ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះ​សម្រាលកូន ម្តាយ​ធ្លាក់ខ្លួន​ពិការ ខាង​គ្រូពេទ្យ​និយាយ​ថា នាង​កើត​ព្រាយ​ក្រឡាភ្លើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ នៃ​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​«​សុវណ្ណ​ឌី​»​ចោម​ចៅ ដែល​មាន​ទីតាំង​ស្ថិត នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រូពេទ្យ នៃ​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​«​សុវណ្ណ​ឌី​»​ចោម​ចៅ ដែល​មាន​ទីតាំង​ស្ថិត នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​បានរងការចោទប្រកាន់ពីក្រុម​គ្រួសារ​ស្ត្រី​ម្នាក់ថា​ គ្មាន​ជំនាញ​ច្បាស់លាស់ ស្ទើរតែ​ធ្វើ​ឲ្យ​នារីរងគ្រោះ​ម្នាក់បាត់​បង់ជីវិត ខណៈ​នាង​ធ្លាក់ខ្លួន​ពិកា​រ ស្លាប់​១​ចំហៀង​ខ្លួន និង​មាន​សតិ​ខុស​ប្រក្រតី​ ប្រៀប​ដូច​ជា​ក្មេង​អាយុ​២​ឆ្នាំ អ៊ីចឹង ។

ខណៈ​ដែល​នារី​រង​គ្រោះ​ឈឺពោះ​សម្រាលកូន​ដំបូង ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរ​សម្រាក​«​សុវណ្ណ​ឌី​»​ចោម​ចៅ ខាងលើ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា នាងលើស​ថ្ងៃ​កើត​ទៅ​ហើយ កូន​នៅ​មិន​ព្រម​កើត ហើយ​សុខភាព​ខ្សោយ​ណាស់ ទាល់តែ​សម្រាល​ដោយ​ធ្វើការ​វះកាត់ ។ លុះ​ពេល​វះកាត់​រួច នាង​មាន​អាការ​ធ្ងន់ធ្ងរ​ហើយ ក្រុម​គ្រួសារ​ស្នើ​សុំ​ឲ្យ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ បែរជា​គ្រូពេទ្យ​មិន​ព្រម​ទេ ហើយ​ថា មកពីនាង​កើត​ជំងឺ​ព្រាយ​ក្រឡាភ្លើង និង​ប្រាប់​ថា ទុក​តាមដាន​សិន រហូត​ច្រើន​ម៉ោង ទាល់តែនាង​មាន​អាការ​ធ្ងន់ធ្ងរ ​ទើប​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ប៉ុន្តែអកុសល​នាង​ធ្លាក់ខ្លួន​ពិកា​រ ស្លាប់​១​ចំហៀង​ខ្លួន និង​មាន​សតិ​ខុស​ប្រក្រតី​ ។

ម្សិលមិញនេះ នាព្រឹក​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ ក្រុម​គ្រួសារ​ស្ត្រី​ខាងលើ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​សុវណ្ណ​ឌី​»​ចោម​ចៅ ដើម្បី​និយាយ​គ្នា​ឲ្យ​ទទួលខុសត្រូវ​លើ​ករណី​នេះ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​និង​ម្ចាស់​មន្ទីរ​សម្រាក​មួយ​នេះ បដិសេធន៍​មិន​ព្រម​ទទួលខុសត្រូវ​អ្វី​ទាំងអស់ ទើប​ពួក​គាត់​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​អធិការកិច្ច​ក្រសួងសុខាភិបាល ដើម្បី​រក​យុត្តិធម៌ ។

ដោយឡែក ខាង​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​«​សុវណ្ណ​ឌី​»​ចោម​ចៅ បាន​និយាយ​ថា នេះ​គឺជា​រឿង​របស់​អ្នកជំងឺ​ទេ ព្រោះ​ពេល​វះកាត់​មិន​អី និង​បាន​ពិនិត្យ​ច្បាស់លាស់ ទើប​វះកាត់ លុះ​ពេល​វះកាត់​រួច ជំងឺ​វិវឌ្ឍន៍​បែប​នេះ ។ ហើយ​ក៏​មាន​ពេទ្យ​ម្នាក់ នៅ​ប្រចាំការ មើល​ដែរ​តើ ហើយ​ពេទ្យ​មាន​ទាំង​រូបថត ពេទ្យ​ម្នាក់​នោះ ដែល​នៅ​ជាមួយ​នោះ​ទៀត​ផង ។ មិនតែប៉ុណ្ណោះ ពេទ្យ​មិនមែន​ចេះ តែ​ចង់បាន​លុយ ហើយ​បង្ខំ​ឲ្យ​អ្នក​សម្រាល កូន​វះកាត់​នោះ​ទេ ទាល់តែ​មានការ​ព្រមព្រៀង​ថា ចង់​កើត​បែប​ធម្មជាតិ ឬ​ចង់​កើត​ដោយ​ការ​វះកាត់ ? នោះ​ពេទ្យ​ធ្វើការ​ឲ្យ​ទៅ​តាម​នោះ​ដែរ ។ ម្យ៉ាងវិញទៀត គ្រូពេទ្យ​ទាំងអស់ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ណាស់ ហើយ​ក៏​បាន​ទៅ​សួរនាំ​ដោយ​ផ្ទាល់ និង​ឆាត​ទៅ​សួរ ខ​ល​ទៅ​សួរ ជា​ប្រចាំ​ផង​ដែរ មិន​ដូច​ជា​ការ​ចោទប្រកាន់​ឡើយ ហើយ​បើ​មិន​ទទួលខុសត្រូវ មិនមែន​ទាក់ទង​ទៅ​គ្រូពេទ្យ​ព្រះ​កុសុមៈ ជួយ​សង្គ្រោះ​ឡើយ ហើយ​នេះ​គឺជា​រឿង​បុគ្គល​ផ្ទាល់ខ្លួន​ទេ រឿង​របស់​អ្នកជំងឺ​មាន​អាការ​បែប​នេះ ឲ្យ​ពួក​ខ្ញុំ​ធ្វើ​ម៉េច ? ពួក​ខ្ញុំ​ហាមឃាត់​ម៉េច​កើត​ទេ ហើយ​បើ​ដឹង​ថា មានរឿង​អ៊ីចឹង​កើតឡើង ក៏​ពួក​ខ្ញុំ​អត់​វះកាត់​ដែរ ។

ជាមួយគ្នានេះដែរ ​លោក សាត ណាត អាយុ​៤៧​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា កូនស្រី​របស់​លោក ដែល​ស្ទើរតែ​អស់​ជីវិត និង​ធ្លាក់ខ្លួន​ពិការ​ស្លាប់​១​ចំហៀង​ខ្លួន ក្រោម​ស្នាដៃ​គ្រូពេទ្យ​ខាងលើ​នោះ នាង​មានឈ្មោះ សាត ស្រី អាយុ​២៥​ឆ្នាំ មាន​ប្តី អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នាង​ទើបតែ សម្រាលកូន​លើក​ដំបូង​ប៉ុណ្ណោះ ដោយ​កាលពី​វេលា​ម៉ោង​ប្រ​ហែ​៨ ទៅ​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ នាង​ឈឺពោះ​សម្រាលកូន ហើយ​ក្រុម​គ្រួសារ បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​សុវណ្ណ​ឌី​»​ចោម​ចៅ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​សម្រាល មិន​ហ៊ាន​រក​ពេទ្យឆ្មប​រាយរង នោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ហើយ​ការ​នាំ​ទៅ​កាន់​មន្ទី​សម្រាក​ព្យាបាល និង​សម្ភព​ខាងលើ​នោះ ក៏​ដោយសារ​តែ​មើលឃើញ​ថា អាច​សង្ឃឹម​បាន​ដែរ ។ លុះ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​ប្រាប់​ថា កូន​នេះ​គ្រប់​ខែ លើស​ថ្ងៃ​កើត ហើយ​នៅ​តែ​អត់​ព្រម​កើត​ទៀត ហើយ​សុខភាព​ខ្សោយ​ណាស់ ទាល់តែ សម្រាល​ដោយ​ការ​វះកាត់ ទើបបាន បើ​មិន​មិន​ដូច្នេះ​ទេ អាច​បាត់​បង់ជីវិត​មិន​ខាន​ឡើយ ។ ក្រោយ​ពី​គ្រូពេទ្យ​ពន្យល់​បែប​នេះ រូប​គាត់​និង​ក្រុម​គ្រួសារ បាន​យល់ព្រម​ឲ្យ​ធ្វើការ​វះកាត់ ហើយ​គ្រូពេទ្យ​ទារ​ថ្លៃ​មុខកាំបិត ៦៥០​ដុល្លារ លុះ​ព្រមព្រៀង​គ្នា​ហើយ គ្រូពេទ្យ​ក៏​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ និង​ប្រគល់​លុយ​ថ្លៃ​វះកាត់ រួចរាល់​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល ទើប​ចូល​បន្ទប់វះកាត់ ។

លោក សាត ណាត បាន​បន្ត​ទៀត​ថា ការ​វះកាត់​រយៈពេល​ប្រហែល​កន្លះ​ម៉ោង ទើប​រួចរាល់ និង​សម្រាល​បានកូន​ស្រី​ម្នាក់ លុះ​រយៈពេល​១​ម៉ោង ក្រោយ​ពី​វះកាត់​រួច គឺ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល ស្រាប់តែ​កូនស្រី​គាត់​មាន​អាកា​រៈ​ឈឺ​ចុកចាប់​ក្នុង​ពោះ​យ៉ាង​ខ្លាំង ដែល​ជា​ហេតុ ធ្វើ​ឲ្យ​រូប​គាត់​និង​ក្រុម​គ្រួសារ​មានការ​ភិតភ័យ ពី​សុវត្ថិភាព​កូនស្រី ហើយ​បាន​នាំ​គ្នា​សួរនាំ និង​សំណូម​សុំ​ឲ្យ​គ្រូពេទ្យ​បញ្ជូន​កូនស្រី​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ ដែល​មាន​ជំនាញ​ជាង​នេះ ដូច​ជា​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ឬ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ជាដើម ប៉ុន្តែ​ភ្លាម​ៗ​នោះ គ្រូពេទ្យ​បាន​ប្រាប់​ថា «​ទុក​តាមដាន​បន្តិច​សិន ព្រោះ​ការ​វះកាត់ គឺ​តែងតែ​មានការ​ឈឺចាប់​បែប​នេះឯង​»​។ បន្ទាប់​ពី​គ្រូពេទ្យ​និយាយ​បែប​នេះ ពួក​គាត់​ក៏​បាន​ទ្រាំ​រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ដដែល ខណៈ​ដែល​កូន​គាត់​មាន​អាការ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ គាត់​ក៏​និយាយ​ទៅ​កាន់​គ្រូពេទ្យ​ទាំងនោះ​ថា «​បើសិនជា​កូនស្រី​ខ្ញុំ​មាន​បញ្ហា​អ្វី​កើតឡើង (​ស្លាប់​) ខ្ញុំ​នឹង​ប្ដឹង​ពេទ្យ​ឯង​ហើយ​» ។ ពេល​នោះ ទើប​ពេទ្យ ព្រម​បញ្ជូន​កូន​គាត់​ចេញ ហើយ​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​មន្ទីរ​ព​ទ្យ​ព្រះ​កុសុមៈ ឲ្យ​ទៅ​ដឹក​មក​ដឹក​យក​កូនស្រី​គាត់​ទៅ​សង្គ្រោះ​បន្ទាន់ ព្រមទាំង​បាន​បញ្ជូន​គ្រូពេទ្យ​ម្នាក់ ទៅ​ជាមួយ​ផង​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ម្នាក់​ដែល​ទៅ​ជាមួយ​នោះ បាន​ទុក​កូន​គាត់​ចោល រួច​ចាកចេញ​ទៅ​បាត់ ហើយ​រយៈពេល​៩​ថ្ងៃ​ហើយ មិន​ដែល​ឃើញ​ក្រុម​គ្រូពេទ្យ ឬ​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​សុវណ្ណ​ឌី ចោម​ចៅ ណា​ម្នាក់ អើពើ​ទៅ​មើល​សួរនាំ និង​ពិភាក្សា​ថា ត្រូវធ្វើ​យ៉ាងណា​ឡើយ ។

លោក សាត ណាត បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ គ្រូពេទ្យ​បាន​ប្រាប់​ថា ដោយសារ​ការ​វះកាត់​មិន​ស្អាត ធ្វើ​ឲ្យ​ឈាម​ហូរ​ចូល​ដក់​នៅ​ក្នុង​ស្បូន​យ៉ាងច្រើន បណ្ដាល​ឲ្យ​ចុកចាប់ មិនតែប៉ុណ្ណោះ​បាន ដាច់​ស​សៃ​ឈាម​ថែម​ទៀត​ផង ហើយ​បើ​សង្គ្រោះ​យឺតយ៉ាវ នឹង​ត្រូវ​ស្លាប់ ។ បន្ទាប់​មក ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ធ្វើការ​វះកាត់​ឡើង​វិញ យក​ឈាម​នោះ​ចេញ ព្រមទាំង​កាត់​ស្បូន​ចោល​តែ​ម្ដង ទើប​កូនស្រី​គាត់​រួច​ផុត​ពី​ស្លាប់ ប៉ុន្តែ​អ្វី​ដែល​សង្វេគ​បំផុត​នោះ​គឺ ក្រោយ​ពី​ដឹងខ្លួន​ឡើង​វិញ បែរជា​ក្លាយទៅជា​ជន​ពិការ ស្លាប់​១​ចំហៀង​ខ្លួន និង​មាន​សតិ​ខុស​ប្រក្រតី ប្រៀប​ដូច​ជា​ក្មេង​អាយុ​២​ឆ្នាំ ដូច្នោះ​ដែរ ។ នេះ​ហើយ គឺជា​លទ្ធផល នៃ​ពេទ្យ​គ្មាន​ជំនាញ ដែល​គិតតែ​ពី​ចង់បាន​ប្រាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ បើ​ដឹង​ថា​ខ្លួនឯង​គ្មាន​ជំនាញ​ហើយ មិន​ព្រម​បញ្ជូន​កូនស្រី​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ធំ​ៗ តាម​សំណូមពរ​ទេ បែរជា​ទុក​នៅ​តាមដាន ដើម្បី​ចង់បាន​ថ្លៃ​សេវា​ព្យាបាល​បន្ថែម​ទៀត រហូត​ជិត​ស្លាប់ ទើប​បញ្ជូន​ចេញ ទាំង​មិន​ទទួលខុសត្រូវ​សោះ ។

ឪពុក​បង្កើត​របស់​ស្ត្រី​រង​គ្រោះ ​បាន​សំណូមពរ​ទៅ​កាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​ក្រសួងសុខាភិបាល មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​កូនស្រី​គាត់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ