ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ករត្នោត​ខ្មែរ មានឈ្មោះ​ល្បី​រន្ទឺ​នៅ​លើ​ទីផ្សារ​ទាំងស្រុង និង​ក្រៅ​ស្រុក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​និយាយ​ពី​ស្ករត្នោត​នោះ យើង​នឹង​នឹក​ដល់​ដើម​ត្នោត​ជាក់​ជា​មិន​ខាន​ព្រោះ​ដើម​ត្នោត គឺជា​វត្ថុធាតុដើម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ស្ករត្នោត​។ ដើម​ត្នោត​ត្រូវ​បានដឹង​ថា មាន​ញី និង​ឈ្មោល ហើយ​ចំពោះ​ដើម​ទាំង​២​នេះ គឺ​កសិករ​អាច​កៀប​យក​ទឹក​មក​រំងាស់​ធ្វើ​ជា​ស្ករត្នោត​បាន​ដូច​គ្នា​។…

ខេត្តកំពង់ស្ពឺ ៖ បើ​និយាយ​ពី​ស្ករត្នោត​នោះ យើង​នឹង​នឹក​ដល់​ដើម​ត្នោត​ជាក់​ជា​មិន​ខាន​ព្រោះ​ដើម​ត្នោត គឺជា​វត្ថុធាតុដើម​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ស្ករត្នោត​។ ដើម​ត្នោត​ត្រូវ​បានដឹង​ថា មាន​ញី និង​ឈ្មោល ហើយ​ចំពោះ​ដើម​ទាំង​២​នេះ គឺ​កសិករ​អាច​កៀប​យក​ទឹក​មក​រំងាស់​ធ្វើ​ជា​ស្ករត្នោត​បាន​ដូច​គ្នា​។ បច្ចុប្ន​ន្ន​ស្ករត្នោត​ខ្មែរ ដែល​ជា​ផលិតផល​របស់​ខេត្តកំពង់ស្ពឺ មានឈ្មោះ​ល្បី​រន្ទឺ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ទំនើប​នានា នៅ​រាជធានី​ភ្នំពេញ និង​លើ​ទីផ្សារ​អន្តរជាតិ​តាម​រយៈ​ដៃគូ​សហការ​ជាដើម​។

បើ​តាម​លោក​សំ សា​រឿង ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​សមាគម​មាន​សមាជិក​៨៥​គ្រួសារ ក្នុង​នោះ​១៦​ភូមិ និង​៦​ឃុំ សុទ្ធតែ​ជំនាញ​ផលិត​ស្ករត្នោត​តាម​ស្តង់ដា​អន្តរ​ជាតិ​។ ស្ករត្នោត​ខ្មែរ​ដែល​ផលិត​ដោយ​កសិករ​ជា​សមាជិកសមាគម​នៅ​ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ​នេះ កំពុង​ពេញ​និយម​ខ្លាំង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅ​ស្រុក ខណៈ​ដែល​ការ​ផលិត​ហាក់​មិន​ទាន់​ធ្វើ​បាន​តាម​ការ​កុម្ម៉ង់​របស់​ដៃគូរ​សហការ​នោះ ទេ​។

លោក​ប្រធាន​សមាគម​បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ប្រជា​កសិករ​ដែល​ទំនេរ​ពី​ការ​ធ្វើស្រែ​ចំការ និង​ជា​សមាជិក​របស់​សមាគម​ផលិត​ស្ករត្នោត​ខ្មែរ កំពុង​មមាញឹក​ក្នុង​ការ​ផលិត ដោយសារ​តម្រូវ​ការ​ទីផ្សារ​ហាក់​កើន​ជាង​មុន ជា​ពិសេស​តម្រូវការ​ក្រៅ​ស្រុក​ក៏​ត្រូវការ​ច្រើន ។ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ការ​ផលិត​របស់​សមាគម​មិន​បាន​តាម​ការ​កុម្ម៉ង់​ពី​ដៃគូរ​សហការ​របស់​ខ្លួន​នោះ​ទេ​។

លោក​ប្រធាន​បាន​បន្ត​ថា សម្រាប់​ឆ្នាំ 2020 នេះ យើង​ផលិត​ស្ករ​ម្សៅ​បាន 143​តោន ហើយ​ចំពោះ​ស្ករ​ប្រភេទ​ស្ករ​សាច់​បាន 157 តោន ចំណែក​តម្លៃ​ចំពោះ​ស្ករ​ម្សៅ​កសិករ​ដែល​ជា​សមាជិក​របស់​សមាគម​លក់​ក្នុង​មួយ​គីឡូ 6000 ទៅ 7000 រៀល​នេះ​។

លោក​ប្រធាន​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​ផលិត​ស្ករត្នោត​ក្នុងឆ្នាំនេះ​បាន​តិច​ឬ​ច្រើន​ជាង​ឆ្នាំ​មុន​នោះ​ទេ គ្រាន់តែ​លោក​បង្ហាញ​ថា ក្នុងឆ្នាំនេះ​ការ​ផលិត​មិន​ទាន់​តាម​តម្រូវការ​កម្ម​ង់​ទិញ​ពី​ដៃ​គួ​សហការ​ឡើយ​។

លោក​ប្រធាន​បន្ត​ថា ស្ករ​សាច់​កសិករ​ដែល​ជា​សមាជិក​លក់​បាន​ពី 4000​រៀល ទៅ 5000 រៀល​ក្នុង​មួយ​គីឡូក្រាម​(​ក្នុងស្រុក​)​។ ចំណែក​ស្ករ​ម្សៅ គឺជា​ស្ករ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ចំណែកឯ​ស្ករ​សាច់ គឺ​សម្រាប់​លក់​ក្នុង​ប្រទេស តែ​ពេល​ខ្លះ​តម្រូវការ​ក្រៅ​ស្រុក​ក៏​អាច​ត្រូវការ​ស្ករ​ប្រភេទ​សាច់​ដែរ តែ​គេ​អាច​ប្រើប្រាស់​បាន​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

បច្ចុប្បន្ន​អ្វី​ដែល​ខាង​សមាគម​យកចិត្តទុកដាក់​និង​គិតគូរ​បំផុត​នោះ គឺ​ចង់​ឲ្យ​សមាជិក​អ្នក​ផលិត​ស្ករ​លក់​ចេញ​បាន​កម្រៃ​ខ្ពស់ តែ​ទោះជា​យ៉ាងណា​ក៏​ឲ្យ​ស្រប​ទៅ​តាម​តម្លៃ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ ហើយ​ដើម្បី​ឈាន​ដល់​ការ​ផលិត​បាន​តាម​តម្រូវការ​នោះ​ខាង​សមាគម​បាន​ដាក់​ចេញ​នូវ​វិធានការ​ការពារ និង​ថែរក្សា​ដើម​ត្មោ​ត ដោយ​មិន​អោយ​មានការ​កាប់​បំផ្លាញ​ឡើយ លើកលែង​តែ​ដើម​នោះ​ចាស់​ដល់​អាយុ​ការ​ងាប់​តាម​ធម្មជាតិ​។

បើ​តាម​លោកស្រី រតនា រស់នៅ​ម្តុំ​ផ្សារ​ដី​ហុយ បាន​ប្រាប់​ផង​ដែរ​ថា «​កាលពីមុន​ក្រុម​គ្រួសារ​របស់​គាត់​ប្រើ​តែ​ស្ករស​សម្រាប់​ជីវភាព និង​តម្រូវការ​ប្រចាំ​ថ្ងៃ តែ​ឥលូវ​នេះ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ងាក​មក​ប្រើ​ស្ករត្នោត​ខ្មែរ​វិញ​ហើយ ព្រោះ​ទាំង​ក្លិន និង​រសជាតិ​ពិតជា​ឈ្ងុយ​ឆ្ហា​ញ់​ខ្លាំង​ណាស់​។ ជា​រៀង​រាល់​អាទិត្យ​លោកស្រី​តែងតែ​ទៅ​ទិញ​ស្ករត្នោត​កំពង់ស្ពឺ​នេះ នៅ​ផ្សារ​ទំនើប​មួយ​នៅ​ជិត​ផ្ទះ​របស់​គាត់ ដោយ​បាន​ទិញ​ទាំង​ស្ករ​សាច់ និង​ស្ករ​ម្សៅ ដើម្បី​យក​មក​ទុក​ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ដែរ​។

លោកស្រី​បញ្ជាក់​ថា ស្ករ​ម្សៅ​អាច​យក​ទៅ​ឆុង​ជាមួយ​កាហ្វេ និង​គ្រឿង​ភេសជ្ជៈ​ផ្សេង​ៗ​បាន ចំណែក​ស្ករ​សាច់​ទុក​ប្រឡាក់សាច់ ឬ​ខ និង​ស្ល​ជាដើម​។​ល​។ ទោះជា​យ៉ាងណា​ក៏​លោកស្រី​មិន​បោះបង់​ចោល​ស្ករស​ដែរ​»​។ ហើយ​ក្នុង​នាម​ពលរដ្ឋ​មួយ​រូប​សំណូមពរ​អោយ​បងប្អូន​ទូ​ទាំង​ប្រទេស សូម​ងាក​មក​ប្រើ​ស្ករត្នោត​ខ្មែរ​ឱ្យ​បាន​ផុលផុស ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​សមា​ជិកសមាគម​ថែម​មួយ​កំរិត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ