រាជធានីភ្នំពេញ ៖ ខណៈភ្លៀងបានបង្អុរមកមួយមេទាំងព្រឹកនោះ ដើមក្ងោកមួយដើមបានបាក់សង្កត់លើរថយន្តមួយគ្រឿងយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវរង្វង់មូលវត្តភ្នំ ត្រង់ចំណុចទល់មុខនឹងអគ្គិសនីកម្ពុជា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្នុងពេលមេឃភ្លៀងលាយជាមួួយខ្យល់បោកបក់យ៉ាងខ្លាំងនោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៣ ឧសភា នេះ តែចាត់ទុកជាសំណាងល្អមួយ ដែលមិនប៉ះពាល់អាយុជីវិតអ្នកដំណើរ។ ដូច្នេះ សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ចំពោះសុវត្ថិភាព ពិសេសក្នុងរដូវមានភ្លៀងធ្លាក់នេះផងដែរ ។
សូមបញ្ជាក់ថា តាំងពីព្រឹកព្រលឹមថ្ងៃទី១៣ ឧសភា នេះ មេឃបានបង្អុរភ្លៀងធ្លាក់យ៉ាងខ្លាំងចំកណ្តាលក្រុងភ្នំពេញ ធ្វើឱ្យតាមបណ្តាដងផ្លូវមួយចំនួនត្រូវលិចលង់ដោយសារទឹកភ្លៀង ហើយព្រោះតែប្រព័ន្ធលូមានការស្ទះ ជាហេតុធ្វើឱ្យទឹកហូរចូលទៅក្នុងលូមិនទាន់នោះទេ ។
ជាក់ស្តែង ទិដ្ឋភាពនៅតាមខាងមុខរោងចក្រ QMI មុខផ្សារឯករាជ្យ២ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន មានកំណាត់ផ្លូវមួយកំណាត់ត្រូវបានទឹកលិចត្រឹមជង្គង់ បណ្តាលឱ្យយានយន្តធ្វើដំណើរ ក៏ដូចជាម៉ូតូត្រូវរលត់កណ្តាលទឹកធ្វើឱ្យម្ចាស់ចុះបណ្តើរម៉ូតូរបស់ខ្លួនកាត់តាមទឹកតែម្តង មិនត្រឹមប៉ុណ្ណោះ នៅតាមដងផ្លូវនានា ត្រូវបានគេឃើញថា សុទ្ធតែទឹក និងមានសំរាមអណ្តែតពេញដងផ្លូវតែម្តង។