ខេត្តកែប ៖ ដីព្រៃលិចទឹកមួយកន្លែងសម្បូរទៅដោយដើមកោងកាង នៅខាងត្បូងស្ពានដែកជាប់នឹងដីមាត់សមុទ្រ និងស្រែអំបិល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អីរ ត្រូវបានគេយកគ្រឿងចក្រឈូសឆាយកាយជាព្រំហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិ វាយផ្តួលនិងវាយបំផ្លាញចោលបង្គោលបេតុងរបស់មន្ត្រីជលផលខេត្តកែបអស់ចំនួន៥ ។

បង្គោលដែលបានដាក់ដោយមន្ត្រីជលផលយកទៅបោះព្រំព្រៃលិចទឹកនេះដើម្បីការពារព្រៃកោងកាង ។ លោក ចក់ ស៊ីនាថ មន្ត្រីជលផលខេត្តកែប មិនបាននិយាយលម្អិតរឿងគេវាយបង្គោលដែលក្រុមមន្ត្រីរបស់ខ្លួនយកទៅបោះព្រំដីហើយត្រូវបានវាយកម្ទេចចោលនោះទេ គ្រាន់តែនិយាយថា គេរារាំងមិនឱ្យយកបង្គោលទៅបោះព្រំដីរបស់មន្ត្រីជលផលដែលខ្លួនបានគ្រប់គ្រង ។

នៅព្រឹកថ្ងៃទី១៦ ឧសភា អ្នកយកព័ត៌មានបានទូរស័ព្ទទាក់ទងទៅឯកឧត្តម កែន សត្ថា អភិបាលខេត្តកែបចំនួន២ដងដែរ តែទូរស័ព្ទរោទ៍ចោលទទេ មិនមានអ្នកលើក ។ ឯកឧត្តម កែន សត្ថា ធ្លាប់បានប្រតិកម្មរួចម្ដងហើយ ចំពោះមន្ត្រីស្រុកដំណាក់ចង្អើរមិនបានរាយការណ៍រឿងរ៉ាវដែលបុគ្គលមួយចំនួនចាក់ដី និងធ្វើរបងព័ទ្ធយកដីរបស់រដ្ឋ ។

លោក ព្រំ គន្ធី អភិបាលរងខេត្តកែបបាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែឧសភានេះថា ពាក់ព័ន្ធនឹងការយកគ្រឿងចក្រទៅកាយហ៊ុមព័ទ្ធយកដីព្រៃលិចទឹកនេះ បើតាមដឹង ខាងម្ចាស់ដីថា គេមានឯកសារស្របច្បាប់របស់គេដែរ តែលោកដឹងដោយប្រយោលទេ ។ លោកអភិបាលរងខេត្តបាននិយាយប្រាប់ថា នៅថ្ងៃទី១៩ ខែឧសភា រដ្ឋបាលខេត្តបានកោះប្រជុំជាបន្ទាន់មួយរឿងដីព្រៃលិចទឹកដែលគេឈូសចោលនេះ ។

ដោយឡែកអតីតម្ចាស់ស្រែអំបិល នៅខាងត្បូងស្ពានដែក ស្ថិតនៅភូមិអង្កោលនេះក៏បាននិយាយប្រាប់ថា ដីស្រែអំបិលនេះមានចំនួន៤០ហិកតា តែបច្ចុប្បន្ននេះលោកបានផ្ទេរលក់ឱ្យទៅលោកឧកញ៉ាម្នាក់នៅភ្នំពេញអស់ហើយ ។ ទោះជាបែបណា ដីព្រៃលិចទឹក នៅជាប់មាត់សមុទ្រ គ្រឿងចក្របានកាយព្រំដីថ្មីសុទ្ធសាធហើយគ្រឿងចក្រក៏មានការពិបាកធ្វើការកាយផងដែរ ព្រោះមានល្បាប់ភក់ច្រើន ។

តែគ្រឿងចក្រនេះកាយបានដោយសារតែក្រាលបន្ទាស់ដែកធំៗធ្វើជាផ្លូវទើបកាយបាន ដោយកាយធ្វើជាទំនប់រាប់គ.មយ៉ាងផុយស្រួយ ផ្តួលរំលំអស់ព្រៃកោងកាងដែលជាតំបន់ហាមឃាត់ ឯរដ្ឋអំណាចស្ងាត់មាត់ ៕






ចែករំលែកព័តមាននេះ