រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ព្រឹកនេះគ្មានអ្នកឆ្លងថ្មី និងជាសះស្បើយពីជំងឺកូវីដ១៩ ឡើយ បើតាមការផ្សាយរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៥ ខែឧសភានេះ បានឲ្យដឹងថា អ្នកជំងឺសះស្បើយមានចំនួន១២១នាក់ ក្នុងចំណោម១២២នាក់ ដែលជាអ្នកឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះទាមទារឲ្យបុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារការចម្លងឲ្យបានជាប់ជានិច្ច ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួន ។
លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងនៅក្នុងប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៤ ខែឧសភាថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ព្រមទាំងកន្លែងលក់ដូរផ្សេងៗ ត្រូវតែបន្តអនុវត្តន៍វិធានការការពារឲ្យទៅតាមបែបនៃការរស់នៅ «សភាពធម្មតាបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» នៅកម្ពុជា និងអនុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវធានាថា «ទីតាំងធុរកិច្ចរបស់ខ្លួនមិនត្រូវក្លាយជាទីកន្លែងចម្លងវីរុសកូវីដ-១៩ ដល់អតិថិជន ឬអ្នកបម្រើការនៅទីនោះឡើយ ។
ដោយកាលពីដើមសប្តាហ៍នេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ «អ្វីដែលខ្ញុំចង់និយាយជាចុងក្រោយនេះគឺថា ខ្ញុំសូមនិយាយថាយើង (កម្ពុជា) ត្រូវរៀបចំខ្លួនឲ្យរួចជាស្រេចសម្រាប់ការឆ្លើយតបក្នុងករណីមានការឆ្លងទ្រង់ទ្រាយធំណាមួយ ដូចយើងបានសង្កេតឃើញថាកម្ពុជាបានធ្វើការឆ្លើយតបបានយ៉ាងល្អសម្រាប់រយៈពេល ៣ ខែចុងក្រោយនេះ ប៉ុន្តែបើសិនជាមានការកើតឡើង ឬផ្ទុះទ្រង់ទ្រាយធំ នោះជាការបារម្ភរបស់យើង» ។
លោកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្លះហាក់ដូចជា ប្រញាប់ប្រញាល់ក្នុងការបើកឡើងវិញនូវអាជីវកម្មរបស់ខ្លួន ក្រោយពីការរកមិនមានករណីឆ្លងថ្មីរយៈពេលជិត ១ ខែនេះ ដូច្នេះអង្គការសុខភាពពិភពលោកសូមជម្រុញគ្រប់ប្រទេសទាំងអស់ រួមទាំប្រទេសកម្ពុជាផងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ។
លោកស្រី Li Ailan បានព្រមានថា កម្ពុជាអាចប្រឈមមុខនឹងការបិទប្រទេសឬបិទតំបន់បើប្រជាពលរដ្ឋកម្ពុជាមានការធ្វេសប្រហែស ដោយធ្វើការជួបជុំគ្នាច្រើន ហើយអាជីវកម្មផ្សេងៗបន្តសកម្មភាពធម្មតា ដោយពុំមានវិធានការណ៍ត្រឹមត្រូវក្នុងការទប់ស្កាត់វីរុសឆ្លងកូវីដ-១៩ ៕
សូមររំលឹកថា គិតត្រឹមថ្ងៃទី១៥ ឧសភា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១២២នាក់ ខណ:ព្យាបាលបានជាសះស្បើយ កើនដល់១២១នាក់ ដោយឡែកនៅសល់អ្នកជំងឺតែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខ្មែរ-សូវៀត៕
ចែករំលែកព័តមាននេះ