ខេត្តព្រះវិហារ ៖ ម្ចាស់រថយន្តដឹកមាន់ម្នាក់បានអះអាងថា លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងអាវុធហត្ថស្រុកជាំក្សាន្ត បានរំលោភដែនសមត្ថកិច្ចរបស់ខ្លួន ចូលទៅចាប់រថយន្តដឹកមាន់របស់អាជីវករនៅខេត្តឧត្តរមានជ័យ ទាំងដែលរថយន្តដឹកមាន់មានបង្កាន់ដៃបញ្ជាក់ពីការដឹកចែកចាយមាន់ពីក្រុមហ៊ុនដែលមានវិសាលភាពក្នុងខេត្តឧត្តរមានជ័យ ។
ផ្ទុយទៅវិញ បែរមន្ត្រីអាវុធហត្ថរូបនេះ បានឆក់យកសោរថយន្ត ទាំងដែលមិនបានធ្វើកំណត់ហេតុឃាត់ត្រឹមត្រូវ នៅទីតាំងកើតហេតុ រួចក៏បើករថយន្តដឹកមាន់នេះមកទុកចោលនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តព្រះវិហារ រួចក៏ជិះរថយន្តចេញទៅបាត់ ដោយមិនបានធ្វើកំណត់ហេតុប្រគល់-ទទួល ជាមួយមន្ត្រីជំនាញពេទ្យសត្វឡើយ បើទោះបីជាមន្ត្រីពេទ្យសត្វបានទូរស័ព្ទហៅលោកអោយមកធ្វើកំណត់ហេតុប្រគល់-ទទួល វត្ថុតាងក៏ដោយ ដោយលោកនិយាយថា មិនបានមកធ្វើកំណត់ហេតុទេ កាលពីព្រលប់ថ្ងៃទី១ ឧសភា កន្លងមក ។
ទាក់ទិនករណីខាងលើ តាមការបញ្ជាក់ពីលោក វេង ហុងលីម នាយការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តព្រះវិហារ បានអោយដឹងថា តាមការពិនិត្យទៅលើរថយន្តដឹកមាន់នេះ គឺម្ចាស់រថយន្ត មានលិខិតបញ្ជាក់ពីក្រុមហ៊ុនត្រឹមត្រូវ ហើយម្យ៉ាងវិញទៀត មិនដឹងថារថយន្តនេះ កងកម្លាំងអាវុធហត្ថជាំក្សាន្ត ចាប់នៅទីតាំងណាច្បាស់លាស់នោះទេ ព្រោះមន្ត្រីអាវុធហត្ថដែលនាំរថយន្តមកមមន្ទីរ ពុំមានការសហការជាមួយមន្ត្រីជំនាញឡើយ ។ បន្ទាប់ពីមានការពិនិត្យរួច ជំនាញពេទ្យសត្វបានធ្វើកំណត់ហេតុប្រគល់ មាន់និងរថយន្តដឹកមាន់នោះទៅម្ចាស់អោយត្រឡប់ទៅមូលដ្ឋានវិញទាំងយប់តែម្តង ។
ជុំវិញករណីនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ជុន បូរ៉ា បានទេ ដោយទូរស័ព្ទទៅលេខ០៩៧៥៥៥០៥០៥ របស់លោកជុន បូរ៉ា តែមានអ្នកលើកថា មិនមែនជាលោកជុន បូរ៉ា ទេ ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ជុំវិញហេតុការឃាត់រថយន្តនេះ លោកបានទទួលព័ត៌មានពីមន្ត្រីរបស់លោក តែទាក់ទងនឹងការរំលោភដែនសមត្ថកិច្ចលោកមិនបានបញ្ជាក់ទេ តែលោកថា មានការស្នើសុំកម្លាំងរបស់លោកពីអ្នករកសុីម្នាក់ឈ្មោះ គីម នៅស្រុកជាំក្សាន្ត ទៅជួយឃាត់រថយន្តនេះថាមិនមានច្បាប់ តែប្រសិនបើជំនាញពិនិត្យថាត្រឹមត្រូវ ក៏តាមជំនាញចុះ ។
លោក កង សៅគុណ បន្តទៀតថា ក្រោយពីកើតរឿងនេះរួចមក មន្ត្រីរបសលោកក៏បានសារភាពកំហុសដែរ តែទោះជាបែបនេះក្តី លោកបានបញ្ជាអោយមន្ត្រីរបស់លោក ហៅអ្នកដែលប្តឹងអោយឃាត់ឡានមាន់នោះ ចេញមុខមកសងការខូចខាតពេលវេលា នឹងមាន់ងាប់ទាំងនោះ ដល់ម្ចាស់ឡានដឹងមាន់នោះវិញ ។
ទោះជាបែបនេះក្តីម្ចាស់ឡានដឹកមាន់ ឈ្មោះ ធឿន សេងហ៊ន់ មិនសុខចិត្តទៅនឹងទង្វើរបស់លោក ជុន បូរ៉ា មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្តនោះទេ ដោយសារតែលោកបានធ្វើអោយខាតបង់ពេលវេលារបស់គាត់ នឹងបានធ្វើអោយមាន់របស់គាត់ងាប់អស់ជាង២០០ក្បាល អស់ទឹកប្រាក់ជាច្រើនលានរៀល ដូច្នេះលោកស្នើរដល់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជួយរកយុត្តិធម៌អោយគាត់ផង ព្រោះរហូតមកទល់ពេលនេះ ពុំទាន់មាននរណាម្នាក់ ចេញមុខមកទទួលខុសត្រូវ ចំពោះការខាតបង់នេះនៅឡើយ បើពុំនោះទេលោកនឹងដាក់ពាក្យបណ្តឹងទៅតុលាការតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ