ស្មាន​មិន​ដល់​សោះ​ថា «​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លាយ​ទឹកឃ្មុំ​» ល្អ​យ៉ាងនេះ​ចំពោះ​សុខភាព


ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​និង​ទឹកឃ្មុំ ប៉ុន្តែ​ប្រហែលជា​មិន​ដែល​ចាប់​អាម្ម​ណ៍​ទេ​ថា​ប្រសិនបើ​រួម​បញ្ចូល​គ្នា​វា​នឹង​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​សុខភាព​។ ថា​តើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លាយ​ទឹកឃ្មុំ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ធ្វើ​ភេសជ្ជៈ​ធម្មជាតិ​នេះ ព្រមទាំង​ផល​ល្អ​ៗ​របស់​វា ៖

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ រួច​បន្ថែម​ទឹកឃ្មុំ​ធម្មជាតិ ១ ស្លាបព្រា​បាយ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​រាល់​ព្រឹក​មុន​អាហារ ៣០ នាទី​។ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួលទាន​នៅ​ពេល​ផ្សេង​ទៀត​ខុស​ពី​ពេល​ព្រឹក​ផង​ដែរ​។

១. បង្កើន​ថាមពល​រាង​កាយ

នេះ​ក៏​ព្រោះតែ​ទឹកឃ្មុំ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​ដែល​ផ្ដល់​ថាមពល​ដល់​រាល់​កោសិកា​ក្នុង​រាង​កាយ​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ​ផង​ដែរ​។

២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ

ទឹកក្រូច​ឆ្មារ​ស្រស់​ដែល​អ្នក​បាន​បន្ថែម​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លាយ​ជាមួយ​ទឹកឃ្មុំ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ។ ហើយ​វីតាមីន​នេះ​ចាំបាច់​ណាស់​សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។ រីឯ​ទឹកឃ្មុំ​វិញ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​មិន​ឱ្យ​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ក៏​ដូច​ជា​សុខភាព​ទាំងមូល​។

៣. កាត់​បន្ថយ​ការ​ឈឺចាប់

នេះ​ក៏​ព្រោះតែ​ទឹកឃ្មុំ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។ ហើយ​នេះ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លាយ​ទឹកឃ្មុំ​ជា​ប្រចាំ​អាច​ជួយ​ដោះស្រាយ​បញ្ហារ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាង​កាយ ព្រមទាំង​អាកា​រៈ​ឈឺសន្លាក់ ឡើង​រឹង និង​ហើម​ពិសេស​នៅ​ពេល​ព្រឹក​។

៤. ជួយ​ឱ្យ​ស្រក​ទម្ងន់

នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​និង​ទឹកឃ្មុំ​មាន​ផ្ទុក​សារធាតុ polyphenol និង​ជាតិ​ស​សៃ pectin ដែល​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុត​ពី​ជំងឺ​ធាត់​ជ្រុល​។ ចូរ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​ៗ​លាយ​ទឹកឃ្មុំ​នៅ​រាល់ពេល​អ្នក​ឃ្លាន​អ្វី​ដែល​ផ្អែម​ៗ​ខ្លាំង​។ ភេសជ្ជៈ​នេះ​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​។

៥. ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

ទាំង​ក្រូចឆ្មារ​និង​ទឹកឃ្មុំ គឺ​សុទ្ធតែ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួម​ទាំង​វីតាមីន C ដែល​ប្រយុទ្ធ​ប្រឆាំង​រ៉ា​ឌី​កាល់​សេរី​ជួយ​ទប់ស្កាត់​និង​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​មិន​ឱ្យ​បំផ្លាញ​កោសិកា​បង្ក​ជា​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ផ្សេង​ៗ​ដូច​ជា ជំងឺ​ភ្លេចភ្លាំង ជំងឺ​ទឹកនោមផ្អែម ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​និង​ជំងឺបេះដូង​៕ ប្រភព ៖ Health.com.kh

ទេសចរណ៍-សុខភាព

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ