្យ​ដឹង​ថា ទិន្នផល​កសិផល​ដំណាំ​ស្រូវ​នា​ឆ្នាំ​២០២០​នេះ មានការ​ធ្លាក់​ចុះ​ជាង​មុន​ជិត​ពាក់កណ្តាល ខណៈ​ខ្វះខាត​ទឺ​ក ព្រោះ​រាំង​ស្ងួត​អស់​រយ​:​ពេល​យូរ​មក​ហើយ ។ លុះដល់​ពេល​ប្រមូល​ផល​រួច ស្រាប់តែ​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន បើ​គិត​ពី​ថ្លៃ​ឈ្នួល​កម្មករ និង​ថ្លៃ​ថ្នាំ​បាញ់​ស្មៅ ដាក់​ជី គឺ​ខាតចុង ខាតដើម មិន​ចំណេញ​នោះ​ឡើយ ។

បើ​តាម​សម្តី​បុរស​ឈ្មោះ ប្រាក់ សា​រិ​ន អាយុ​៦៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ វ៉ា​ន សឿ​ម អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​បាន​ជួល​ដី​គេ​ធ្វើ​ស្រែ​ប្រាំង ដែល​បាន​រយៈពេល​៣​ទៅ​៤​ខែ ។ ហើយ​នៅ​ដើមឆ្នាំ​នេះ មានការ​ខ្សត់​ទឹក​ខ្លាំង ដោយ​រាំងភ្លៀង​រយ​:​ពេល​យូរ បណ្តាល​ឱ្យ​ទឹក​ប្រឡាយ និង​ទឹកស្ទឹង រីង​ខះ​ស្ទើរ​អស់ អត់​មានទឹក​បូម​ដាក់​ស្រែ​នោះ​ឡើយ ។

គាត់​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​មុន​ស្រែ​ដែល​គាត់​ជួល​គេ​ធ្វើ​ចំនួន​២​ហិ​កតា​នេះ ប្រមូល​ផល​បាន​រហូត​ដល់​ចំនួន​៥​ទៅ​៦​តោន​ឯណោះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គាត់​ជួល​ម៉ាស៊ីន​ច្រូតស្រូវ​យក​ទៅ​ប្រមូល​ផល​បាន​ត្រឹមតែ​២​តោន​ប៉ុណ្ណោះ ដោយ​ខាត​អស់​ជាង​ពាក់កណ្តាល ។ ចំ​ណែ​ល​ការ​ជួល​ស្រែ​គេ​២​ហិ​កតា​ធ្វើ​នេះ គឺ​១​ហិ​កតា ត្រូវ​បង់​ឱ្យ​ស្រូវ​ម្ចាស់​ស្រែ​ចំនួន​៦​បាវ និង​ថ្លៃ​ម៉ាស៊ីន​ច្រូត​១​​ហិ​កតា គេ​ទារ​ចំនួន​២០​ម៉ឺន​រៀល ខណៈ​ឆ្នាំ​មុន​ស្រូវ​១​តោន អាច​លក់​បាន​៨០០០​ទៅ​១០០០០​បាត​(​ប្រាក់​ថៃ​) ចំណែក​នៅ​ឆ្នាំ​នេះ ១​តោន​លក់​បាន​ត្រឹមតែ​ជាង​៦០០០​បាត​ប៉ុណ្ណោះ។

គាត់​បញ្ជាក់​ថា ដូច្នេះ​រូប​គាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រមាញ់​ជួយ​រក​ទីផ្សារ​ជូន​ប្រជា​កសិករ​ផង ព្រោះ​បន្ទាប់​ពី​ប្រមូល​ផល​រួច បែរជា​ជំពាក់​គេ​បន្ត​ទៀត ។
ចំណែក​​ឈ្មួញ​ម្នាក់​ឈ្មោះ រៀម ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង បានឱ្យ​ដឹង​ថា គាត់​ទិញ​ស្រូវ​ក្នុង​១​តោន តម្លៃ​៧៨០០​បាត (​ប្រាក់​ថៃ​) ដោយពេល​នេះ​គាត់​ទិញ​បាន​ជាង​១០​តោន​ហើយ ។ ចំណែក​តម្លៃ​ទីផ្សារ​ស្រូវ​អត់​ទៀង​នោះ​ទេ ជួនកាល​ឡើងថ្លៃ ជួនកាល​ចុះថោក ដោយ​នៅ​ឆ្នាំ​នេះ ទីផ្សារ​ស្រូវ​ក៏​ឡើង​រហូត​ដល់​១​តោន ជាង​៨០០០​បាត​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ឥឡូវ​ទើបតែនឹង​ធ្លាក់​ចុះថ្លៃ ។

គាត់​បន្ត​ទៀត​ថា គាត់​ដឹកស្រូវ​ទាំងនេះ យក​ទៅ​លក់​បន្ត​នៅ​ក្នុង​ខេត្តបាត់ដំបង ហើយ​គាត់​ក៏​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ​ដែរ ។ លើស​ពី​នេះ​ក្នុង​នាម​ជា​ឈ្មួញកណ្តាល គាត់​ក៏​មិនដឹង​ធ្វើ​យ៉ាងម៉េច​ដែរ បើ​ថៅកែ​ប្រាប់​ថា ធ្លាក់​ថ្លៃ គាត់​ក៏​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថោក​ដែរ ។

ចំណែក​កសិករ​ម្នាក់​ឈ្មោះ វ​ណ្ណា ស៊ី​ម៉េ​ង បានឱ្យ​ដឹង​ដែរ​ថា ការ​ធ្វើស្រែ​ឆ្នាំ​២០២០​នេះ ខណៈ​គាត់​​ធ្វើស្រែ​ចំនួន​២​ហិ​កតា ប្រមូល​ផល​បាន​ត្រឹមតែ​ជាង​៣​តោន​ប៉ុណ្ណោះ ដោយ​ទិន្នផល​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ជាង​ពាក់កណ្តាល ព្រោះ​អត់​មានទឹក​បូម​ដាក់​ស្រែ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ