ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ស្រី! ទិញ​ទឹក​ក្រឡុក​១​កែង​ឱ្យ​បុរស​​រត់​ម៉ូតូ​កង់​បី​ផឹក អស់​ទ្រព្យ​ពី​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ត្រូវ​ស្ត្រី​ម្នាក់​ហៅ​ដឹក​រួច​ហើយ​ទិញ​ទឹក​ក្រឡុ​ក​មួយ​កែវ ដាក់​ថ្នាំ​សណ្ដំ​យក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ជួយ​អន្តរាគមន៍​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ត្រូវ​ស្ត្រី​ម្នាក់​ហៅ​ដឹក​រួច​ហើយ​ទិញ​ទឹក​ក្រឡុ​ក​មួយ​កែវ ដាក់​ថ្នាំ​សណ្ដំ​យក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​ជួយ​អន្តរាគមន៍​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​អ្នកលក់​ទឹកក្រឡុក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​រង​គ្រោះ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ម៉ាក ATUL ពណ៌​លឿង​លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HL-៧៩៤៩ ដឹក​ស្ត្រី​ម្នាក់​នៅ​ខាងក្រោយ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

ប្រភព​ដដែល​បន្តថា លុះ​មក​ដល់​កន្លែង​គាត់​លក់​ទឹកក្រឡុក​បាន​ឈប់​កង់​បី ហើយ​ស្ត្រី​ដែល​រួម​ដំណើរ​​ជាមួយ បាន​ចុះ​មក​ទិញ​ទឹកក្រឡុក​ចំនួន​ពីរ​កែវ ដោយ​ប្រពន្ធ​របស់​គាត់​បាន​រៀបចំ​ធ្វើ​ទឹក​ក្រឡុក រួចរាល់​ហើយ​ក៏​ប្រគល់​ទៅ​ឲ្យ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​នោះ ។ ខណៈនោះ​ស្ត្រី​ដែល​ជា​ជន​សង្ស័យ ក៏​បាន​ទាញ​យក​ទឹកក្រឡុក​ទៅ​ផឹក​មួយ​កែវ និង​បាន​ហុច​ទឹកក្រឡុក​មួយ​កែវ​អោយ​ប្រពន្ធ​​របស់​គាត់​វិញ រួម​ជាមួយនឹង​ម្សៅ​ស​មួយ​កញ្ចប់ ឲ្យ​ក្រឡុក​ម្តងទៀត​ដាក់​ក្នុង​ទឹកក្រឡុក ទុក​សម្រាប់​ឲ្យ​ទៅ​ជន​រង​គ្រោះ ដោយ​ស្ត្រី​ជា​ជនសង្ស័យ​បញ្ជាក់​ថា ជា​ស្ករស​តែ​ប៉ុណ្ណោះ ពេល​នោះ​បុរស​រង​គ្រោះ ហាក់ដូចជា​គ្មាន​ស្មារតី​គ្រប់គ្រាន់ ភាំង​ៗ​សួរនាំ​ជា​ច្រើន​សារ ទើប​និយាយ​តប​មក​វិញ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ស្ត្រី​ជា​ជនសង្ស័យ បាន​យក​ទឹកក្រឡុក​មួយ​កែវ​នោះ យក​ទៅ​ជន​រង​គ្រោះ​ផឹក រួច​ក៏​បន្តដំណើរ​ទៅ​មុខជា​បន្ត​ទៀត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក្បែរ​កន្លែង​គាត់​លក់​ទឹកក្រឡុក ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​កង់​បី​នៅ​លើ​ចិញ្ចើម​ផ្លូវ មិនយូរ​ប៉ុន្មាន ស្រាប់តែ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​កង់​បី ឡើង​ទៅ​ឈប់​ចត​នៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ ដែល​មាន​សភាព​ស្ងប់ស្ងាត់ ។ ពេល​នោះ​ពួក​គេ​ទាំង​២​នាក់ ក៏​បាន​អង្គុយ​និយាយ​គ្នា​នៅ​ក្នុង​ម៉ូតូ​កង់​បី​ខាងលើ មួយសន្ទុះ​ក្រោយ​មក ស្ត្រី​ជា​ជនសង្ស័យ​ក៏​បាន​ដើរ​ចេញពី​ម៉ូតូ​កង់​បី គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ទៅ ។

ភ្លាម​ៗ​នោះ​ដោយ​មានការ​សង្ស័យ គាត់​ក៏​បាន​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​​ស្តូក​ស្តឹក​នៅ​ក្នុង​ម៉ូតូ​កង់​បី ។ គាត់​ក៏​បាន​ដាស់​ជន​រង​គ្រោះ ប៉ុន្តែ​ដាស់​មិន​ភ្ញាក់ ទើប​គាត់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​មក​អន្តរាគមន៍ ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​​ចុះ​មក​ដល់ និង​បាន​ដាស់​បុរស​រង​គ្រោះ​ធ្វើការ​សួរនាំ ប៉ុន្តែ​បុរស​រង​គ្រោះ​បាន​បាត់បង់​ស្មារតី សួរនាំ​អ្វី​ក៏​មិនដឹង​រឿង​ដែរ ទើប​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ រក​អត្តសញ្ញាណ​ដើម្បី​ទាក់ទង​ទៅ​សាច់ញាតិ ប៉ុន្តែ​រក​មិនឃើញ​មាន​អ្វី​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​ទល់​តែ​សោះ ហើ​យ​ក៏​មិនដឹង​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វីខ្លះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ ក៏​បាន​នាំ​គ្នា​ជួយ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ រង់ចាំ​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ ឲ្យ​មក​ទទួលយក​បុរស​រង​គ្រោះ​ត្រលប់​ទៅ​វិញ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់ថា នេះ​ជា​អ្នក​រត់​ម៉ូតូ​កង់​៣​ម្នាក់​ទៀត​ហើយ ដែល​ត្រូវ​ថ្នាំ​សណ្ដំ​តាម​រយៈ​ស្ត្រីភេទ ខណៈ​​រត់​ម៉ូតូ​កង់​៣​នៅ​ពេល​យប់ ។ សម្រាប់​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​មានការ​ប្រុង​ប្រយ័ត្ន​ផង បើ​មាន​ម៉ូយ​ស្រី​ៗ​ហៅ​ជិះ​នៅ​ពេល​យប់ ។

នេះជា​ករណី​ទី១ ៖ មានរឿង​អ្វី​ទៅ​! នារី​វ័យក្មេង​អោប​ថើប​អ្នក​រត់​កង់​បី​ក៏​ស្ងាត់ឈឹង រួច​នាង​យួរ​ថង់​ដើរ​ចេញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ