រាជធានីភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញសង្គមមុននេះបន្តិចថា«សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ កាលពីសប្តាហ៍មុន ប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់ ។ ប៉ុន្តែក្នុងសប្តាហ៍នេះយើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ ។ » នេះបើយោងតាមផេកសម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភានេះ ។
ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់ (៣២៧,៨២១) ។ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះ គឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ ប្រទេស ។
ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងដ៏កាចសាហាវនេះ ។ ត្រូវបង្កើនអនាម័យសុខភាពរស់នៅអោយបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃអោយបានស្អាតជាប្រចាំជាមួយសាប៊ូ , ទឹកអាល់កុលឬ ចឹលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ ។
បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្ទមកលេខ ១១៥ ។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន ។ សូមស្តាប់នឹងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានជាប់ជានិច្ច ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ៕
ចែករំលែកព័តមាននេះ