ខេត្តកោះកុង ៖ ផុតពីរដូវកាលមួយចូលដល់រដូវកាលថ្មីមួយទៀត បន្ទាប់ពីប្រជាកសិករខ្មែរបានប្រមូលទិន្នផលស្រូវ និងបន្លែបង្ការផ្សេងៗរួចមក ទិន្នផលនៃផ្លែទុរេនក៏ដូចជាដំណាំហូបផ្លែជាច្រើនមុខទៀត ក៏បានចូលមកដល់ ដើម្បីបន្តជីវភាពនៃការរស់នៅរបស់ប្រជាកសិករទូទៅក្នុងប្រទេសកម្ពុជា យើងទាំងមូល។
នៅក្នុងឱកាសពេលនេះ យើងសូមនាំអារម្មណ៍បងប្អូនរួមជាតិងាកមកចាប់អារម្មណ៍ជាមួយនឹងដំណាំទុរេនដែលប្រជាកសិករភាគច្រើននៅក្នុងទឹកដីខេត្តកោះកុង បានចាប់យកអាជីពប្រកបមុខរបរកសិកម្មផ្នែកដាំដំណាំហូបផ្លែនេះមកធ្វើអត្ថាធិប្បាយជូន ដើម្បីឲ្យបានដឹងពីលទ្ធផល និងទិន្នផលល្អរបស់ដំណាំទុរេននេះ។
យោងទៅតាមការរៀបរាប់របស់ប្រជាកសិករដាំដំណាំទុរេននេះ គឺលោក សាយ សាវឿន អាយុ43ឆ្នាំ មានប្រពន្ធ និងកូន3នាក់ក្នុងបន្ទុក បច្ចុប្បន្នរស់នៅក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវស្រុកស្រែអំបិល បានប្រាប់ឱ្យដឹងថា ដំណាំទុរេន គឺជាដំណាំហូបផ្លែមួយប្រភេទដែលមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ជាដំណាំដែលពិបាកនៅក្នុងការបង្កបង្កើនផលនោះដែរ។ ក៏ប៉ុន្តែបើទោះបីជាដំណាំធូរេននេះមានផលពិបាកនៅក្នុងការដាំដុះយ៉ាងណាក៏ដោយ ក៏ប្រជាកសិករខ្មែរក្នុងទឹកដីខេត្តកោះ កុងប្រមាណពី 40 ទៅ 50 ភាគរយនៅតែពេញនិយមក្នុងការដាំដដែល គឺដោយសារតែដំណាំនេះ មានតម្លៃថ្លៃជាងដំណាំហូបផ្លែផ្សេងៗទៀត។
លោកសាយ សាវឿន បញ្ជាក់បន្តទៀតថា លោកមានដីចំនួនកន្លះហិតា ហើយលោកក៏ចាប់ផ្ដើមប្រកបមុខរបរដាំដំណាំតុរេននេះតែម្ដង ក្នុងទំហំដីរបស់លោកកន្លះហិកតា គឺដាំដំណាំធូរេននេះចំនួន20ដើម ហើយដាំឃ្លាតពីគ្នាចន្លោះ10ម៉ែត្រពីមួយដើមទៅមួយដើមទៀត។ រីឯតម្លៃកូនទុរេន គឺទិញពីថ្នាលបណ្ដុះមកក្នុងមួយដើមតម្លៃ 25000 រៀល ហើយក្នុងដីកន្លះហិតា ត្រូវចំណាយថវិកាថ្លៃទិញដើមទុរេនអស់50ម៉ឺនរៀល ចំណែករយៈពេលនៃការដាំទៀត គឺមានរយៈពេល6ទៅ7ឆ្នាំ ទើបទទួលបានទិន្នផលមកវិញ ។
លោកបញ្ជាក់ថា ម្យ៉ាងវិញទៀតក្នុងការដាំដំណាំទុរេន គឺមានផលពិបាកនៅក្នុងការថែទាំខ្លាំងណាស់ដូចជា ថែទាំទឹក ដាក់ជីជាប្រចាំ គឺនៅក្នុងមួយសប្តាហ៍ត្រូវបូមទឹកដាក់ពីរដង ដើម្បីកុំឲ្យស្ងួតដី។ ហើយម្យ៉ាងវិញទៀត នៅពេលដែលទុរេនមានអាយុកាលចាប់ពី9ទៅ 10ឆ្នាំនោះ ទុរេនគឺចាប់ផ្ដើមមានរោគដោយដើមចេញទឹក ឬរលួយឫសគល់ដែលមិនអាចមានថ្នាំជួយបានឡើយ។
លោក សាយ សាវឿន បានបញ្ជាក់ជាចុងក្រោយផងដែរថា សម្រាប់តម្លៃផ្លែទុរេនក្នុងឆ្នាំ 2020នេះថា គឺមានតម្លៃកើនឡើងជាងឆ្នាំ2019 កន្លងមក ដោយក្នុងឆ្នាំនេះទុរេនមួយគីឡូក្រាមលក់ចេញជូនភ្ញៀវជាតិ និងអន្តរជាតិបានតម្លៃ 35.000 រៀលក្នុងមួយគីឡូក្រាម ហើយក្នុងមួយរដូវទុរេនមួយដើមលោកអាចទទួលប្រាក់កម្រៃបានពី 500 ទៅ700ដុល្លារក្នុងមួយដើម។
ដូច្នេះកម្រិតជីវភាពក្នុងគ្រួសាររបស់លោកអាចទទួលបានការរស់នៅដោយមានសភាពធូរធាដោយមិនមានការខ្វះខាតទៅលើបញ្ហាជីវភាពគ្រួសារនោះឡើយ។ ដោយ ៖ សំបូរ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ