ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅភូមិពូត្រុំ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីមានដំរីព្រៃមួយហ្វូង បានសម្រុកចូលជិតភូមិ ដើម្បីរកញី បង្កឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ព្រោះតែហ្វូងដំរីព្រៃនោះព្យាយាមរត់តាមដំរីស្រុកញី ដែលហ្មយកទៅចងនៅមាត់អូរក្បែរភូមិ។
![Picture]()
លោក ព្រំ វិបុលរតនៈ នាយកដែនជម្រកការពារសត្វព្រៃកែវសីមា បានឲ្យដឹងថា ហ្វូងដំរីព្រៃដែលចូលមករកដំរីញីនេះ មានចំនួន៧ក្បាល តាំងពីរសៀលថ្ងៃទី២២ មេសា រហូតមកដល់ថ្ងៃទី២៣ មេសា តែដំរីចំនួន៦ក្បាលបានចូលទៅក្នុងព្រៃវិញ ខណៈនៅដំរីស្តរមួយក្បាលមិនព្រមចាកចេញពីទីតាំងដែលអ្នកភូមិយកដំរីញីចំនួន៤ក្បាលទៅចងតាមទម្លាប់នោះទេ។លោកនាយកដែនបានដាក់ការសន្និដ្ឋានថា មូលហេតុដែលដំរីស្តរមួយក្បាលនេះ មិនព្រមចូលទៅព្រៃជាមួយហ្វូងរបស់វា អាចមកពីវាចង់ញី ទើបវានៅក្រវែលៗដំរីញីរបស់អ្នកស្រុក ដែលចងជើងជាប់នៅជិតអូរ។
![Picture]()
ដោយសារតែខ្លាចដំរីព្រៃវាយសម្លាប់ដំរីញី នៅព្រឹកថ្ងៃទី២៤ ក្រុមហ្មដំរីចំនួន៥នាក់ ដែលជាម្ចាស់ដំរីញីទាំងបួនក្បាល បានព្យាយាមចូលទៅរំដោះដំរីញីពីដំរីព្រៃ ប៉ុន្តែការខិតខំរបស់ពួកគេត្រូវបរាជ័យ ព្រោះខណៈនោះគេអាចស្រាយចំណងចងជើងដំរីញីបានមួយក្បាលប៉ុណ្ណោះ ក៏ត្រូវដំរីព្រៃដេញរត់ឡើងដើមឈើប៊ិះនឹងមិនទាន់ ។ ហើយក្រុមហ្មដំរី ជនជាតិព្នង ដ៏ស្ទាត់ជំនាញរាប់ឆ្នាំមកហើយនោះ ត្រូវជាប់គាំងលើដើមឈើអស់ជាច្រើនម៉ោង អស់បាយក្រហាយទឹកតាំងពីព្រឹករហូតថ្ងៃត្រង់ ទើបអាចចុះពីលើដើមឈើ ដើម្បីរត់ចូលមកភូមិវិញបាន។
![Picture]()
បើតាមការរៀបរាប់របស់ហ្មដំរីដែលចូលទៅរំដោះដំរីរបស់ខ្លួនបានឲ្យដឹងថា ដំរីស្តរដែលព្យាយាមទាក់ទងដំរីញីទាំងបីក្បាលដែលនៅជាប់ចំណងជើងនោះ មានចរិកកាចខ្លាំង មាឌធំខ្ពស់ មានចែម្ខាង បើកត្រជាក់ធំៗ និងលើកប្រមោយជាប់ជានិច្ច ដែលវាត្រៀមវាយប្រហារមនុស្សណាហ៊ានចូលទៅជិត។ ក្រុមហ្មបន្តថា នៅពេលពួកគាត់ចូលទៅដល់កន្លែងចងដំរីញី គាត់រូតរះស្រាយចំណងជើងដំរីញីបានតែមួយក្បាល ស្រាប់តែដំរីស្តរក្រឡេកឃើញក៏ដេញវាយពួកគាត់រត់ឡើងដើមឈើតែម្តង ដើម្បីចៀសផុតពីគ្រោះថ្នាក់។
![Picture]()
ទោះជាយ៉ាងណា គិតត្រឹមម៉ោង១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ នេះ ក្រុមមន្ត្រីជំនាញនៅមិនទាន់អាចសង្គ្រោះដំរីញីទាំងបីក្បាលពីដំរីព្រៃស្តរដ៏កាចនោះបានទេ ។ បើតាមក្រុមមន្ត្រីនិយាយថា ករណីនេះ គេនឹងរង់ចាំបន្តិចទៀតសិន ដើម្បីឲ្យដំរីស្តរត្រជាក់ចិត្តវាចូលទៅព្រៃវិញ។ តែបើស្ថានភាពនៅតែបន្តអូសបន្លាយ មន្ត្រីជំនាញអាចនឹងប្រើប្រាស់កាំភ្លើងសណ្តំបាញ់ឲ្យវាសន្លប់ ដើម្បីរំដោះយកដំរីញីចេញពីកន្លែងកើតហេតុតែម្តង។
![Picture]()
គួររំលឹកថា ដំរីព្រៃនៅដែនជម្រកការពារសត្វព្រៃកែវសីមា បច្ចុប្បន្នមានចំនួនប្រមាណជាង១៥០ក្បាល ប្រភេទពួជដំរីអាស៊ី។ហើយដំរីព្រៃទាំងនេះ តែងចេញពីព្រៃចូលភូមិឋានអ្នកស្រុក ពេលខ្លះចូលទៅស៊ីផលដំណាំក្នុងចំការអ្នកភូមិក៏មាន។ ក្រៅពីដំរីព្រៃខេត្តមណ្ឌលគិរី ក៏មានដំរីទេសចរណ៍នៅតាមសហគមន៍របស់បងប្អូនជនជាតិដើមភាគតិចជិត២០ក្បាលទៀតផង៕ (កែសម្រួលដោយ ៖ បុប្ផា)
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ