ខេត្តសៀមរាប ៖ រថយន្តយីឌុបម៉ាកHyundai ភ្លៅ៥ ដឹកអេតចាយពេញ ត្រូវភ្លើងឆេះសន្ធោសន្ធៅ ដោយមានការសង្ស័យកម្មករជិះពីលើជក់បារី ហើយបោះកន្ទុយបារីចោលមិនផុត ក៏ធ្លាក់ទៅលើក្រដាស
អេតចាយ លុះរថយន្តមកដល់ចំណុចកើតហេតុ ស្រាប់តែឆេះផ្នែកកន្ទុយហុយទ្រលោម ធ្វើឱ្យក្រុមកម្មករ ហក់ចុះពីលើរថយន្តព្រាត សំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយ ។
ភ្លើងឆេះរថយន្តដឹកអេតចាយនេះបង្កការភ្ញាក់ផ្អើលពេញផ្លូវ រហូតមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែងមកជួយអន្តរាគមន៍ភ្លាមៗ ។ ហេតុការណ៍ឆេះរថយន្តដឹកអេតចាយនេះបានកើតឡើងនៅវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី២៧ មេសា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានឱ្យដឹងថា មានករណីភ្លើងឆេះសម្បកកេសនៅលើរថយន្តយីឌុបដឹកអេតចាយមួយគ្រឿងម៉ាក Hyundai ភ្លៅ៥ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ ៣A -១៩៦៦ បើកបរដោយឈ្មោះ លាន សុខអ៊ូ ភេទប្រុស អាយុ២៤ឆ្នាំ ដែលមានមានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ចំណែកម្ចាស់កម្មសិទ្ធិរថយន្តឈ្មោះ ប៉ុល គឹមអេង ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
រថយន្តនេះ បានធ្វើដំណើរពីលិចទៅកើត ។ នៅពេលកំពុងបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញមានភ្លើងឆេះចំគំនរ ជាក្រដាសអេតចាយនៅទ្រុងខាងក្រោយ ផ្សែងហុយទ្រលោមបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋក្នុងភូមិថ្នល់តាសិត ចេញមកជួយពន្លត់ ព្រមទាំងបានទូរស័ព្ទសុំការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាន នគរបាលស្រុកជីក្រែង ចុះទៅជួយអន្តរាគមន៍បានទាន់ពេលវេលា ។ ហេតុការណ៍នេះបង្កការកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ ។
ប្រភពបានបន្តទៀតថា ក្នុងសកម្មភាពចុះជួយអន្តរាគមន៍នោះ បានប្រើប្រាស់ទឹកអស់៤ស៊ីទែន ដែលអន្តរាគមន៍នេះ គឺធ្វើការបូមទឹកបាញ់ពន្លត់នៅនឹងកន្លែង ។ ប្រភពបានបញ្ជាក់ថា ករណីនេះបានបណ្តាលឱ្យមានការខូចខាតទំនិញអេតចាយមួយចំនួនធំ រួមមានដបទឹកបរិសុទ្ធសម្បកកំប៉ុង និងកេសក្រដាសសុទ្ធតែគ្រឿងឆេះ ។
មូលហេតុបង្កជាភ្លើងឆេះនេះ សង្ស័យកម្មករជក់បារីបោះចោលកន្ទុយបារីធ្លាក់លើគំនរកេសក្រដាសទើបបណ្តាលឱ្យឆេះតែម្តង ។ បច្ចុប្បន្ន រថយន្តយីឌុបដឹកអេតចាយត្រូវបានកម្លាំងជំនាញអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីដោះស្រាយបញ្ហា ។
ចែករំលែកព័តមាននេះ