ប្រយ័ត្ន​! មាន​ជំងឺ​ពុក​ឆ្អឹង គួរ​ចៀសវាង​អាហារ​បែប​ណាខ្លះ?


របប​អាហារ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខភាព​ឆ្អឹង​។ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​ធ្លាប់​ដឹង​ពី​អាហារ​ដែល​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​រួច​មក​ហើយ ប៉ុន្តែ​ចុះ​ចំពោះ​អ្នក​ដែល​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​នេះ​វិញ? គួរ​ចៀសវាង​អាហារ​និង​ភេសជ្ជៈ​អ្វីខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នកជំងឺ​ពុក​ឆ្អឹង​គួរ​ចៀសវាង ៖

១. សណ្ដែក Legumes

ទោះបី​ពពួក​សណ្ដែក Legumes រួម​មាន​សណ្ដែកខៀវ ឬ​សណ្ដែកក្រហម​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​និង​ជាតិ​ស​សៃ​ដែល​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ពពួក​សណ្ដែក​នេះ​ក៏​មាន​ផ្ទុក​សារធាតុ phytates ដែល​រារាំង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ផង​ដែរ​។ ទោះជា​យ៉ាងណា​អ្នក​អាច​កាត់​បន្ថយ​សារធាតុ phytates បាន​តាម​រយៈ​ការ​ត្រាំ​សណ្ដែក​ក្នុង​ទឹក​សម្រាប់​រយៈពេល​ប៉ុន្មាន​ម៉ោង​ជា​មុន​សិន សឹម​ចម្អិន​ទទួលទាន​។

២. អាហារ​ផ្អែម

ការ​ទទួលទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​ច្រើន​ពេក​ផ្សារ​ភ្ជាប់​នឹង​ការ​រលាក​ក្នុង​រាង​កាយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ រួម​ទាំង​ជំងឺ​ពុក​ឆ្អឹង​។

៣. ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង

ក្រៅពី​មាន​ផ្ទុក​សម្បូរ​ជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ​ក៏​មាន​ផ្ទុក អាស៊ីត​ផូ​ស្វ​រិ​ក​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេង​ទៀត​ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​ផង​ដែរ​។ អាស៊ីត​ផូ​ស្វ​រិ​ក​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរ​ឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយ​ចំនួន​ទៀត​សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ធ្វើ​ឱ្យ​ឆ្អឹង​ចុះ​ខ្សោយ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នា​ពេល​អនាគត​ផង​ដែរ​។

៤. កាហ្វេ

វា​ជា​ការ​ប្រសើរ​ចំពោះ​សុខភាព ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​ត្រឹមតែ​ពី ២ ទៅ ៣ ពែង​ក្នុង​មួយ​ថ្ងៃ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រសិនបើ​អ្នក​ទទួលទាន​វា​លើស​ពី​នេះ កាហ្វេ​នឹង​បណ្ដាល​ឱ្យ​មាន​បញ្ហា​អាក្រក់​ជា​ច្រើន​កើតឡើង​ចំពោះ​សុខភាព​។ ក្រៅពី​បញ្ហា​ថប់​បារម្ភ​ឈឺក្បាល​និង​ហានិភ័យ​នៃ​ជំងឺ
បេះដូង​ហើយ​នោះ ការ​ចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​អាច​ជា​លទ្ធផល​នៃ​ការ​ទទួលទាន​កាហ្វេ​ច្រើន​ពេក​ផង​ដែរ​។ បញ្ហា​នេះ​កើតឡើង​ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ក្នុង​កាហ្វេ​បង្កើន​ការ​ផលិត​ទឹកនោម ហើយ​បណ្ដាល​អោយ​ជាតិ​កាល់ស្យូម​មួយ​ចំនួន​ក្នុង​រាង​កាយ​ត្រូវ​បង្ហូរ​ចេញ​តាម​នោះ​ដែរ​។

៥. សាច់​ក្រហម

ក៏​ដូច​ទៅ​នឹង​កាហ្វេ​អ៊ី​ន​ដែរ សាច់​ក្រហម គឺជា​អ្វីមួយ​ដែល​អាច​បណ្ដាល​ឱ្យ​ឆ្អឹង​បាត់បង់​ជាតិ​កាល់ស្យូម​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ឬ​ក៏​មិន​ចង់​កើត​ជំងឺ​នេះ​ទេ​នោះ ចូរ​កម្រិត​ការ​ទទួលទាន​សាច់​ក្រហម​របស់​អ្នក​ដោយ​មិន​គួរ​លើស​ពី ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍​ឡើយ​។ ជា​ពិសេស​សាច់​ក្រហម​កែ​ច្នៃ​!

៦. អាហារ​ប្រៃ

សូ​ដ្យូ​ម​ក៏​ជា​អ្វីមួយ​ដែល​បណ្ដាល​ឱ្យ​ជាតិ​កាល់ស្យូម​ត្រូវ​បាត់បង់​ពី​ក្នុង​រាង​កាយ​ហើយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​អ្នក​មិន​គួរ​ទទួលទាន​លើស​ពី ២៣០០ មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

ទេសចរណ៍-សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ