ផោម ជាខ្យល់ដែលចេញចាកវច្ចមគ្គគឺខ្យល់ដែលចេញមកតាមទ្វារធំ (រន្ធគូទ) ហៅថាដំណើរខ្យល់ក្រោម ឬបញ្ចេញផោម ។ ផោម ជាប្រភេទខ្យល់មិនល្អចេញពីក្នុងខ្លួនមកខាងក្រៅ ហើយក្លិននេះមិនដែលធ្វើឱ្យអ្នកនៅជុំវិញខ្លួនមានអារម្មណ៍សប្បាយនឹងវានោះទេ តែផោមជាសភាវៈយ៉ាងសំខាន់មួយបង្ហាញពីអាការៈសុខភាពរបស់មនុស្សទាក់ទងនឹងពោះវៀន ។ ពោះវៀនល្អធ្វើឱ្យការបញ្ចេញខ្យល់ស្រួលធូរពោះ ហាក់ដូចជារំសាយអារម្មណ៍ តែបើពោះវៀនមានបញ្ហាដូចជាដុះសាច់ជាដើម នឹងត្រូវស្ទះខ្យល់មិនអាចបញ្ចេញផោមបាន ធ្វើឱ្យពោះតឹងណែនចុកឆ្អល់ ហើយបើស្ទះលាមកទៀតនោះ ជាបញ្ហាកាន់តែធ្ងន់ ។ ដូច្នេះលោកអ្នកមិនគួរទប់ឬខ្ជឹបផោមទុកនោះទេ ទោះជាស្ថិតក្នុងទីណាក៏ដោយ ត្រូវតែបញ្ចេញវាមកតាមដំណើរធម្មជាតិ ។
ជួបជាមួយលោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ប្រធានផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន និងជំងឺឫសដូងបាតនៃមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ផោមជាទូទៅគ្រាន់តែជាអាការៈធម្មតារបស់មនុស្សយើងតែប៉ុណ្ណោះ ៩៩%កម្រនឹងមានជំងឺណាដែលបណ្តាលឱ្យមានផោមច្រើននោះទេ តែបើអត់មានផោមវិញនោះបង្ហាញថា លោកអ្នកមានបញ្ហាហើយ ។ ផោមច្រើនឬផោមតិច ហើយធុំក្លិនឬមិនធុំក្លិនទាក់ទងទៅនឹងប្រភេទចំណីអាហារ ដែលអ្នកទទួលទាន កាលបើលោកអ្នកទទួលទានខ្ទឹមសច្រើននោះវានឹងផលិតជាតិហ្គាស់ធ្វើឱ្យមានខ្យល់ច្រើននៅក្នុងពោះវៀន ហើយខ្យល់ទាំងនេះត្រូវបានបញ្ចេញមកតាមវច្ចមគ្គទ្វារធំមកក្រៅជាបន្តបន្ទាប់ ។ ប៉ុន្តែកាលបើមិនបញ្ចេញខ្យល់សោះ យើងកំណត់ដឹងអាការៈនេះតាមរយៈរោគសញ្ញាបង្ហាញថា តើលោកអ្នកប្រឈមនឹងបញ្ហាអ្វីខ្លះ ? ។ មានបុគ្គលខ្លះមិនត្រឹមតែអត់មានបញ្ចេញផោមនោះទេ ថែមទាំងមិនបន្ទោបង់ (បត់ជើងធំ) ទៀតផង ដែលករណីនេះអាចជាជំងឺដុះសាច់ក្នុងពោះវៀន ជាហេតុបណ្តាលឱ្យស្ទះពោះវៀន ។ ដូច្នេះបើសិនជាលោកអ្នកមិនមានផោមឬមានអាការៈចម្លែកអ្វីមួយនៅក្នុងខ្លួន ជាពិសេសមិនមានបន្ទោបង់លាមកថែមទៀតនោះ គួរតែប្រញាប់មកជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និងរករោគសញ្ញាឱ្យបានច្បាស់លាស់ ព្រោះការអត់ផោម ឬអត់បន្ទោបង់មិនប្រាកដថា អាចបណ្តាលមកពីជំងឺដុះសាច់ក្នុងពោះវៀនតែមួយមុខនោះទេ គឺមានជំងឺជាច្រើនប្រភេទទៀត ៕
ចែករំលែកព័តមាននេះ