រាជធានីភ្នំពេញ ៖ ស្ថិតក្នុងរដូវកាលប្រទេសកម្ពុជាជួបបញ្ហានិងជំងឺកូវីដ ១៩ នេះ ទំហំនៃ អតិថិជនដែលត្រូវការឥណទាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុបើតាមអ្នកជំនាញមើលឃើញថា បានកើនឡើងដល់ ២,៨លាននាក់ ប៉ុន្តែទំហំសាច់ប្រាក់នៃការផ្តល់ឥណទានហាក់មិន សូវមានការប្រែប្រួលនោះទេបើប្រៀបធៀបកាលពីមុន ។
បើតាមអ្នកជំនាញនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានឱ្យដឹងថា គិតមកដល់ចុង ខែមេសា ឆ្នាំ ២០២០នេះប្រជាពលរដ្ឋខ្មែរដែលត្រូវការប្រាក់កម្ចីពីវិស័យមីក្រូហិរញ្ញវត្ថុបាន កើនឡើងដល់ ២,៨លាននាក់ ប៉ុន្តែទំហំសាច់ប្រាក់ ឬការផ្តល់ប្រាក់កម្ចីពីវិស័យមួយនេះ ទៅដល់ប្រជាពលរដ្ឋខ្មែរនូវមានទំហំជាង ៧ប៊ីលានដុល្លារអាមេរិក ហើយទំហំនេះប្រៀប ធៀបទៅនឹងពេលមុនៗ គឺមានលក្ខណៈប្រហាក់ប្រហែលគ្នា ។
យោងតាមរបាយការណ៍របស់សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹម ដំណាច់ឆ្នាំ ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឥណទានជាង ៧ប៊ីលាន ដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋខ្មែរប្រមាណជាង ២,២លាននាក់ ហើយការផ្តល់ឥណទាន មានទំហំខុសគ្នា ។ សម្រាប់ឥណទានគ្រួសារមាន ៣៥%, ឥណទានកសិកម្ម ២០%, ឥណ ទានពាណិជ្ជកម្ម ១៨%, ឥណទានសេវាកម្ម ១៤%, ដឹកជញ្ជូន ៦%, សំណង់ ៣%, និង វិស័យផ្សេងៗមាន ៤% ។
លោក ផល វ៉ានឌី នាយកប្រតិបត្តិនៃសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យ ដឹងថា «ការផ្តល់ឥណទានខ្នាតតូច និងមធ្យមដែលផ្តល់ដោយសមាជិកនៃសមាគមពិតជា បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅក្នុងតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា ។ យើងសង្កេតឃើញឥណទានទាំងអស់នោះមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ដល់ការធ្វើការកិច្ចការបន្ថែម ក្រៅពីការងារប្រចាំថ្ងៃរបស់ពួកគាត់» ។
លោកសង្កត់ធ្ងន់ថា « ការទទួលបានឥណទាំងអស់នេះពិតជាមានសារសំខាន់ ណាស់សម្រាប់ពលរដ្ឋ ព្រោះពួក គាត់អាចចាប់ផ្តើមនូវអាជីវកម្ម និងមុខរបរបន្ថែមទៀត ក្រៅពីធ្វើកសិកម្មជាប្រចាំនៅតាម សហគមន៍ ហើយមុខរបរទាំងនោះដើរតួនាទីសំខាន់ ទប់ស្កាត់ការងារចំណាកស្រុកដោយ មិនមានភាពចាំបាច់» ។
តាមលោកនាយកប្រតិបត្តិសមាគមលើកឡើងថាក្នុងរយៈពេលខ្លីកន្លងមកនេះ ប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ ១៩ នេះគឺអ្វីៗមានការប្រែប្រួល និងមានផលប៉ះ ពាល់យ៉ាងច្រើន ហើយប្រជាពលរដ្ឋក៏ជួបនូវការលំបាកហើយស្ថានភាពមានការផ្លាស់ប្តូរ ច្រើន ។ ដូច្នេះទាំងគ្រឹះស្ថាន និងអតិថិជន គឺមានការលើកទឹកចិត្តឱ្យធ្វើការរួមគ្នាក្នុងភាព ជាដៃគូ ដើម្បីស្វែងរកឱកាស និងភាពច្នៃប្រឌិតបន្ថែមទៀតដើម្បីយើងអាចបន្តអាជីវកម្ម ឡើងវិញនាពេលខាងមុខឆាប់ៗនេះ ហើយបន្តឱ្យប្រាក់ចំណូលកន្លងមកជួបបញ្ហានេះអាច ដំណើរការធម្មតាឡើងវិញ ។
លោក ផល វ៉ាន់ឌី ឱ្យដឹងទៀតថា « សមាជិកសមាគមទាំង ១០៣ ដែលបានធ្វើកិច្ច ការងារសកម្មក្នុងការរៀបចំឥណទានឡើងវិញ ហើយជួយដល់អតិថិជនជជែកអំពីឱកាស ដើម្បីចាប់ផ្តើម ឬស្តារនូវមុខរបរដែលរងផលប៉ះពាល់ពីមេរោគកូវីដ ១៩ នេះ គឺជាកិច្ចការដ៏ មានសារសំខាន់ដែលយើងត្រូវធ្វើការរួមគ្នា ដើម្បីឱ្យមានការផ្តល់កម្ចីនេះយកទៅប្រើប្រាស់ ឬធ្វើការអភិវឌ្ឍបន្ថែមទៅលើមុខរបរដែលរងផលប៉ះពាល់ពីកូវីដ ១៩» ៕
ចែករំលែកព័តមាននេះ