នីហ្សេរីយ៉ា ៖ ស្ត្រីជនជាតិនីហ្សេរីយ៉ា បានផ្តល់កំណើតដល់កូនភ្លោះប្រុសម្នាក់និងក្មេងស្រីម្នាក់ ទាំងគាត់មានវ័យចំណាស់អាយុដល់ទៅ៦៨ឆ្នាំ។
លោកយាយ Margaret Adenuga បានឆ្លងកាត់ការបង្កកំណើតសិប្បនិមិត្ម (IVF) ៣ដងមិនបានសម្រេចនាពេលកន្លងមក។ ទើបតែម្តងនេះទេ ទើបគាត់បានសម្រេច រហូតដល់មានកូនភ្លោះ។ ប្តីរបស់គាត់ គឺលោកតា Noah Adenuga អាយុ៧៧ឆ្នាំ បានប្រាប់ CNN ថា ពួកគាត់ដែលបានរៀបការតាំងពីឆ្នាំ១៩៧៤ មានបំណងចង់បានកូនជាយូរមកហើយ។
ទារកទាំងនោះ ត្រូវបានកើតចេញមកតាមការវះកាត់នៅពេលគភ៌មានអាយុ៣៧សប្តាហ៍ កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅមន្ទីរពេទ្យសាកលវិទ្យាល័យឡាហ្គូស (LUTH) ប៉ុន្តែមន្ទីរពេទ្យទើបតែបានផ្សព្វផ្សាយជាសាធារណៈនៅពេលនេះ។
វេជ្ជបណ្ឌិត Adeyemi Okunowo ដែលសម្រាលកូនជូនលោកយាយ បានប្រាប់ CNN ថា៖ «ក្រុមជំនាញត្រូវបានប្រមូលផ្តុំគ្នានៅមន្ទីរពេទ្យ ដើម្បីតាមដានការមានផ្ទៃពោះដោយសារអាយុរបស់លោកយាយ។ ក្នុងនាមជាស្ត្រីវ័យចំណាស់និងជាម្តាយដំបូង វាគឺជាការមានផ្ទៃពោះដែលមានហានិភ័យខ្ពស់ ហើយដោយសារតែនាងនឹងមានកូនភ្លោះ។ ប៉ុន្តែយើងអាចគ្រប់គ្រងការមានផ្ទៃពោះរបស់គាត់បានយ៉ាងជោគជ័យ»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនស្ត្រីជនជាតិឥណ្ឌាអាយុ ៧៣ឆ្នាំម្នាក់ បានផ្តល់កំណើតដល់ទារកភ្លោះដោយសុវត្ថិភាព បន្ទាប់ពីនាងមានផ្ទៃពោះតាមរយៈបច្ចេកវិទ្យា IVF ហើយត្រូវបានគេរាយការណ៍ថា ជាមនុស្សចំណាស់ជាងគេក្នុងការសម្រាលកូន៕ (យោងតាមប្រភពពី edition.cnn.com)
ចែករំលែកព័តមាននេះ