ហ៊ាន​​មែន​! ព្រះសង្ឃ​ក៏​មិន​លើកលែង តែ​​ទីបំផុត​មក​ចប់​ត្រឹម​ប្រព័ន្ធ Find my


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ដង្កោ ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ខេត្តតាកែវ ដើម្បី​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជន​​សង្ស័យ​បាន​លួច​ថង់យាម និង​សម្ភារ​ព្រះសង្ឃ​មួយ​អង្គ រួច​រត់គេច​មក​ភ្នំពេញ​បាន​១​ថ្ងៃ ហើយ​ត្រូវ​ជន​រង​គ្រោះ​ពឹង​មិត្ត​នៅ​ភ្នំពេញ​ឆែក​តាម​ប្រព័ន្ធ Find my ក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្តង បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​កាល​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ចំណុច​មុខ​ក្លឹ​ប​ហាត់ប្រាណ មីង​ហួរ ផ្លូវ​បេតុង​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហេង លាភ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មាន​ស្រុក​កំណើត​នៅ​ភូមិ​ចំប៉ា ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

ចំពោះ​សម្ភារៈ​ដែល​បាត់បង់​មាន​លុយ​១​ម៉ឺន​បាត​, លុយ​ដុល្លារ​៣៥៥​ដុល្លារ​, លុយ​ខ្មែរ​២៤​ម៉ឺន​រៀល​, ថង់យាម​១, ឆាយា​១​ច្បាប់​, ស្លាបព្រា​បុរាណ​១​គូរ និង​កាត​ធនាគារ​១​សន្លឹក ។

តាម​សំដី​បុរស​ម្នាក់​ឈ្មោះ លឹ​ម សាន​ពិសិដ្ឋ អាយុ​២៨​ឆ្នាំ ជា​កូនសិស្សលោក ហើយ​ក៏​ជា​ម្ចាស់​របស់​ដែរ បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែឧសភា​នោះ រូប​គាត់​ជា​កូនសិស្ស បាន​មក​ស​ម្រា​ន​នៅ​អាស្រម ភ្នំ​ជី​សូរ ក្នុងភូមិ​ដកពរ ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ជាមួយ​និង​ព្រះសង្ឃ​មួយ​អង្គ​ទៀត​ដែល​ជា​ជន​រង​គ្រោះ​ដូច​គ្នា ។

ប្រភពដដែល​បន្តថា លុះ​ភ្ញាក់​ពី​ដំណេក​វិញ ក៏​ស្រាប់តែ​បាត់​ថង់យាម​របស់​ព្រះសង្ឃ និង​កាបូប​លុយ​របស់​គាត់ ដែល​មាន​សំភារៈ​មួយ​ចំនួន ដូច​ជា​ទូរស័ព្ទ និង​លុយ​មួយ​ចំនួន ព្រមទាំង​ឯកសារ​ផ្សេង​ៗ​ទៀត ។ ក្រោយ​ពី​ដឹង​ថា របស់​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់ រូប​លោក​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​រវៀង ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវរ​កមក​វិញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ រូប​គាត់​បានឱ្យ​មិត្តភក្តិ​នៅ​ភ្នំពេញ ជួយ​ឆែក​តាម​ប្រព័ន្ធ Find my តាម​ទូរស័ព្ទ​ដៃ​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទ​ជាមួយ ហើយ​ពួក​គាត់​ក៏​ជិះ​ម៉ូតូ​តាម​មក​ដល់​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ដង្កោ​ឱ្យ​ជួយ​អន្តរា​គមន៍ ក៏​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​តែ​ដើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ រួច​ក៏​ឆែកឆេរ​រក​ឃើញ​ទូរស័ព្ទ​របស់​គាត់ ព្រមទាំង​លុយ​មួយ​ចំនួន​ទៀត​ផង ទើប​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ដង្កោ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ថង់យាម​របស់​ព្រះសង្ឃ​១​អង្គ និង​កាបូប​លុយ​របស់​កូនសិស្សលោក ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ហើយ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ដង្កោ ធ្វើ​លិខិត​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រវៀង ខេត្តតាកែវ ដើម្បី​មក​យក ជនសង្ស័យ​ទៅ​សាកសួរ និង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ព្រោះថា ករណី​នេះ គឺ​កើតឡើង​នៅ​ទឹកដី​ខេត្ត​តាកែវ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ