រាជធានីភ្នំពេញ ៖ យុវជនទំនើងមានស្រី មានប្រុស សរុប៩នាក់ ត្រូវកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១០ វិច្ឆិកា ២០១០ បន្ទាប់ពីជនទំនើងទាំងនោះប្រើអំពើហិង្សាយកដបគប់គ្នាទៅវិញទៅមក ក្នុងហាងលក់បបរសយីហោសូរិយា ផ្ទះលេខ៦Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាច។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយឱ្យដឹងថា មុនពេលកើតហេតុ មានយុវជនស្រី-ប្រុសចំនួន៦នាក់ ជិះម៉ូតូបីគ្រឿង ចូលហូបបបរសនៅក្នុងហាងសូរិយា ដែលមានទីតាំងផ្ទះលេខ៦Eo ផ្លូវលេខ៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ លុះហូបបានបន្តិចគេឃើញមានយុវជនបីនាក់ជិះម៉ូតូមួយគ្រឿង ឈប់នៅមុខហាងខាងលើ ក៏បានចូលហូបបបរសដែរ។
នៅពេលហូបបបរសនោះ គឺមាននារីម្នាក់ដែលជាភាគីខាង៦នាក់ បានដើរចេញពីបន្ទប់ទឹក ហើយរអិលជើងដួល ស្របពេលនោះ ភាគីខាងយុវជនដែលមានគ្នីគ្នាបីនាក់បាននិយាយបន្ទរថា «តិចដួលងាប់» រួចនាំគ្នាសើចហាក់ដូចជាចំអក ធ្វើឱ្យភាគីខាងស្រីៗ បានតបតដាក់វិញ និងធ្វើការស្តីបន្ទោសយ៉ាងច្រើន បណ្តាលឱ្យមានការស្រែកឡូឡាដាក់គ្នា និងឈានទៅគប់គ្នាទៅវិញទៅមក៕
ចែករំលែកព័តមាននេះ