ខេត្តកំពង់ឆ្នាំង ៖ «អង្គការសាអូរី» គឺជាអង្គការមួយដែលបានរៀបចំបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៩ ប៉ុន្តែ ទើបត្រូវបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃកំឡុងឆ្នាំ២០១៩ ដោយសារការតស៊ូយ៉ាងស្វិតស្វាញរបស់នាយិកាអង្គការមួយនេះ ក្នុងគោលបំណងលើកស្ទួយគាំពារដល់ជនមានពិការភាព មានឱកាសក្នុងការសិក្សាជំនាញ ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង ។ អង្គការសាអូរី មានទីតាំង ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ផ្ដល់កិច្ចសម្ភាសន៍ជាមួយកោះសន្តិភាពកាលពីព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ នាយិកាអង្គការ សាអូរី លោកស្រី អ៊ុំ អមរារ័ត្ន បានមានប្រសាសន៍ថា លោកស្រីបានទទួលអាហារូបករណ៍នៅប្រទេសជប៉ុន រយៈពេល១ឆ្នាំ លើជំនាញតម្បាញដោយដៃ ។ លុះពេលត្រឡប់មកវិញនៅឆ្នាំ២០១៩ អង្គការរបស់លោកស្រីបានចុះបញ្ជីការនៅក្រសួងមហាផ្ទៃ ហើយចាប់ផ្តើមតំណើរការមកដល់បច្ចុប្បន្ន ដោយមានការគាំទ្រពីសំណាក់មហាជនលើផលិតផលតម្បាញដោយដៃ របស់ជនមានពិការក្នុងអង្គការរបស់លោកស្រី។

លោកស្រីនាយិកាបានបន្តថា ចំពោះគោលបំណងរបស់អង្គការ សាអូរី គឺចង់ឱ្យជនមានពិការភាពមានឱកាសក្នុងការសិក្សាជំនាញ ដើម្បីមានមុខរបរសមរម្យ ។ យើងមិនចង់ឃើញជនពិការសម្ងំនៅតែក្នុងផ្ទះ ដោយសារតែគាត់ពិការជើង ពិការភ្នែកមើលអក្សមិនឃើញ ឬពិការសតិបញ្ញាមិនអាចទទួលបាននួវចំណេះដឹងទាំងអស់នឹងជាបន្ទុករបស់ក្រុមគ្រួសារ ។ចំណុចដែលផ្តោតជាសំខាន់មួយទៀត យើងមិនចង់ឃើញជនពិការសុំទានតាមទីសាធារណៈឡើយ ។

លោកស្រីនាយិកាបានបន្តទៀតថា ទិសដៅរបស់អង្គការ សាអូរី គឺបណ្តុះបណ្តាលឱ្យជនមានពីការភាពបានចេះជំនាញលើតម្បាញដោយដៃ ដែលបានយកមកពីប្រទេសជប៉ុន ដើម្បីឱ្យពួកគាត់មានជំនឿជឿជាក់ដោយខ្លួនឯង ។ នៅពេលគាត់ព្យាយាមធ្វើបានរបស់អ្វីមួយគាត់មានចិត្តត្រេកអរ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណឹង ជនមានពិការភាពខ្លះ ពេលគាត់ព្យាយាមត្បាញ ដោយប្រើដៃជើង រាល់ថ្ងៃទៅ វាធ្វើឱ្យកាយសម្បទារបស់គាត់កាន់តែរឹងមាំជាងមុន ។

ជាចុងក្រោយ លោកស្រីក៏សូមអំពាវនាវដល់ជនមានពិការភាពគ្រប់រូប ត្រូវមានស្មារតីតស៊ូ កាត់ចោលភាពអៀនខ្មាស់ ជំនះគ្រប់ឧបសគ្គ័ ដើម្បីកែប្រែជីវិតឱ្យប្រសើរឡើង តាមរយៈការចូលមកទទួលការបណ្តុះបណ្តាលពីអង្គការរបស់លោកស្រី ដែលចាំទួលស្វាគមន៍ជានិច្ច ។

ជាមួយគ្នានេះដែរ លោក សែ ស្រេង ជាប្រជាពលរដ្ឋរស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងថា គាត់បានយកកូនប្រុសដែលមានពិការភាពផ្នែកសតិបញ្ញាមកឲ្យហ្វឹកហាត់នៅអង្គការសាអូរី អស់រយៈពេល៣ខែកន្លងមកនេះ ឃើញថា កូនប្រុសគាត់មានភាពរីកចំរើនច្រើន ដោយគេចេះស្តាប់បង្គាប់ និងធ្វើតាមអ្នកគ្រូបង្ហាត់ឱ្យគេត្បាញ ឱ្យចេះសំពះគួរសម នឹងអាចធ្វើអ្វីបានមួយចំនួនទៀត បានច្រើន ខុសពីពេលមុនដែលនៅផ្ទះ និយាយស្តាប់គ្នាមិនបាន គឺជួបការលំបាកខ្លាំងណាស់ ។ ជាចុងក្រោយ លោកបានថ្លែងអំណរគុណដល់អង្គការសាអូរី ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនដោយឥតគិតថ្លៃ ដល់ជនមានពិការភាពគ្រប់រូប។

សូមបញ្ជាក់ផងដែរថា អង្គការសាអូរី ជាអង្គការមួយដែលទទួលបានការគាំទ្រពីប្រទេសជប៉ុនដោយបានផ្តល់កីតម្បាញដោយដៃចំនួន៤គ្រឿងដែលកំពុងឱ្យជនមានពិការភាពហាត់រៀនរាល់ថ្ងៃផងដែរ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ