រាជធានភ្នំពេញ ៖ យោងតាមអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាកម្ពុជាអាចផ្គត់ផ្គង់សាច់នៅ លើទីផ្សារដោយមិនបាច់នាំចូលពីប្រទេសជិតខាង ក្នុងស្ថានភាពកម្ពុជាកំពុងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយ កដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា កាលពីប្រទេសជាតិស្ថិតក្នុងស្ថាន ភាពធម្មតា ពោលគឺមុនពេលកូវីដ ១៩ បានផ្ទុះនៅក្នុងស្រុក កម្ពុជាអាចផ្គត់ផ្គង់សាច់សរុប បានប្រមាណ ៨២ភាគរយទៅហើយ ហើយនៅពេលកូវីដ ១៩ ចាប់ផ្ដើមកើតឡើងតម្រូវការ ក៏ធ្លាក់ចុះ ព្រោះតែតាមភោជនីយដ្ឋាន តាមសណ្ឋាគារមួយចំនួនត្រូវបានផ្អាកសកម្មភាព និងមិនមានតម្រូវការសាច់ថែម ធ្វើឱ្យកម្ពុជាអាចផ្គត់ផ្គង់បានសឹងតែ ១០០ភាគរយទៅ ហើយ ដូច្នេះកម្ពុជាត្រូវពង្រឹងខ្លួនបន្ថែមទៀត ដើម្បីបន្តផ្គត់ផ្គង់ដោយមិនចាំបាច់នាំចូល ពីខាងក្រៅ ។
លោកបន្តថា បច្ចុប្បន្ននេះការនាំចូលសត្វពីខាងក្រៅប្រទេសបានថមថយមកនៅ កម្រិតមួយទៀត ជាក់ស្ដែងការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ ឃើញថាបានកាត់បន្ថយ ការនាំចូលរហូតដល់ពាក់កណ្ដាលក្នុងរយៈពេលតែ ១០ថ្ងៃ នៃការកើតកូវីដ ១៩ ដំបូង ប៉ុន្តែ ចាប់តាំងពីការកាត់បន្ថយនៃការនាំចូលមកក៏ឃើញថាតម្លៃកម្ពុជានៅតែអាចផ្គត់ផ្គង់ជ្រូកបាននៅលើទីផ្សារ ហើយក៏មិនធ្វើឱ្យតម្លៃប្រែប្រួលឡើងថ្លៃដែរ ។
បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នៅ ពេលរាជរដ្ឋាភិបាលបានទប់ស្កាត់ការនាំចូលជ្រូករស់ពីប្រទេសជិតខាង ឃើញថាតម្លៃជ្រូក នៅលើទីផ្សារមានស្ថានភាពល្អប្រសើរដែលអាចឱ្យកសិករ និងអ្នកចិញ្ចឹមក្នុងស្រុកទទួល បាន ប្រាក់ចំណូលឡើងវិញបន្ទាប់ពីពួកគាត់បានខាតបង់អស់ជាច្រើនក្នុងកំឡុងពេលផ្ទុះ ជំងឺប៉េស្តជ្រូកអាហ្វ្រិកកាលពីឆ្នាំមុន ។
កសិករ និងអ្នកចិញ្ចឹមពួកគាត់សប្បាយចិត្តណាស់ ដែលរាជរដ្ឋាភិបាលជួយពួកគាត់ដោយការកាត់បន្ថយការនាំចូល ហើយក៏សូមឱ្យរាជរដ្ឋាភិ បាលបន្តធ្វើបែបនេះបន្តទៀតដើម្បីឱ្យអ្នកក្នុងស្រុកបញ្ចេញសមត្ថភាពផ្គត់ផ្គង់ជ្រូកទៅលើទីផ្សារ ដោយមិនបាច់យកលុយរាប់រយលានដុល្លារទៅទិញជ្រូកពីប្រទេសជិតខាងនោះទេ ។
លោកបន្តថាក្នុងនាមជាសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោកជំរុញឱ្យកសិករងាក មកចិញ្ចឹមឡើងវិញ ក្នុងពេលដែលកំពុងទប់ស្កាត់ការនាំចូល ដោយបានដកអាជ្ញាប័ណ្ណ ក្រុមហ៊ុននាំចូលមួយចំនួនមិនអនុវត្តន៍តាមការណែនាំ របស់សមត្ថកិច្ច ។ ម្យ៉ាងទៀតដោយ មានការធានាទីផ្សារល្អប្រសើរបែបនេះ សង្ឃឹមថា កសិករនឹងអាចងាកមកចិញ្ចឹមកាន់តែ ច្រើន ដើម្បីផ្គត់ផ្គង់ហើយនឹងឈានដល់ការផ្គត់ផ្គង់បានទាំងស្រុងនៅពេលឆាប់ៗខាងមុខ នេះ ។
បើតាមលោក លី ឡាវីល អគ្គនាយកក្រុមហ៊ុន M’s Pig និងជាប្រធានក្រុមប្រឹក្សាភិ បាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា វាដល់ពេលដែលអ្នកនាំចូលទាំង ឡាយកាលពីកន្លងមក ងាកមកចិញ្ចឹមផ្គត់ផ្គង់ក្នុងស្រុកវិញហើយ ព្រោះនៅពេលចិញ្ចឹមក្នុង ស្រុកវានឹងធ្វើឱ្យខ្សែចង្វាក់ផលិតកម្មជាច្រើនទៀតដំណើរការផងដែរ ដូចជាអ្នកផលិតចំ ណី អ្នកដាំដុះវត្ថុធាតុសម្រាប់ចំណី ដូចជាពោត សណ្ដែក និងធនធានជាច្រើនសម្រាប់ ផ្គត់ផ្គង់ក្នុងការចិញ្ចឹមសត្វជាដើម ហើយថវិកាទាំងនោះក៏បានវិលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ដោយមិនបានហូរចេញទៅក្រៅទៀតឡើយ ។ ធ្វើដូចនេះ នឹងអាចឱ្យសេដ្ឋកិច្ចកម្ពុជាកាន់ តែរីកចម្រើនដោយសារតែមានការគាំទ្រ និងជំរុញពីវិស័យចិញ្ចឹមសត្វនេះ ។
គួរបញ្ជាក់ថា វិស័យចិញ្ចឹមជ្រូកកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំមុនដោយ សារតែការរាតត្បាតនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសនោះធ្វើឱ្យតម្លៃជ្រូករស់លើទីផ្សារ បានធ្លាក់ចុះស្ទើរតែហៅលែងឮ និងបង្ខំឱ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូកបោះបង់ការចិញ្ចឹម បន្តិចម្ដងៗ និងទុកឱកាសឱ្យឈ្មួញនាំចូលជ្រូកពីខាងក្រៅកាន់តែច្រើនជា ពិសេសពីប្រ ទេសវៀតណាម ។
តែក្រោយមកដោយសារតែវៀតណាមខ្វះខាតជ្រូកសម្រាប់ផ្គត់ផ្គង់លើ ទីផ្សារធ្វើឱ្យជ្រូកវៀណាមឡើងថ្លៃកាន់តែខ្លាំង ក៏បង្ខំឱ្យឈ្មួញនាំពីថៃមកផ្គត់ផ្គង់វិញ ក្នុង តម្លៃគួរសម និងបានផ្ដល់ឱកាសឱ្យអ្នកក្នុងស្រុកចាប់ផ្ដើមចិញ្ចឹមវិញបណ្ដើរៗរហូតមកដល់ ពេលនេះ ៕
ចែករំលែកព័តមាននេះ