ខេត្តកែប ៖ ពិតជាស្រស់ស្អាតណាស់ ទិដ្ឋភាពខេត្តកែបនាថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ នេះ ដែលជាថ្ងៃសម្រាកចុងសប្ដាហ៍ នៅរមនីយដ្ឋានឆ្នេរកែប ក្រុងកែប សង្កេតឃើញថា ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ នៅតែបន្តមកសម្រាកលំហែកម្សាន្ត ស្រូបខ្យល់អាកាសបរិសុទ្ធ និងទទួលទានគ្រឿងសមុទ្រស្រស់ៗ ជាលក្ខណៈបងប្អូន មិត្តភក្តិ ក្រុមគ្រួសារ ប្រកបដោយភាពសប្បាយរីករាយ ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តកែបចេញផ្សាយនាថ្ងៃទី១៧ ខែឧសភានេះ ។

សូមបញ្ជាក់ ៖ កាលព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបបានបញ្ជាក់ថា ៖ បច្ចុប្បន្ននេះរដ្ឋបាលខេត្តកែបមានម៉ាស៊ីនជាប្រចាំសម្រាប់វាស់កម្រិតខ្យល់ ។ នៅពេលខ្យល់ ឬទឹកមានជាតិពុលនោះម៉ាស៊ីននឹងដឹង ដោយនៅខេត្តកែបកម្រិតខ្យល់ពុលនោះទេ ។

លោកបន្តថា រដ្ឋបាលខេត្តកែបកំពុងពិភាក្សាគម្រោងរៀបចំផែនការក្នុងការរៀបចំវិស័យទេចរណ៍ខេត្តកែប ដោយតំបន់ណាសម្រាប់សាធារណៈ ឆ្នេរខ្សាច់បែបណាទាក់ទាញ ហើយរៀបចំស្ពានទៅកោះទន្សាយរៀបចំធ្វើយ៉ាងណាឲ្យទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកច្រើន ។

លោកបញ្ជាក់ថា គម្រោងទាំងនេះនឹងដាក់ឆ្លងទៅកាន់គណៈកម្មការអន្តរក្រសួង រួចហើយដាក់ទៅរាជរដ្ឋាភិបាលដើម្បីសម្រេចទើបចាប់ផ្តើមអនុវត្តតែម្តង ៕





ចែករំលែកព័តមាននេះ