ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​បន្ត​នៅ​ក្នុងផ្ទះ បើ​ទោះបីជា​បន្ថយ​ការ​រឹត​បន្តឹង​ក៏​ដោយ

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រជាជន​អង់គ្លេស កំពុង​បន្ត​ស្នាក់​នៅ​ក្នុងផ្ទះ ទោះបីជា​នាយក​រដ្ឋមន្ត្រី Boris Johnson…

ប្រទេស​អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រជាជន​អង់គ្លេស កំពុង​បន្ត​ស្នាក់​នៅ​ក្នុងផ្ទះ ទោះបីជា​នាយក​រដ្ឋមន្ត្រី Boris Johnson ថ្មី​ៗ​នេះ បាន​បន្ធូរបន្ថយ​រឹត​បន្តឹង​ការ​ចាក់​សោរ​ប្រទេស​ក៏​ដោយ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដោយ King’s College London ។

សាស្ត្រាចារ្យ Bobby Duffy នាយក​វិទ្យាស្ថាន​គោលនយោបាយ​នៅ​មហាវិទ្យាល័យ King London បាន​និយាយ​ថា ៖ «​ដំបូន្មាន​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ពេល​នេះ​បាន​ប្រាប់​ឱ្យ​គ្រប់​គ្នា​ចេះ​ប្រុង​ប្រយ័ត្ន​ពេល​ចេញ​ក្រៅ​ផ្ទះ តែ​ប្រជាជន​នៅ​តែ​បន្ត​គោរព​តាម​ដំបូន្មាន​ពី​មុន ដែល​ប្រាប់​ឱ្យ​នៅ​ក្នុងផ្ទះ​»​។

ការ​សិក្សា​បាន​បង្ហាញ​ថា មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​ចំណោម ៧​នាក់ ដែល​បាន​ធ្វើការ​ស្ទង់​មតិ មិន​បាន​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​ម្តង​សោះ ក្នុង​ស​ប្តា​ហ៍​មុន និង ៤១% នៃ​ប្រជាជន​មិន​បាន​ចាក​ចេញពីផ្ទះ​របស់​ពួក​គេ​អស់​រយៈពេល ៥​ថ្ងៃ ឬ​លើស​ពី ៧​ថ្ងៃ​កន្លង​មក​។

តួលេខ​ទាំងនេះ បង្ហាញ​ពី​ភាព​យកចិត្តទុកដាក់​លើ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ចំណោម​ប្រជាជន​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ចំនួន​មនុស្ស​ដែល​ពាក់​ម៉ាស់​មានការ​កើនឡើង​ទ្វេ​ដង​តាំងពី​៦​ស​ប្តា​ហ៍​មុន​។ ការ​សិក្សា​បាន​និយាយ​ថា​៖ «​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រាំមួយ​ស​ប្តា​ហ៍​មុន ការ​អនុវត្តន៍​នៅ​តែ​ខ្ពស់ និង​មិន​ផ្លាស់​ប្តូរ​ឡើយ សម្រាប់​វិធានការ​ដូច​ជា ការ​រក្សា​គម្លាត​សង្គម និង​ការ​លាងដៃ​»​។

នាយក​រដ្ឋមន្ត្រី Johnson របស់​អង់គ្លេស បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចក្រភព​អង់គ្លេស​នឹង​ចាប់ផ្តើម​ដក​ការ​រឹត​បន្តឹង​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ច័ន្ទ តាម​វិធីសាស្ត្រ​ដែល​បាន​ធ្វើ​ជា​ជំហាន​ៗ​។

ការ​បន្ធូរបន្ថយ​នេះ​កើត​មាន បន្ទាប់​ពី​អត្រា​មរណភាព​នៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​ជា​ប្រចាំ​ពី​ចំនួន​អ្នក​បាត់បង់​ជីវិត ៩៤៣​នាក់​នៅ​ថ្ងៃ​ទី​១៤ ខែមេសា មក​ត្រឹមតែ​២៥៦​ករណី នៅ​ថ្ងៃ​ព្រហស្បតិ៍​​ស​ប្តា​ហ៍​មុន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ